rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្គមស៊ីវិល សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សង្គម​ស៊ីវិល៖ ប្រកាស​អន្ដរ​ក្រសួង​ដើម្បី​គ្រប់​គ្រង​គេហទំព័រ​និង​បណ្តាញ​សង្គម ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស

media
គេហទំព័រ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម @សហការី

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស បាន​សម្ដែង​ការ​បារម្ភ​អំពី​​ប្រកាស​អន្ដរក្រសួង​​ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ​តាម​គេហទំព័រ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​សេចក្តី​ប្រកាស ដែល​មាន​គោល​ដៅ​រាំង​ខ្ទប់​(Block) នូវ​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល ប្រកាស​អន្ដរក្រសួង​នេះ ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស ពិសេស​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។


លោក អំ សំអាត មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា នេះ​ថា សេចក្តី​ប្រកាស​រួម​របស់​អន្តរក្រសួង​នា​ពេល​នេះ ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។

ការ​លើក​ឡើង​របស់​លោក អំ សំអាត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​​ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តី​ប្រកាស​រួម​មួយ​ក្នុង​គោល​ដៅ​ប្រឆាំង ទប់​ស្កាត់ រាល់​ការ​ផ្សព្វ​ផ្សាយ ឬ​ការ​ចែក​ចាយ​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ និង​ទម្រង់​ផ្សេងៗ​ទៀត ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ សណ្តាប់​ធ្នាប់​សាធារណៈ ការ​រើស​អើង និង​វប្បធម៌ ប្រពៃណី​ជាតិ។

សេចក្តី​ប្រកាស​របស់​អន្តរ​ក្រសួង​នេះ ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចាត់​វិធានការ​តឹង​រឹង​ចំពោះ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ទាំង​អស់ ដែល​ដំណើរ​ការ​គ្មាន​ច្បាប់ ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​មាន​កម្មវិធី​សូហ្វវ៉ែ និង​បំពាក់​ឧបករណ៍​គ្រប់​គ្រង​អ៊ីនធឺណិត ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ច្រោះ (Filter) ឬ​ធ្វើ​ការ​រាំង​ខ្ទប់​(Block) ចំពោះ​គេហទំព័រ គណនី ឬ​ទំព័រ របស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ល្មើស​ច្បាប់។

ការ​រឹត​ត្បិត​ជា​រឿង​មួយ ប៉ុន្តែ​សំខាន់​ជាង​នេះ លោក អំ សំអាត កត់​សម្គាល់​ឃើញ​ថា ប្រកាស​អន្ដរ​ក្រសួង​ពាក់​ព័ន្ធនឹង​ការ​គ្រប់​គ្រង​គេហទំព័រ​និង​បណ្ដាញ​សង្គម​នេះ មិន​បាន​កំណត់​និយមន័យ​ឲ្យ​បាន​ច្បាស់​លាស់​លើ​ពាក្យ​មួយ​ចំនួន។ នេះ​ជា​ចន្លោះ​ប្រហោង​ដែល​អាច​បើក​ដៃ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​លើ​ម្ចាស់​គេហទំព័រ​និង​បណ្ដាញ​សង្គម ខណៈ​សព្វ​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​បាន​ងាក​មក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​និង​គេហទំព័រ​កាន់​តែ​ច្រើន ​ដើម្បី​ទទួល​បាន​ព័ត៌មាន ពោល​គឺ​ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​មិន​ឲ្យ​ផ្សាយ​បន្ត​ពី​វិទ្យុ​អន្តរជាតិ និង​ការ​បិទ​ទ្វារ​របស់​កាសែត​ខេមបូឌា​ដេលី​កាល​ពី​ឆ្នាំ​មុន។

ចំណែក​លោក​ស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចាត់​ទុក​ប្រកាស​អន្ដរក្រសួង​នេះ ថា​ជា​ការ​បង្កើន​ការ​ត្រួត​ពិនិត្យ​និង​ដាក់​សម្ពាធ​មក​លើ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​។ សម្រាប់​លោក​ស្រី វា​គឺ​ជា​ការ​គំរាម​កំហែង​មក​លើ​លំហរ​នៃ​ការ​ជជែក​គ្នា រួម​ទាំង​ការ​ផ្លាស់​ប្តូរ​គំនិត​លើ​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា ជា​ជាង​ការ​គ្រប់​គ្រង។

ជា​ការ​ឆ្លើយ​តប លោក​ អ៊ុក គឹម​សេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មិន​ដែល​ត្រូវ​ចិត្ត​ទេ ហើយ​តែង​តែ​ប្រតិកម្ម​អវិជ្ជមាន​មក​លើ​ការងារ​របស់​រដ្ឋាភិបាល​។ លោក​ពន្យល់​ថា ប្រកាស​អន្ដរក្រសួង មិន​មាន​ចេតនា​ដាក់​សម្ពាធ ឬ​រឹត​ត្បិត​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ទេ​។ តែ​ជា​ការ​ធានា​ថា ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវ​បាន​ផលិត​ឡើង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​​មាន​ប្រភព​ច្បាស់​លាស់ ដើម្បី​កាត់​បន្ថយ​ការ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ដល់​សាធារណជន។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ បាន​ថ្លែង​ថា ការ​លើក​ឡើង​ថា​សេចក្តី​ប្រកាស​រួម​រប​ស់អន្តរ​ក្រសួង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​មិន​សម​ហេតុ​ផល​នោះ​ទេ។ លោក​បន្ថែម​ថា​ក្រសួង​មិន​បាន​បិទ​សិទ្ធិ ចំពោះ​អ្នក ដែល​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​នោះ​ឡើយ៕