rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា តុលាការ ជម្លោះដីធ្លី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការិយាល័យ​ប្រជា​ពលរដ្ឋ​ត្រូវ​បង្កើត​ឡើង​នៅ​តាម​សាលា​រាជធានី​ និង​ខេត្ត

media
សាលា​រាជធានី​ភ្នំពេញ @សហការី

សាលា​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​ សម្រាប់​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការ​ផ្តល់​សេវា​សាធារណៈ ​និង​បង្កើន​ជំនឿ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ​ការិយាល័យ​នេះ​នឹង​ដើរ​តួ​ជា​ភ្នែក​ច្រមុះ​របស់​ប្រជា​ពលរដ្ឋ​ និង​ថ្នាក់​ដឹក​នាំ​អង្គភាព​រាជធានី-ខេត្ត​​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ តម្លាភាព​ នៃ​ប្រតិបត្តិការ​របស់​ការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​ដែល​បាន​បង្កើត​រួច​ហើយ​នៅ​ថ្នាក់​ស្រុក​ និង​ថ្នាក់​ខណ្ឌ​មួយ​ចំនួន​នោះ​។ ​


អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

លិខិត​ជូន​ដំណឹង ថ្ងៃ​ទី​២២​ខែ​មករា សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​រើស​បុគ្គលិក​ពីរ​រូប​បន្ថែម សម្រាប់​កាន់​តួនាទី​ជា​ប្រធាន និង​អនុ​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​នេះ។ ការិយាល័យ​ថ្មី​នេះ គឺ​ដើរ​តួ​នាទី​ជា​អ្នក​សម្រុះ​សម្រួល ដោះ​ស្រាយ​បណ្តឹង​ក្រៅ​ប្រព័ន្ធ​តុលាការ ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​គ្រប់​គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សំដៅ​ដល់​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ គណនេយ្យភាព និង​បង្កើន​ជំនឿ​ទុក​ចិ​ត្ត​​ដល់​ប្រជា​ពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​។

លោក​ស្រី ដោ សម្ផស្ស ប្រធាន​ការិយាល័យ​លេខាធិការ​ក្រុម​ប្រឹក្សា ​រាជធានី​ភ្នំពេញ បាន​ពន្យល់​ប្រាប់​វិទ្យុ​បារាំង​RFI​បន្ថែម​ថា ការិយាល័យ​ប្រជាពលរដ្ឋ​នេះ ក៏​ដើរ​តួ​ជា​ភ្នែក​ច្រមុះ​របស់​ប្រជាពលរដ្ឋ​ និង​ថ្នាក់​ដឹក​នាំ​អង្គភាព រាជធានី-ខេត្ត ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​តម្លាភាព នៃ​ដំណើរ​ការ​ការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​ដែល​បាន​បង្កើត​ឡើង​រួច​ហើយ ​នៅ​ថ្នាក់​ស្រុក និង​ថ្នាក់​ខណ្ឌមួយ​ចំនួន​នោះ​។

បើ​តាម​លោក​ស្រី ដោ សម្ផស្ស ការិយាល័យ​ថ្មី​នេះ ​នឹង​ត្រូវ​បង្កើត​នៅតាម​សាលា​ខេត្ត​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ។

ការ​ប្រកាស​បង្កើត​ក្រុម​ការងារ សម្រាប់​ដោះ​ស្រាយ​បណ្តឹង​ក្រៅ​ប្រព័ន្ធ​តុលាការ របស់​សាលា​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែប​រំឭក​ក្នុង​មហា​សន្និបាត កាល​ពី​ថ្ងៃ​អាទិត្យ​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​អនុវត្ត​តួ​នាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​សម្រេច​ទិស​ដៅ​ការងារ​ដែល​មហា​សន្និបាត​បាន​ដាក់​ចេញ។

លោក សន ជ័យ នាយកប្រតិបត្តិ ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុជា បានគាំទ្រចំពោះ​ការ​បង្កើត​ការិយាល័យប្រជាពលរដ្ឋនៅតាមសាលារាជធានី និងសាលាខេត្តនេះ។ ប៉ុន្តែលោក សន ជ័យ ចង់​ឃើញ​ការិយាល័យថ្មីនេះ ​ធ្វើ​ការ​មាន​ប្រសិទ្ធិភាព គឺដោះស្រាយឲ្យ​ចំ​បញ្ហារបស់​ប្រជាជន ដូចជា ទំនាស់​ដីធ្លីនៅបឹងកក់ និង​បុរីកីឡា ជាដើម។ លើសពីនេះទៀត មន្រ្តី​​សង្គមស៊ីវិលរូបនេះក៏ចង់​ឃើញ​ប្រធានការិយាល័យ​ប្រជាពលរដ្ឋនេះ​ត្រូវតែជា​បុគ្គលឯករាជ្យ ដែល​រាល់ការអន្តរាគមន៍​ទៅលើ​បញ្ហារបស់​ប្រជាពលរដ្ឋ ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយសារតែ​មាន​សម្ពាធ ឬលម្អៀងខាងផ្នែក​នយោបាយនោះឡើយ៕​