rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​

ដោយ ញឹម សុផល

បញ្ហា​អ្នក​នាំ​ពាក្យ​នៅ​តាម​ស្ថាប័ន​សាធារណៈ​មួយ​ចំនួន​ធំ​នៅ​តែ​ចោទ នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សួរ​នាំ​ពី​ព័ត៌មាន បើ​ទោះ​ណា​ជា​អង្គភាព​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការណ៍ កាល​ពី​ខែ​មីនា​កន្លង​ទៅ​ក៏​ដោយ​។ អង្គភាព​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​នេះ ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​មួយ​រូប និង​មាន​អ្នក​នាំ​ពាក្យ​តាម​ក្រសួង​នានា​ចំនួន​ជិត​៣០​រូប​ទៀត ជា​អនុ​ប្រធាន និង​សមាជិក​។ បន្ថែម​ពី​នេះ ក្រសួង ស្ថាប័ន​សាធារណៈ​នា​នា ក៏​បាន​បង្កើត និង​ចាត់​តាំង​អ្នក​នាំ​ពាក្យ​ប្រចាំ​សមី​ក្រសួង​ផង​ដែរ ដោយ​ស្ថាប័ន​នីមួយ​ៗ មាន​អ្នក​នាំ​ពាក្យ​ចាប់​ពី​ម្នាក់ រហូត​ដល់​ទៅ៥​នាក់ ឬ​ច្រើន​ជាង​នេះ​ក៏​មាន​។ 

តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​អង្គភាព អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដូច្នេះ អង្គភាព​ថ្មី​នេះ បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ជា​ច្រើន ដូច​ជា​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ជា​បន្ត​បន្ទាប់ និង​បាន​រៀប​ចំ​វេទិកា​ពន្យល់​បក​ស្រាយ​ប្រធាន​បទ​សំខាន់ៗ​ស្ទើរ​រៀង​រាល់​សប្តាហ៍​ផង​ដែរ​។

ក៏​ប៉ុន្តែ​ជា​លក្ខណៈ​ឯក​ជន​នៃ​សមី​ក្រសួង ស្ថាប័ន នីមួយៗ គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។​ មាន​ន័យ​ថា«អ្នក​និយាយ នៅ​តែ​និយាយ អ្នក​អត់​និយាយ នៅ​តែ​អត់​និយាយ​»។ បញ្ហា​នេះ បាន​ជះ​ឥទ្ធិពល​ទៅ​ដល់​មជ្ឈដ្ឋាន​ពាក់​ព័ន្ធ​ជា​ច្រើន រួម​មាន​ស្ថាប័ន​សារព័ត៌មាន ប្រជា​ពលរដ្ឋ និង​ស្ថាប័ន​រដ្ឋ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​មាន​ទស្សនៈ​អសកម្ម​ពី​ការ​លូត​លាស់​ទៅ​មុខ​នៃ​ការងារ​គ្រប់​ផ្នែក​របស់​រដ្ឋា​ភិបាល​។

ការ​ជះ​ឥទ្ធិពល​ទៅ​លើ​វិស័យ​សារព័ត៌មាន មាន​ន័យ​ថា​ការ​ទទួល​ព័ត៌មាន​របស់​អ្នក​សារ​ព័ត៌មាន មិន​បាន​គ្រប់​ជ្រុង​ជ្រោយ ដោយ​សារ​តែ​អ្នក​នាំ​ពាក្យ​ស្ថាប័ន​មួយ​ចំនួន មិន​ព្រម​បញ្ចេញ​ព័ត៌មាន​ពិត​ប្រាកដ ច្បាស់​លាស់ ទៅ​កាន់​អ្នក​កាសែត​។ ចំណុច​នេះ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ទទួល​សារ​ពី​សារ​ព័ត៌មាន ក៏​ទទួល​បាន​មិន​គ្រប់​ជ្រុង​ជ្រោយ​ដែរ​។ មួយ​វិញ​ទៀត ការ​លាក់​លៀម​ព័ត៌មាន​ពិត គឺ​វា​នឹង​ជះ​ផល​ត្រលប់​ទៅ​វិញ​នូវ​ការ​បង្កើត​ឲ្យ​មាន​ព័ត៌មាន​ក្លែង​បន្លំ និង​ព័ត៌មាន​មិន​គ្រប់​ជ្រុង​ជ្រោយ​ដល់​ស្ថាប័ន​នា​នា​។

តើ​ហេតុ​អ្វី បាន​ជា​បង្កើត​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​តំណាង​ឲ្យ​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ​ហើយ ហើយ​នៅ​តែ​មិន​មាន​សកម្មភាព​ទៀត ចំពោះ​ក្រសួង​មួយ​ចំនួន​?

ខណៈ​ដែល​អ្នក​នាំ​ពាក្យ​ស្ថាប័ន និង​ក្រសួង​មួយ​ចំនួន នៅ​បន្ត​និយាយ​ជា​ប្រចាំ​ជាមួយ​អ្នក​កាសែត ក្រសួង ស្ថាប័ន​ខ្លះ​ទៀត ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្នក​នាំ​ពាក្យ​របស់​ផង​ខ្លួន​ពី​ម្នាក់​ទៅ​ម្នាក់ ឬ​ផ្លាស់​ប្តូរ​ជា​ច្រើន​នាក់ តែ​ក្នុង​រយៈ​ពេល​ខ្លី​មួយ​។ អ្នក​នាំ​ពាក្យ​ស្ថាប័ន​ខ្លះ កាត់​បន្ថយ​ការ​និយាយ​ជាមួយ​អ្នក​កាសែត ហើយ​អ្នក​នាំ​ពាក្យ​ខ្លះ​ទៀត ដែល​ធ្លាប់​សហការ​ផ្តល់​ព័ត៌មាន​ដល់​សារព័ត៌មាន​នានា​កន្លង​មក ក៏​បែរ​ជា លែង​ទទួល​ទូរស័ព្ទ ឬ​ឈប់​និយាយ​ឈឹង​តែ​ម្តង​។

ជា​ការ​ពិត មាន​ការ​ទទួល​ស្គាល់​ថា អ្នក​នាំ​ពាក្យ​មួយ​ចំនួន​ក៏​មាន​ការ​លំបាក​ផ្ទាល់​ខ្លួន​ដែរ ពោល​គឺ​អ្នក​នាំ​ពាក្យ​ដែល​ស្ថិត​នៅ​ជា​អន្តរការី​រវាង​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន និង​អ្នក​សារព័ត៌មាន ដែល​ត្រូវ​ផ្សាយ​បន្ត​រហូត​ដល់​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ត្រូវ​ការ​ព័ត៌មាន​។ ដោយ​សារ​តែ​ការ​នាំ​ពាក្យ​ពី​ស្ថាប័ន ឬ​ពី​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ទៅ​កាន់​អ្នក​សារព័ត៌មាន ពេល​ខ្លះ​ប្រឈម​នឹង​កំហុស​។ ហេតុ​ផល​នេះ​ហើយ ដែល​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​រារែក ខ្លះ​មិន​មាន​ពាក្យ​នាំ និង​ខ្លះ​ទៀត​សុខ​ចិត្ត​ស្ងៀម​ស្ងាត់ ដោយ​សារ​តែ​ហេតុការណ៍​នីមួយៗ​ដែល​ត្រូវ​និយាយ​ទៅ​កាន់​អ្នក​កាសែត ចាំ​បាច់​ត្រូវ​មាន​ការ​ឆ្លង​យោបល់​ពី​ថ្នាក់​លើ​ជា​ច្រើន​ជាន់​ថ្នាក់​។

ក៏​ប៉ុន្តែ​ការ​និយាយ​ចេញ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ពិត និង​ត្រឹម​ត្រូវ​គឺ​ជា​គុណ​សម្បត្តិ​មួយ ផ្ទុយ​ទៅ​វិញ​ការ​និយាយ​ចេញ​ទៅ​ខុស​ឆ្គង​ខ្លះ គឺ​ប្រសើ​ជាង​ការ​មិន​និយាយ ព្រោះ​ថា​ការ​និយាយ​ខុស គេ​អាច​កែ​តម្រូវ​វិញ​បាន ដោយ​យោង​ទៅ​លើ​ទស្សនៈ​ថា «នៅ​លើ​លោក​នេះ គ្មាន​នរណា​ម្នាក់ ដែល​ថា​គ្មាន​កំហុស​នោះ​ទេ​»។ ពិត​មែន​ហើយ​ជា​ធម្មជាតិ បញ្ហា​រសើប និង​ចំរូង​ចំរះ គេ​មិន​អាច​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ដឹង​១០០% នោះ​ទេ ក៏​ប៉ុន្តែ​គួរ​តែ​បញ្ចេញ​នៅ​ក្នុង​កំរិត​ណា​មួយ ដើម្បី​ការពារ​ស្ថាប័ន​ខ្លួន​ផង និង​ដើម្បី​ជួយ​ឲ្យ​មហាជន​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​ផង​។

ដូច្នេះ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ទាន់​សម័យកាល​នៃ​បដិ​វត្ត​ឧស្សាហកម្ម​ទី៤ ថ្នាក់​ដឹក​នាំ ក្រសួង ស្ថាប័ន​សាធារណៈ គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​អ្នក​នាំ​ពាក្យ​បញ្ចេញ​នូវ​ព័ត៌មាន​ពិត​ដល់​អ្នក​កាសែត ហើយ​អ្នក​នាំ​ពាក្យ​ខ្លួន​ឯង​គួរ​តែ​បង្ហាញ​នូវ​ភាព​ក្លាហាន អម​ដោយ​សីលធម៌​ផង​ដែរ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​។ ការ​ស្ងាត់​ស្ងៀម មិន​ព្រម​ថ្លែង​អ្វី​សោះ របស់​ស្ថាប័ន​សំខាន់​នីមួយៗ​របស់​ជាតិ ជា​មួយ​អ្នក​សារព័ត៌មាន មិន​មែន​ជា​ជម្រើស​ទេ នៅ​ក្នុង​បរិបទ​បច្ចេក​វិទ្យា កំពុង​ជឿន​លឿន​ដូច​សព្វ​ថ្ងៃ​។

មួយ​វិញ​ទៀត ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​កំពុង​ស្ថិត​នៅ​ជា​ពង្រាង​នៅ​ឡើយ គួរ​ត្រូវ​បាន​ជម្រុញ​ឲ្យ​បាន​លឿន ខណៈ​ប្រទេស​ប្រជា​ធិបតេយ្យ​នានា​នៅ​លើ​ពិភព​លោក ចាត់​ទុក​ថា​ការ​ផ្តល់​ព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គឺ​ជា​រឿង​សំខាន់ នៅ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​៕

​ទំនាស់​ទស្សនៈ​នយោ​បាយ​នៅក្នុង​​ហ្វេស​ប៊ុក ធ្វើ​ឲ្យ​សង្គម​បែក​បាក់​

ហេតុ​អ្វី​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជារង​ការ​រិះ​គន់​ពី​ប្រទេស​លោក​ខាង​លិច​?

ករណី​​លោក កឹម សុខា ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ?

​សេណា​រីយ៉ូ ចំនួន​៣ សម្រាប់​ដំណើរ​វិល​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​

​ល្មម​ដល់​ពេល​ដែល​ពល​រដ្ឋ​ខ្មែរ​បង្កើត​ទម្លាប់​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​

​ជំនឿ​អរូបិយ​នៅ​តែ​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ខ្មែរ​

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​

​កា​ររួប​រួម​គណ​បក្ស​រាជា​និយម ​ផ្ដល់​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​

​ប្រាសាទ​បុរាណ​ខ្មែរ ​ត្រូវ​ការ​​ចូល​រួម​ថែ​រក្សា​ពី​សំណាក់​ពល​រដ្ឋ​គ្រប់​រូប​​

​វប្បធម៌​លើក​តម្កើង​បុគ្គល​នៅ​ក្នុង​សង្គម​កម្ពុជា​

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​

​ចប់​បាក់​ឌុប ​យុវ​ជន​គួរ​សម្រុក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​សំណង់​!​

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​