អានតួអត្ថបទ
កម្ពុជា-សង្គម

​សមាគម​ធាង​ត្នោត​៖ ​រយៈ​ពេល​បួន​ឆ្នាំ​ចុង​ក្រោយ ​កម្មករ​ស៊ីន​ទ្រី​ចំនួន ​១៤​នាក់​ស្លាប់​

ក្នុង​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយ​នេះ កម្មករ​ស៊ីនទ្រី​ចំនួន​១៤នាក់​បាន​ស្លាប់ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​អំឡុង​ពេល​បំពេញ​ការងារ​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​ ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មករា កន្លង​ទៅ​។ ចំណែក​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​អះអាង​ថា​ខ្លួន​គោរព​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌ​ការងារ ​ដើម្បី​សុវត្ថិភាព​កម្មករ​។ 

CINTRI
CINTRI @សមាគមធាងត្នោត
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយ​នេះ កម្មករ​ក្រុម​ហ៊ុនស៊ីន​ទ្រី​ចំនួន​១៤​នាក់​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​យានយន្ត​បុក​ស្លាប់​នៅ​ពេល​បំពេញ​ការងារ​។ ករណី​ស្លាប់​នេះ​មាន​ចំនួន​រហូត​ដល់​ទៅ​ពាក់​កណ្តាល​បាន​កើត​ឡើង​នៅ​ពេល​យប់​។ ក្រុម​ហ៊ុន​ស៊ីន​ទ្រី​មិន​មាន​ទិន្នន័យ​បញ្ជាក់​ថា តើ​អ្នក​បើកបរ ដែល​បាន​បង្ក​ហេតុ​គ្រោះ​ថ្នាក់​នោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​ស្ថានភាព​ធម្មតា​នោះ​ទេ​។ នេះ​បើ​តាម​របាយ​ការណ៍​ស្តី​ពី​អភិបាល​កិច្ច​ទី​ក្រុង ការ​គ្រប់គ្រង​កាក​សំណល់​នៅ​ភ្នំពេញ ចេញ​ផ្សាយ​ដោយ​អង្គការ​សមាគម​ធាង​ត្នោត​។

របាយ​ការណ៍​កម្រាស់​៤៣​ទំព័រ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​គ្រោះ​ថ្នាក់​ដែល​បង្ក​ឲ្យ​មាន​របួស​រហូត​ដល់​ទៅ​ចំនួន​៣៨០​ករណី ក្នុង​នោះ​រួម​មាន គ្រោះ​ថ្នាក់​ដោយ​សារ​តែ​រថយន្ត​មាន​ចំនួន​២៨៥ និង​ការ​រង​របួស​ចំនួន​៩០​ករណី​ដោយ​សារ​តែ​ការ​មុត ការ​រលាក និង​ការ​ធ្លាក់​។

អង្គការ​សមាគម​ធាងត្នោត​បាន​បញ្ជាក់​ថា តាម​ច្បាប់​ការងារ​មាត្រា​២២៩ និង​២៣០ កន្លែង​ធ្វើ​ការ​ទាំង​អស់​ត្រូវ​ធានា​លក្ខខណ្ឌ​ការងារ​សម្រាប់​សុខភាព​កម្មរ និង​ត្រូវ​តែ​បង្កើត​ការ​ធានា​សុវត្ថិភាព​ដល់​កម្មករ​។ ការ​ស្លាប់​មនុស្ស​១៤​នាក់ និង​មនុស្ស​ចំនួន​៣៨០​នាក់​រង​របួស​ក្នុង​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយ​នេះ បង្ហាញ​ថា​ក្រុម​ហ៊ុន​ស៊ីនទ្រី​មិន​បាន​រក្សានូវ​លក្ខខណ្ឌ​ការងារ​សម្រាប់​សុខភាព និង​សុវត្ថិភាព​នៃ​កម្មករ​របស់​ខ្លួន​។ នេះ​បើ​តាម​អង្គការ​សមាគម​ធាង​ត្នោត​។

អង្គការ​សមាគម​ធាងត្នោត​តាម​រយៈរបាយ​ការណ៍​របស់​ខ្លួន​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ពីក្រុម​អធិការកិច្ច​ការងារ អ្នក​ត្រួត​ពិនិត្យ​ការងារ និង​នាយកដ្ឋាន​អធិការ​កិច្ច​ការងារ ដើម្បី​កំណត់​ពី​ការ​បំពេញ​កាតព្វ​កិច្ច​ខាង​ផ្លូវ​ច្បាប់​ទៅ​កម្មករ​របស់​ក្រុម​ហ៊ុន​ស៊ីន​ទ្រី និង​ការ​ផ្តល់​ការពារ​សុវត្ថិភាព​ខ្ពស់​ដល់​កម្មករ​។

លោក ទួន ស៊ី​ផេង ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រីបាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា លោក​មិន​ទាន់​បាន​ឃើញ​របាយ​ការណ៍​របស់​អង្គការ​សមាគម​ធាង​ត្នោត​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​អះអាង​ថា​ក្រុម​ហ៊ុន​របស់​លោក​បាន​គោរព​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ស្តីពី​ការងារ​។ លោក​បន្ត​ថា ក្រុម​ហ៊ុន​តែង​តែ​ចែក​សម្ភារៈ​ប្រើប្រាស់​ ដូច​ជា អាវចំណាំង​ផ្លាត, ស្រោម​ដៃ, ម៉ាស, និង​ស្បែក​ជើង​ជា​ដើម ប៉ុន្តែ​កម្មករ​អះអាង​ថា​ពិបាក​ប្រើប្រាស់​សម្ភារៈ​ទាំង​នោះ​។

ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី រូប​នេះ បញ្ជាក់​ទៀត​ថា​ក៏​មាន​ករណី​គ្រោះ​ថ្នាក់​កើត​ឡើង​ចំពោះ​កម្មករ​ដែរ ជា​ពិសេស​ពេល​យប់ ពោល​គឺ​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចណ៍ ដែល​បង្ក​ឡើង​ដោយ​យានយន្ត​ផ្សេង​ទៀត​បើក​លឿន និង​ក្នុង​ស្ថានភាព​ស្រវឹង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ