អានតួអត្ថបទ
កម្ពុជា

៥​ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់​លោក​ឈុត វុទ្ធី

គិត​មក​ដល់​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ ២០១៧​នេះ មាន​រយៈ​ពេល ៥​ឆ្នាំ​គត់ ដែល​លោក​ឈុត វុទ្ធី​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ព្រៃ​នៃ​ខេត្ត​កោះកុង។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាប់​តាំង​ពី​ថ្ងៃ ដែល​លោក​ស្លាប់ រហូត​មក​ដល់​ពេល​នេះ តែង​តែ​ប្រារព្ធ​ខួប​នៃ​ការ​ស្លាប់​របស់​លោក និង​បាន​លើក​ឡើង​ថា លោក​ឈុត វុទ្ធី និង​ក្រុម​គ្រួសារ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ​ទេ។

​​លោក​​ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ។
​​លោក​​ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ។ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

​លោក​ឈុត វុទ្ធី កើត​នៅ​ឆ្នាំ​ ១៩៧២ លោក​រស់​នៅ​ក្នុង​ភូមិ​វិហារ​សួរគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ លោក​ឈុត វុទ្ធី​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​យោធា​មក​ពី​ប្រទេស​រុស្សី។ បន្ទាប់​ពី​លោក​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​ ១៩៩២ លោក ឈុត វុទ្ធី បាន​ចូល​បំរើ​ការ​នៅ​ក្រសួង​ការពារ​ជាតិ។

ប៉ុន្តែ​ដោយ​ការ​ស្រឡាញ់​បរិស្ថាន លោក​ឈុត វុទ្ធី បាន​ឈប់​ពី​ការងារ​ហើយ​ចូល​បំរើ​ការងារ​នៅ​ក្នុង​អង្គការ Global Witness នៅ​ឆ្នាំ ២០០៣។ ក្រោយ​មក​លោក​បាន​បង្កើត​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​រូប​លោក​ផ្ទាល់​គឺ​ជា​ប្រធាន។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី ២៦​ខែ​មេសា ឆ្នាំ ២០១២ នៅ​ភូមិ​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ក្នុង​ពេល​ដែល​លោក​បាន​ជូន​ផ្លូវ​ក្រុម​អ្នក​កាសែត ២​រូប​របស់​កាសែត The Cambodia Daily ចុះ​យក​ព័ត៌មាន​នៅ​ជិត​ដែន​ព្រៃ​ការពារ​ក្នុង​ខេត្ត​កោះកុង ជា​ទី​កន្លែង​ដែល​លោក​ធ្លាប់​ព្យាយាម​ជា​ច្រើន​ដង ដើម្បី​បើក​កកាយ​សំណុំ​រឿង​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ ដែល​មាន​ទាក់​ទង​នឹង​មន្ត្រី​យោធា។

លោក​សេង សុខហេង បច្ចុប្បន្ន​ជា​អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​ជា​មិត្ត​រួម​ការងារ​របស់​លោក ឈុត វុទ្ធី បាន​ប្រាប់​ថា លោក​ឈុត វុទ្ធី​ជា​មនុស្ស​សកម្ម ហ៊ាន​និយាយ​ត្រង់ៗ​ពី​ការ​បំផ្លាញ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ក្រៅ​ពី​នេះ​លោក​ឈុត វុទ្ធី​មាន​ស្នាដៃ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ជា​ច្រើន ដូច​ជា​ការ​បង្កើត និង​ចង​ក្រង​សហគមន៍ តាម​តំបន់​ព្រៃ ផ្តល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់ ផ្តល់​ចំណេះ​ដឹង​ដល់​សហគមន៍ ចំពោះ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​ជំនាញ​តស៊ូ​មតិ​ជា​ដើម។

លោក​សុខ ហេង បន្ថែម​ថា លោក​ឈុត វុទ្ធី គឺ​ជា​អ្នក​ចាប់​ភស្តុតាង​ពី​ជន​ខិល​ខូច​ផ្តល់​ឲ្យ​រដ្ឋាភិបាល និង​រាយការណ៍​ពី​សកម្មភាព​អ្នក​មាន​អំណាច​ទៅ​កាន់​សារព័ត៌មាន។ ដោយ​សារ​តែ​សកម្មភាព​ទាំង​នោះ​ហើយ ទើប​មាន​ការ​គំរាម​មក​លើ​លោក​ឈុត វុទ្ធី ​ជា​ច្រើន​លើក​ច្រើន​សារ រហូត​ដល់​ការ​បាញ់​សម្លាប់​រូប​លោក​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ ២០១២។

នៅ​ឆ្នាំ ២០១៤ លោក​ឈុត វុទ្ធី ក៏​ត្រូវ​បាន​លោក​អតីត​ប្រធានាធិបតី​អាមេរិក អូបាម៉ា បាន​ថ្លែង​កោត​សរសើរ​ចំពោះ​វីរភាព​របស់​លោក ឈុត វុទ្ធី ហើយ​បាន​ចាត់​ទុក​ការ​បាញ់​សម្លាប់​សកម្មជន​រូប​នេះ នៅ​កណ្តាល​ព្រៃ​នៃ ខេត្ត​កោះកុង កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន​ថា ជា​ការ​សម្លាប់​បំបិទ​មាត់។

ដើម្បី​រំឮក​នូវ​វីរភាព ក្រោយ​ការ​ស្លាប់​របស់​លោក​ឈុត វុទ្ធី ៥​ឆ្នាំ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ និង​បណ្ដាញ​យុវជន​កម្ពុជា​បាន​រៀប​ចំ​យុទ្ធការ​តាម​បណ្តាញ​សង្គម ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​រូប​ថត​របស់​លោក​ឈុត វុទ្ធី ហើយ​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ក៏​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ប្រមាណ ២០០​នាក់ នៅ​មុខ​ព្រះ​បរមរាជវាំង ដើម្បី​ធ្វើ​ពិធី​បួង​សួង ចាក់​ផ្សាយ​វីដេអូ រឿង “ខ្ញុំ​ជា​ឈុត វុទ្ធី” តាម​បណ្តាញ​សង្គម​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ