អានតួអត្ថបទ
កម្ពុជា-ចិន

លោក ឈុំ សុជាតិ៖ ការធ្វើ​សមយុទ្ធ​កម្ពុជា-ចិន មិន​មែន​ដើម្បី​ឆ្លើយ​តប​នឹង​ប្រទេស​ជិត​ខាង​ទេ

លំហាត់​សមយុទ្ធ​រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ដែល​ធ្វើ​រួម​គ្នា​រយៈ​ពេល​ជិត​កន្លះ​ខែ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩​ខែ​មីនា​នេះ ដោយ​បង្ហាញ​សាច់​ដុំ​ខ្លាំង​ក្លា​ក្នុង​លំហាត់​សមយុទ្ធ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ លំហាត់​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដែល​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ គឺ​ជា​ប្រតិបត្តិការ​កម្ទេច​ជំរុំ​របស់​ពួក​ភេរវករ ដោយ​ប្រើ​ប្រាស់​យន្តហោះ​ចម្បាំង និង​រថពាសដែក។ ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​​ ការ​ធ្វើ​សមយុទ្ធ​នេះ មិន​មែនជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រទេស​ជិត​ខាង​ទេ។

ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា
ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​សមយុទ្ធ​នាគ​មាស​នៅ​តំបន់​ភ្នំ​ធំ​ម្រះ​ព្រៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នា​ថ្ងៃ​បញ្ចប់​នេះ រួម​មាន​ការ​ប្រយុទ្ធ​ប្រើ​កម្លាំង​សាច់​ដុំ​យ៉ាង​ខ្លាំង​ក្លា ជាមួយ​នឹង​​ឧបករណ៍​ធ្វើ​សង្រ្គាម​ជា​ច្រើន​ប្រភេទ​ទៀត។ ក្នុង​នោះ​ក៏​មាន​ផង​ដែរ ការ​ប្រើ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា Drone ដើម្បី​ចូល​ស៊ើបការណ៍ ការ​ប្រើ​ឧទ្ធម្ភាគចក្រ កាំភ្លើង​ធំ រថពាស​ដែក​ចល័ត វាយ​កម្ទេច​ជំរុំ​ភេរវករ និងការ​រំដោះ​ចំណាប់​ខ្មាំង​ដោយ​ប្រើ​ប្រាស់​ទ័ព​ពិសេស​ចុះ​ពី​ឧទ្ធម្ភាគចក្រ។ លើស​ពី​នេះ​ទៀត កង​ទ័ព​កម្ពុជា និង​ចិន​ក៏​បាន​បង្ហាញ​ពី​ជំនាញ​រៀងៗ​ខ្លួន ក្នុង​ការ​លោត​ឆ័ត្រ​យោង និង​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​ដង្ហែ​ទង់​នៃ​ប្រទេស​ទាំង​ពីរ។

លំហាត់​សមយុទ្ធ​រវាង​កង​ទ័ព​កម្ពុជា-ចិន ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ «សមយុទ្ធ​នាគមាស​ឆ្នាំ​២០១៨» បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា នៅ​តំបន់​ភ្នំ​ធំ​ម្រះ​ព្រៅ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការ​ចូល​រួម​ពី​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​ចិន​សរុប​ជិត​៥០០​នាក់។ សមយុទ្ធ​នេះ ប្រើ​ប្រាស់​កាំភ្លើង​១៩៣​ដើម រាប់​ទាំង​កាំភ្លើង​ធំ រថយន្ត និង​រថពាស​ដែក​៩​គ្រឿង។ នេះ​បើ​តាម អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ។

តំណាង​កង​ទ័ព​ប្រជាជន​ចិន លោក​ឧត្តមសេនីយ៍ កែវ ជុងហឺ បាន​ថ្លែង​ថា លំហាត់​សមយុទ្ធ​នេះ ក៏​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​កម្ពុជា-ចិន ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥៨។ គឺ​ជា​សមយុទ្ធ ក្រោម​ប្រធាន​បទ «រួម​គ្នា​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្ស​ធម៌» ដោយ​ផ្តោត​លើ​ការ​ដោះ​មីន​និង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​មហន្តរាយ។

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​បន្ថែម​ថា លំហាត់​សមយុទ្ធ រវាង​កង​ទ័ព​កម្ពុជា-ចិន នា​ពេល​នេះ មិន​មែន​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ធ្វើ​សមយុទ្ធ​រវាង​កងទ័ព​អាមេរិក និង​កង​ទ័ព​វៀតណាម​កន្លង​មក​នោះ​ទេ។

បើ​តាម​លោក ឥត សារ៉ាត់ ​អគ្គមេបញ្ជារង​កង​យុទ្ធពល​ខេមរភូមិន្ទ ដើម្បី​រៀប​ចំ​លំហាត់​សមយុទ្ធ​នាគមាស​ឆ្នាំ​២០១៨​នេះ គឺ​ភាគី​ចិន​បាន​នាំ​យក​មក​នូវ​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង រថពាស​ដែក រួម​នឹង​យុទ្ធោបករណ៍​មាន​កាំភ្លើង និង​អាវុធ​ជា​ច្រើន​ប្រភេទ​ទៀត។ ជា​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​លើក​ទី​២​រវាង​កម្ពុជា-ចិន បន្ទាប់​ពី​សមយុទ្ធ​រួម​គ្នា​កាល​ពី​ឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ