rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

​គួរ​បើក​វចនា​នុក្រម​ខ្មែរ ឲ្យ​បាន​ញឹក​ញាប់​ដូច​បើក​វចនានុ​ក្រម​ភាសា​បរទេស​

ដោយ អ៊ឹម រចនា

នៅ​ក្នុង​សង្គម​ខ្មែរ គេ​សង្កេត​ឃើញ​ថា ការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​កើត​មាន​នៅ​គ្រប់​កន្លែង​ទាំង​អស់។ នោះ​ក៏​ព្រោះ​តែ ការ​ប្រើ​ប្រាស់​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​សរសេរ​ប្រចាំ​ថ្ងៃ នៅ​តែ​មាន​កម្រិត​នៅ​ឡើយ​។ នេះ​គឺ​ជា​បច្ច័យ​សំខាន់​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​ការ​សរសេរ​នៅ​ក្នុង​ភាសា​ខ្មែរ​ជួប​វិបត្តិ​។ 

នៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ខ្មែរ មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​។ មិន​ចាំ​បាច់​និយាយ​ដល់​ការ​​​ប្រកាន់​យក​និន្នាការ​ផ្សេង​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​ព្យាង្គ​តម្រួត​និង​ព្យាង្គ​រាយ​ទេ គ្រាន់​តែ​ការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ ក៏​គេ​សង្កេត​ឃើញ​ថា​កំពុង​តែ​ជួប​វិបត្តិ​​រួច​ទៅ​ហើយ​។ ការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​កើត​មាន​នៅ​គ្រប់​កន្លែង​ទាំង​អស់ មិន​ថា​នៅ​តាម​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​អត្ថបទ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​សៀវភៅ​ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​​។

វិបត្តិ​អក្ខរាវិរុទ្ធ​សម្រាប់​ភាសា​ខ្មែរ កើត​ឡើង​ដោយ​សារ​បច្ច័យ​សំខាន់​មួយ​ចំនួន​។ បច្ច័យ​សំខាន់​ទី​១ ដែល​គេ​មិន​អាច​ប្រកែក​បាន​ឡើយ គឺ​បណ្ដាល​មក​ពី​កម្សោយ​ចំណេះ​ដឹងផ្នែក​អក្សរសាស្ត្រ​​នៃ​មនុស្ស​ខ្មែរ​​។ ទី​២ គឺ​ភាព​ធ្វេស​ប្រហែសមិន​បាន​ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ និង​មិន​សូវ​ឲ្យ​តម្លៃ​អក្សរ​ជាតិ​។

ជាទូទៅ នៅ​ពេល​សរសេរ​អត្ថបទ​ជាភាសា​ខ្មែរ មនុស្ស​ខ្មែរ​ភាគ​ច្រើន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សរសេរ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ​ដែល​កំណត់​ក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​។ ខុស​ប្លែក​ពី​ការ​សរសេរ​អត្ថបទ​ជា​ភាសា​បរទេស ដែល​ជាទូទៅ​ត្រូវ​ប្រឹង​ផ្ទៀងផ្ទាត់​ខ្លាច​ខុស​អក្សរ។ នេះ​ក៏​ដោយ​សារ​តែ​ទម្លាប់​អាង៖ អាង​ថាខ្លួន​ជា​ខ្មែរ មិន​ដែល​សរសេរ​ខ្មែរ​ខុស​។ ហើយ​ប្រសិន​បើ​សរសេរ​ខុស ក៏​ទំនង​ជា​មិន​សូវ​ខ្មាស​គេ​ដូច​សរសេរ​អក្សរ​បរទេស​ខុស​ដែរ​។

នៅ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​មាន​កំហុស​អក្ខរាវិរុទ្ធ​កើត​មាន​ជា​រឿយ​ៗ​។ អ្នក​ខ្លះ​ប្រើ «ដែរ» ជា «ដែល» ឬ​បញ្ច្រាស់​មក​វិញ។ អ្នក​ខ្លះ​សរសេរ​ពាក្យ «សួស្ដី» ដាក់ «រ»។ មួយ​ចំនួន​ទៀត ​សូម្បី​តែ​ថ្ងៃ «ព្រហស្បតិ៍» ក៏​នៅ​មិន​ទាន់​សរសេរ​បាន​ត្រឹម​ត្រូវ​ដែរ​។ តើ​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​អាសូរ​ទេ​ឬ? នៅ​ពេល​ដែល​ពាក្យ​សាមញ្ញ​ធម្មតា​ៗ​ដូច្នេះ ត្រូវ​ជនជាតិ​ខ្មែរ ដែល​មាន​ភាសា​និងអក្សរជាតិ​ផ្ទាល់​ខ្លួន ធ្វេស​ប្រហែស ឬ​មើល​រំលង​មិន​ព្រម​សរសេរ​ឲ្យ​បាន​ត្រឹម​ត្រូវ ខណៈ​ដែល​ខ្មែរ​មាន​វចនានុក្រម​តាំង​ពី​ឆ្នាំ​១៩៦៧​មក ហើយ​វចនានុក្រម​នេះ​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ជា​វចនានុក្រម​អេឡិកត្រូនិក​តាំង​ពី​ឆ្នាំ​២០០៩ផង​ដែរ?

វចនានុក្រមខ្មែរ គឺជាឈ្មោះសៀវភៅគោលអក្សរសាស្ត្រខ្មែរដ៏ធំមួយ ដែលកើតមុនគេបង្អស់ ក្នុងប្រទេសកម្ពុជា។ សៀវភៅនេះ មាន១៨៨៨ទំព័រ ប្រជុំដោយមេពាក្យវេយ្យាករណ៍ និងគោលក្បួនខ្នាតទាំងឡាយ សម្រាប់ពង្រីកភាសា និងអក្សរសាស្ត្រខ្មែរ។ មេពាក្យទាំងនោះ សរសេរតាមលំដាប់ព្យញ្ជនៈ ស្រៈ និងមានការពន្យល់ន័យសេចក្ដីផង។ មេពាក្យខ្លះ ប្រាប់ពីប្រភព សូរ និងរបៀបប្រើប្រាស់ពាក្យថែមទៀត។ គម្រោង​រៀបចំ​បង្កើត​វចនានុក្រម​ខ្មែរ មែន​ទែន​ទៅ​ត្រូវ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៩១៥​មក​ម្ល៉េះ ដោយ​មានការ​ចូល​រួម​ពី​​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ជា​ច្រើន​។

ក្នុង​ចំណោម​នោះ មាន​តែ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត តែ​មួយ​អង្គ​គត់ ដែល​បាន​ស្រាវ​ជ្រាវ​និង​ធ្វើ​ការងារ​នេះ​ជាប់​លាប់​តាំង​ពី​ដំបូង​រហូត​ដល់​បាន​សម្រេច​បោះ​ពុម្ព​ជា​ចុង​ក្រោយ នៅ​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៦៨​ មុន​ពេល​ព្រះ​អង្គ​ចូល​ទិវង្គត​មួយ​ឆ្នាំ​។

សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ​បាន​លើក​ឡើង​​ថា វចនានុក្រម​ដែល​បោះពុម្ព​នៅ​ឆ្នាំ​១៩៦៧ បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លូវ ក៏​មាន​ឋានៈ​ត្រឹម​តែ​ប្រហែល​នឹង​ថ្នល់​លំ ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្ដើង​ៗ​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើប​រលង់​នៅ​ឡើយ​ទេ​។ ជាការ​ពិត ហេតុ​តែ​បាន​បោះ​ផ្សាយ​តាំង​ពីជាង​៥០​ឆ្នាំ​មុន វចនានុក្រម​ខ្មែរ នៅ​មិន​ទាន់​មាន​លក្ខណៈ​សម្បូរ​បែប​គ្រប់​គ្រាន់​សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន​នៅឡើយ​ទេ។ ប៉ុន្តែ​ការណ៍​នេះ មិន​គួរ​ជា​ហេតុ​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​មើល​រំលង មិន​ឲ្យ​តម្លៃ មិន​បើក​មើល​ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៃ​អក្ខរាវិរុទ្ធ​នៅពេល​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ​នោះ​ទេ​។

សម្ដេច​ ជួន ណាត បាន​ប្រើ​ពេល​អស់​៥៣​ឆ្នាំ ដើម្បី​បង្កើត​វចនានុក្រម​ខ្មែរ​ច្បាប់​ដែល​កូន​ខ្មែរ​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។ កូន​ខ្មែរ​ជំនាន់​ក្រោយ ប្រសិន​បើ​ពុំ​បាន​រួម​ចំណែក​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ទេ យ៉ាង​ហោច​ណាស់​គួរ​តែ​សរសេរ​អក្សរ​​កុំ​ឲ្យ​ខុស​។ ការ​សរសេរ​អក្សរ​ខុស គឺ​ជា​ការ​បំផ្លាញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​បុព្វបុរស​ខ្មែរ​ខិត​ខំ​ចង​ក្រង បន្សល់​ទុក​ឲ្យ​ប្រើ​ប្រាស់​តាំង​ពី​អតីតកាល។ ហើយ​ដើម្បី​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ត្រូវ​ជ្រុង យុវជន​ខ្មែរ គួរ​បើក​វចនានុក្រម​ខ្មែរ​ឲ្យ​បាន​ញឹកញាប់ ដូច​បើក​វចនានុក្រម​ភាសា​បរទេស​។ វចនានុក្រម​ខ្មែរ មាន​ដាក់​លក់​យ៉ាង​ទូលំទូលាយ​នៅ​លើ​ទីផ្សារ។ ច្បាប់​ជា​អេឡិចត្រូនិក ​មាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​គេហទំព័រវិទ្យាស្ថាន​​ពុទ្ធសាសនបណ្ឌិត្យ​៕

​ជំនឿ​អរូបិយ​នៅ​តែ​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ខ្មែរ​

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​

​កា​ររួប​រួម​គណ​បក្ស​រាជា​និយម ​ផ្ដល់​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​

​ប្រាសាទ​បុរាណ​ខ្មែរ ​ត្រូវ​ការ​​ចូល​រួម​ថែ​រក្សា​ពី​សំណាក់​ពល​រដ្ឋ​គ្រប់​រូប​​

​វប្បធម៌​លើក​តម្កើង​បុគ្គល​នៅ​ក្នុង​សង្គម​កម្ពុជា​

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​

​ចប់​បាក់​ឌុប ​យុវ​ជន​គួរ​សម្រុក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​សំណង់​!​

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​

​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​?​

ការ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​របស់​វិនិយោគិន​ចិន ​និង​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ ​មិនអាច​ខ្វះ​មួយ​ណា​ឡើយ

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​