rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

​ចប់​បាក់​ឌុប ​យុវ​ជន​គួរ​សម្រុក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​

ដោយ អ៊ឹម រចនា

ការ​ប្រឡង​បាក់ឌុប ដែល​ជា​សមរភូមិ​ចុង​ប៊ិច​ចុង​ក្រោយ​របស់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ នឹង​រៀបចំធ្វើ​ចាប់នៅ​ថ្ងៃ​ទី​១៩​សីហា សប្ដាហ៍​ក្រោយ​នេះ​ហើយ​។ ក្នុង​ឱកាស​នេះ អ្នក​ជំនាញបាន​ណែនាំ​ថា បន្ទាប់​ពី​ប្រឡង​បាក់ឌុប​ចប់ ​យុវជន​គួរ​សម្រុក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ព្រោះ​​វា​​អាច​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​មហាសាល​ដល់​យុវជន​។ 

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​តែងតែ​បាន​ឮ​ពី​ការងារ​ស្ម័គ្រ​ចិត្ត​ជា​ញឹកញាប់​។ យុវជន​ខ្មែរ​ជា​ច្រើន បាន​ចាប់ផ្ដើម​ផ្ដល់​តម្លៃ​ដល់​ការងារ​ស្ម័គ្រ​ចិត្ត​។ មួយ​ចំនួន បាន​ឆ្លៀត​យក​ពេល​ទំនេរ​ពី​ការ​សិក្សា​របស់​ខ្លួន ទៅ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​តាម​អង្គការ និង​ស្ថាប័ន​ឯកជន​នានា​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង​។ យុវជន​មួយ​ចំនួន​ផ្សេង​ទៀត បាន​បង្កើត​ជា​ក្រុម ឬ​បណ្ដាញ​យុវជន ដើម្បី​ធ្វើ​ការងារ​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​។

នេះ​ជា​សញ្ញា​មួយ​ដ៏​ប្រសើរ ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ជំនាញ​។ អ្នក​ជំនាញ​ផ្នែក​ការងារ​ដែល​បាន​អះអាង​ថា ការងារ​ស្ម័គ្រ​ចិត្ត​ផ្ដល់​ប្រយោជន៍​យ៉ាង​សម្បើម​មហិមា​ដល់​យុវជន​។ តើ​ហេតុអ្វី​បាន​ជា​យុវជន​គួរ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត? តើ​ការងារ​ស្ម័គ្រ​ចិត្ត​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​?

មុន​នឹង​ឆ្លើយ​នឹង​សំណួរ​ទាំង​នេះ គេ​គួរ​ស្គាល់​ពី​ការងារ​ស្ម័គ្រ​ចិត្ត​ជា​មុន​សិន​។ ការងារ​ស្ម័គ្រ​ចិត្ត គឺ​ជា​សកម្មភាព​ស្ម័គ្រ​ចិត្ត ដោយ​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ថវិកា និង​ស្មារតី នៅ​ក្នុង​ការងារ ឬ​ស្ថាប័ន​ណា​មួយ​។ បច្ចុប្បន្ន សន្ទុះ​នៃ​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​របស់​យុវជន មាន​ការ​កើន​ឡើង គួរ​ឲ្យ​កត់​សម្គាល់ ទាំង​ការ​ស្ម័គ្រ​ចិត្ត​រួម​ចំណែក​ជាមួយ​អង្គការ​សង្គមស៊ីវិល គណបក្ស​នយោបាយ ព្រម​ទាំង​បណ្ដាញ​យុវជន ដែល​បង្កើត​ឡើង​ដោយ​យុវជន​ផ្ទាល់​។

តាម​រយៈ​ការងារ​ស្ម័គ្រ​ចិត្ត យុវជន​នឹង​បាន​ទទួល​អត្ថប្រយោជន៍​៣​យ៉ាង​សំខាន់​។ ទី​១ គឺ​បទពិសោធ​ការងារ។ ការងារ​ស្ម័គ្រ​ចិត្ត​អស់​ដែល​យុវជន​ចូល​រួម តិច​ឬ​ច្រើន គឺ​សុទ្ធ​តែ​បាន​រួម​ចំណែក​បង្ហាត់​បង្រៀន ក៏​ដូច​ជា​ផ្ដល់​បទពិសោធ​ការងារ​ជាក់​ស្ដែង​ដល់​យុវជន​។ គឺ​បទពិសោធ​ការងារ​នេះ​ហើយ ដែល​នឹង​ក្លាយ​ទៅ​ជា​ពេជ្រ​ប្រដាប់​ប្រវត្តិ​រូប​សង្ខេប​របស់​យុវជន នៅ​ពេល​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​។ គឺ​បទពិសោធ​ការងារ​នេះ​ហើយ ដែល​នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​យុវជន ឆ្ពោះ​ទៅ​ដណ្ដើម​យក​អាហារូបករណ៍ ទៅ​សិក្សា​នៅ​បរទេស​។

អត្ថប្រយោជន៍​ទី​២​គឺ​មិត្តភាព។ ជា​ការ​ពិត ការ​ចូល​ប្រឡូក​នៅ​ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត ផ្ដល់​ឱកាស​ឲ្យ​យុវជន​ស្គាល់​មនុស្ស​មក​ពី​វិស័យ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។ បណ្ដាញ​ទំនាក់​ទំនង​ធំ​ទូលាយ​ដូច្នេះ ចាំបាច់​ណាស់​សម្រាប់​យុវជន​ក្នុង​ការ​ស្វែង​យល់​ពី​សង្គម​។ ជាមួយ​គ្នា​នេះ​ដែរ យុវជន​ថែម​ទាំង​អាច​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន ទៅ​កាន់​បណ្ដាញ​ដែល​ខ្លួន​មាន​។ ជា​រឿយ​ៗ បណ្ដាញ​ទំនាក់​ទំនង​ធំ​ទូលាយ​តែង​តែ​នាំ​មក​នូវ​ការ​ទទួល​ស្គាល់ និង​ឱកាស​ការងារ​ប្លែកៗ​សម្រាប់​យុវជន​។

ចំណែក​អត្ថប្រយោជន៍​ទី​៣​ គឺ​ភាព​ជា​អ្នក​ដឹកនាំ និង​ស្មារតី​ជួយ​អ្នក​ផង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​។ សង្គម​ត្រូវ​ការមនុស្ស​ដែល​មាន​ចរិត និង​លក្ខណៈ​សម្បត្តិ​បែប​នេះ ព្រោះ​មនុស្ស​ប្រភេទ​នេះ គឺ​ជា​ទំពាំង​ល្អ ដែល​នឹង​ក្លាយ​ទៅ​ជា​ឫស្សី​ដ៏​រឹងមាំ​នៅ​ពេល​អនាគត​។

តាម​រយៈ​ផល​ប្រយោជន៍​សំខាន់​ៗ​ទាំង​នេះ និស្សិត​ដែល​កំពុង​តែ​សិក្សា​នៅ​មហាវិទ្យាល័យ​ គួរ​ណាស់​តែ​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​របស់​ខ្លួន​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ខ្លះ​ៗ​។ ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត នឹង​ជួយ​ឲ្យ​យុវជន ចេះ​ស្រឡាញ់​រាប់​អាន​គ្នា និង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍​។ វា​នឹង​ធ្វើ​ឲ្យ​យុវជន​មាន​លទ្ធភាព​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់​ស្ដែង ឆ្លើយ​តប​ទៅ​នឹង​ទ្រឹស្ដី​ដែល​បាន​សិក្សា​នៅ​សាលា ព្រម​ទាំង​បង្កើត​វប្បធម៌​ចែក​រំលែក​ជួយ​អ្នក​ដទៃ​ថែម​ទៀត​ផង​។

បើ​ទោះ​បី​ជា​ការងារ​ស្ម័គ្រ​ចិត្ត​មាន​ប្រយោជន៍​សម្រាប់​យុវជន​យ៉ាង​ណា​ក៏​ដោយ ក៏​យុវជន​គួរ​ជ្រើស​រើស​ពេល​វេលា​សម​ស្រប​សម្រាប់​ការងារ​នេះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា និង​ជីវិត​ផ្ទាល់​ខ្លួន​។ យុវជន​គួរ​តែ​ជ្រើស​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ណា ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត និង​ដែល​ទាក់​ទង​នឹង​អ្វី​ដែល​ខ្លួន​កំពុង​រៀន និង​ចង់​រៀន​។ ការងារ​ស្ម័គ្រ​ចិត្ត មិន​មាន​ប្រាក់​កម្រៃ​ទេ។ ជួន​កាល​យុវជន​ត្រូវ​ខ្វេះ​ប្រាក់​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន​សម្រាប់​ការងារ​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​។ ដូច្នេះ យុវជន​គួរ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​នៅ​ពេល​ជ្រើស​រើស​ការងារ​ស្ម័គ្រ​ចិត្ត​។ ការ​ជ្រើស​រើស​ការងារ​ស្ម័គ្រ​ចិត្ត​បាន​ត្រឹម​ត្រូវ នឹង​ជំរុញ​ឲ្យ​យុវជន​កាន់​តែ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ចង់​ធ្វើ​ការ​និង​ធ្វើ​បាន​ល្អ​ប្រសើរ​។ ការ​ជ្រើស​ការងារ​ស្ម័គ្រ​ចិត្ត​ខុស​ពី​ចំណង់​ចំណូល​ចិត្ត​ឬ​ខុស​ពី​មុខ​ជំនាញ​សិក្សា មិន​ត្រឹម​តែ​អាច​​​ផ្ដល់​នូវ​បទ​ពិសោធន៍មិន​ល្អ​នោះ​ទេ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យុវជន​ទទួល​រង​នូវ​សម្ពាធ និងការខកចិត្តថែម​ទៀត​ផង​៕

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​សំណង់​!​

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​

​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​?​

ការ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​របស់​វិនិយោគិន​ចិន ​និង​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ ​មិនអាច​ខ្វះ​មួយ​ណា​ឡើយ

​គួរ​បើក​វចនា​នុក្រម​ខ្មែរ ឲ្យ​បាន​ញឹក​ញាប់​ដូច​បើក​វចនានុ​ក្រម​ភាសា​បរទេស​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ​

​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ដើម្បី​ថែ​រក្សា​អ្នក​អាន​

​រដ្ឋា​ភិបាល​នឹង​កើន​ពិន្ទុ​ខ្ពស់ អាស្រ័យ​លើ​ការ​អនុវត្ត​ច្បាស់​លាស់ ចំណុច​ចុង​ក្រោយ​នៃ​អភិក្រម​ទាំង​៥​

​ការ​ឆ្លើយ​តប​ចំពោះ​កំណើន​ពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​ក្រោយ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​នៅ​មាន​កម្រិត​ ឆ្លុះ​បញ្ជាំង​ដូច​ម្តេច​ពី​វិស័យ​សុខាភិបាល​?​

​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​បង្ក​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​សេវា​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​

អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹងប្រាក់​ចំណូល ក៏​ដូច​ជា​បញ្ហា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន