អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សង្គម​ស៊ីវិល​៖ ​នីតិ​វិធី​តុលាការ​លើ​អតីត​អ្នក​កាសែត​អាស៊ី​សេរី ​ធ្វើ​ឲ្យ​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​

អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ជិត​៤០​ស្ថាប័ន នៅ​ថ្ងៃទី៤ខែតុលានេះ បាន​ចេញ​សេចក្ដី​ថ្លែង​រួម​មួយ​ដោយ​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ចំនួន​ពីរ​នាក់​។ បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល មួយ​ផ្នែក​នៃ​នីតិ​វិធី​ស៊ើប​អង្កេត​នេះ​បាន​ធ្វើ​ឲ្យ​សេរី​ភាពសារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​។ 

អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២រូប
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២រូប @REUTERS
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គ​ការ​សង្គម​ស៊ីវិល​ជិត​៤០​ស្ថាប័ន​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​តុលា ​បាន​បញ្ជា​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​អតីត​អ្នក​កាសែត​ទាំង​ពីរ​នាក់ គឺលោក អួន ឈិន និងលោក យាង សុធារិន្ទ ឡើងវិញ ​ក្រោយ​ពី​សំណុំរឿងពួកត្រូវបានជំនុំ​ជម្រះ​រួច​រាល់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា នីតិវិធី​នេះ ប៉ះពាល់ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិ​ធម៌ ព្រម​ទាំង​រំលេច​ឲ្យ​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​សេរី​ភាព​បញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។ សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ដែល​ពួក​គេ​អះអាង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា នៅ​មាន​កម្រិត​តិចតួច តាំងពីមាន​ការ​រឹត​ត្បិត​នៅ​មុនឆ្នាំ២០១៧មក​។ នេះ​បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត​៤០​ស្ថាប័ន​។ ក្រុម​អង្គ​ការ​ដដែល បាន​បន្ត​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា បង្កើត​បរិយាកាស​ល្អ​ប្រសើរ​មួយ​សម្រាប់​អ្នក​សារ​ព័ត៌មាន​។

បន្ថែម​ពី​លើ​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ឬ ហៅ​ថា Reporters Without Borders បាន​អំពាវ​នាវ​ឲ្យ​តុលាការ​បញ្ចប់​ជា​បន្ទាន់ ដំណើរ​ការ​គ្រប់​បែប​យ៉ាង ប្រឆាំង​នឹង​អ្នក​កាសែត​ទាំង ២នាក់​នេះ​។ តាម​អង្គ​ការ​នេះ ការ​មិន​ព្រម​បញ្ចប់​ចំណាត់​ការ​តុលា​ការ​លើ​អតីត​អ្នក​កាសែត​ទាំង ២នាក់​នេះ គឺ​ជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​រដ្ឋា​ភិបាល ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អាជីព​ជា​អ្នក​សារព័ត៌មាន​របស់​អ្នក​កាសែត​ទាំង​២​នាក់ និង​បង្ហាញ​ពី​ការ​បំភិត​បំភ័យ​ដល់​អ្នក​សារព័ត៌មាន​ទាំង​អស់​នៅ​កម្ពុជា​។

សូម​ជម្រាប​ជូន​ថា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាល​ក្រម «ចាត់​របៀប​» ឱ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​ចំណុច​មួយ​ចំនួន​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​របស់​អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីចំនួនពីរនាក់គឺលោក អួន ឈិន និងលោក យាង សុធារិន្ទ​។ សម្រាប់​​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ចំណាត់ការ​ចុង​ក្រោយ​របស់​តុលាការ​ បង្ហាញពីការខ្វះខាតភស្តុតាងរឹងមាំប្រឆាំងអ្នកទាំងពីរ តាមរយៈបទចោទផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់ការ​ការពារ​ជាតិ” និង​បទ “ផលិត​និង​កាន់​កាប់​រូប​ភាព​អាស​អាភាស”។ ម្យ៉ាង​ទៀត​ការ​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត គឺ​តឹក​តាង​បញ្ជាក់​ថា មិន​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដាក់​ទោស​ពួក​គេ ដូច​ខ្លឹម​សារ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​៣៨​នៃ​រដ្ឋ​ធម្មនុញ្ញ​។ នេះ​បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត​៤០​ស្ថាប័ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ