អានតួអត្ថបទ
កម្ពុជា

ដាក់​ទោស ជួប​ សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​តុលាការ​បំបែក​សំណុំ​រឿង​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី ២៣​មីនា​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ទណ្ឌិត​ឈ្មោះ​អឿត អាង ឬ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ក្នុង​នោះ​ជួប សម្លាប់ ត្រូវ​បាន​ចោទ​ប្រកាន់​ពីរ​បទ​ល្មើស​រួម​មានៈ កាន់​កាប់​អាវុធ​ខុស​ច្បាប់​ និង​ឃាតកម្ម​គិត​ទុក​ជា​មុន​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់ លោក​បណ្ឌិត​កែម ឡី​ អ្នក​វិភាគ​សង្គម និង​នយោបាយ កាល​ពី​ថ្ងៃ​ទី ១០ កក្កដា​ឆ្នាំ​ ២០១៦ នៅ​ស្តាម៉ាត់ ស្តុប​បូកគោ។ មេធាវី ជួប សម្លាប់ បាន​អះអាង​បន្ថែម​ថា តុលាការ​បាន​បំបែក​សំណុំ​រឿង ដើម្បី​ស៊ើប​អង្កេត​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ។

សាលាដំបូងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ។ From PPCFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត សាលា​ដំបូង​រាជធានី​បាន​បង្គាប់​ឲ្យ អឿត អាង ឬ ជួប សម្លាប់ ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​ទៅ​កាន់​តុលាការ​ឧទ្ទរណ៍​ក្នុង​រយៈ​ពេល​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​សាល​ក្រម​នេះ។ មេធាវី​ជួប​ សម្លាប់ លោក យុង ផានិត ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​នឹង​ពិភាក្សា​ជាមួយ ជួប សម្លាប់ ក្នុង​ការ​ប្ដឹង​ជំទាស់​ទៅ​ឧទ្ទរណ៍។ លោក​មេធាវី​មិន​បាន​ឆ្លើយ​ឲ្យ​ចំ​សំណួរ​ថា ទទួល​យក​បាន​ឬ​មិន​ទទួល​យក​បាន​នោះ​ទេ​ ចំពោះ​ការ​ប្រកាស​សាល​ក្រម​នេះ ប៉ុន្តែ​លោក​អះអាង​ថា មាន​ការ​សោក​ស្ដាយ ដែល​តុលាការ​មិន​ព្រម​បន្ថូរ​បន្ថយ​ទោស​ដល់​ជួប សម្លាប់។

បើ​តាម​លោក​មេធាវី យុង ផានិត នឹង​ស្នើ​ឲ្យ​តុលាការ​បំបែក​សំណុំ​ស៊ើប​អង្កេត​ទៅ​លើ​មនុស្ស​ពីរ​នាក់​ទៀត ដែល​ជាប់​ពាក់​ព័ន្ធ​ឃាតកម្ម​សម្លាប់​លោក​បណ្ឌិត កែម ឡី​នេះ​ដែរ​។​ នោះ​គឺ​អ្នក​ផ្ដល់​អាវុធ​ និង​ម្នាក់​ទៀត​នាំ ជួប សម្លាប់​ឲ្យ​ស្គាល់​លោក កែម ឡី។

សូម​បញ្ជាក់​ថា ជួប សម្លាប់ ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ​ដើម្បី​សាលក្រម​ដែល​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ​ដែរ។
ការ​ប្រកាស​សាលក្រម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី ១​មីនា។

កាល​ណោះ អឿត អាង អះអាង​តាំង​ពី​ដើម​ដល់​ចប់​ថា លោក​មាន​ឈ្មោះ ជួប សម្លាប់ កើត​នៅ​បន្ទាយមានជ័យ ជា​កូន​កំព្រា គ្មាន​ប្រពន្ធ​កូន និង​រក្សា​ចម្លើយ​សារភាព​ថា ពិត​ជា​ឃាតករ បាន​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី ១០ កក្កដា ឆ្នាំ ២០១៦ នៅ​ហាង​ស្តារម៉ាត (Star Mart) ក្នុង​ស្ថានីយ​សាំង​កាល់តិច)Caltex) ស្តុប​បូក​គោ រាជធានី​ភ្នំពេញ។ ជួប សម្លាប់ រៀប​រាប់​ថា ការ​សម្លាប់​លោក កែម​ ឡី គឺ​ដោយ​សារ​គំនុំ​ខឹង​លោក កែម ឡី បោក​យក​ប្រាក់​បី​ពាន់​ដុល្លារ។ នៅ​ថ្ងៃ​កើត​ហេតុ ជួប សម្លាប់ បាន​បាញ់​ពីរ​គ្រាប់ សំដៅ​ផ្តាច់​ជីវិត​លោក កែម ឡី ដោយ​មួយ​គ្រាប់​ដំបូង​សំដៅ​ចំ ក្បាល និង​មួយ​គ្រាប់​ទៀត​សំដៅ ក មុន​ពេល​ដើរ​ចេញ​ពី​ហាង​ស្តារ​ម៉ាត។ 

សវនាការ​ពេល​នោះ​ក៏​បាន​បញ្ចប់​ដោយ​ ​មិន​អស់​ចិត្ត សម្រាប់​អ្នក​ចូល​រួម​តាម​ដាន​ក្នុង​បន្ទប់​សវនាការ។ មិន​អស់​ចិត្ត ក៏​ព្រោះ​តែ​ វិដេអូ​ភស្តុតាង ក្នុង​សវនាការ មិន​បាន​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទេ គឺ​វិដេអូ​ទាំង ៧​ឈុត បង្ហាញ​ត្រឹម សកម្មភាព​បុរស​ម្នាក់​ ដើរ​ចេញ​ចូល​ហាង​ស្តារម៉ាត ដក​កាំភ្លើង​ផ្ទុះ​អាវុធ និង​រត់​គេច​តាម​ផ្លូវ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ