rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

​ប្រាសាទ​បុរាណ​ខ្មែរ ​ត្រូវ​ការ​​ចូល​រួម​ថែ​រក្សា​ពី​សំណាក់​ពល​រដ្ឋ​គ្រប់​រូប​​

ដោយ អ៊ឹម រចនា

ពលរដ្ឋ​ខ្មែរ សុទ្ធ​តែ​អះអាង​ពី​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ប្រាសាទ​បុរាណ​ ដែល​មាន​ជាង​១​ពាន់​ប្រាសាទ​នៅទូទាំង​ប្រទេស។ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា ពលរដ្ឋ​មួយ​ចំនួន ​មិន​ទាន់​យល់​ពី​តម្លៃ​ពិត​ប្រាកដ​របស់​ប្រាសាទ​នៅ​ឡើយ ហើយ​នៅ​មាន​ឥរិយាបទ​ខុស​ឆ្គង​ចំពោះ​ប្រាសាទ​ថែម​ទៀត​។ អ្នក​ខ្លះ​​​យក​ថ្ម​ទៅ​គូស​វាស​លើ​ជញ្ជាំង​ប្រាសាទ​ ហើយ​ខ្លះ​ទៀត​ប្រៀប​ប្រដូច​ប្រាសាទ​ទៅ​នឹង​ដុំ​ថ្ម​​​​​គ្មាន​តម្លៃ​។ ឥរិយាបទ​មិន​គួរ​គប្បី​ទាំង​នេះ ល្មម​ដល់​ពេល​​ផ្លាស់​ប្ដូរ​ហើយ​! 

កម្ពុជា គឺ​ជា​ប្រទេស​តែ​មួយ​គត់​លើ​លោកដែល​មាន​រូប​​សំណង់​ប្រាសាទ​នៅ​ក្នុង​ទង់​ជាតិ​។ នេះ​គឺ​ជា​សក្ខីភាព​ដែល​បង្ហាញ​ថា ប្រាសាទ​បុរាណ មាន​ទំនាក់ទំនង​​យ៉ាង​ជិត​ស្និត​ទៅ​នឹង​ជីវិត​មនុស្សខ្មែរ​តាំង​ពី​បុរាណកាល​មក​ម្ល៉េះ​។

ដោយ​មាន​ឥទ្ធិពល​ពី​ឥណ្ឌា ព្រះ​រាជា​ខ្មែរ​ចាប់​ផ្ដើម​សាងសង់​ប្រាសាទ ដើម្បី​ឧទ្ទិស​ដល់​ទេវ​​និង​សាសនា​ផ្សេង​ៗ​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ គេ​ស្ថាបនា​ប្រាសាទ​ឡើង​ដើម្បី​តំណាង​ឲ្យ​កំពូល​ភ្នំ​ហិមាល័យ ដែល​ជា​ទី​លំនៅ​របស់​ទេវតា​។ ក៏​មាន​ផង​ដែរ ប្រាសាទ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​​ថ្វាយ​ព្រះ​ភ្លើង ឬ​ឧទ្ទិស​ដល់​បុគ្គល​សំខាន់​ណា​មួយ​។ ប្រាសាទ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ចាប់​ផ្ដើម​មាន​វត្តមាន​ដំបូង​នៅសម័យ​ចេនឡា ពោល​គឺ​ក្នុង​អំឡុង​​សតវត្ស​ទី​៦​នៃ​គ្រឹស្តសករាជ​។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​វេលា ទង្វើ​មនុស្ស ​និង​បាតុភូត​ធម្មជាតិ​កំពុង​តែ​ធ្វើ​ឲ្យ​ប្រាសាទ​បុរាណ​ខ្មែរ​ចាស់​ទ្រុឌ​ទ្រោម​​ជា​បន្ត​បន្ទាប់​។ ក្នុង​ចំណោម​ប្រាសាទ​បុរាណ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រមាណ​​១​ពាន់​ប្រាសាទ មាន​ប្រាសាទ​ជិត​៤០០​ហើយ ដែល​ត្រូវ​ដួល​រលំ​បាក់​បែក​បាត់​រូប​រាង​​​។ របាយការណ៍​របស់​ក្រសួង​វប្បធម៌​បង្ហាញ​ថា ប្រាសាទ​ដែល​នៅ​មាន​រូបរាង មាន​ប្រមាណ​តែ​ជាង​៥០០​ប្រាសាទ​ប៉ុណ្ណោះ​។

ក្នុង​គោលដៅ​ថែ​រក្សា​ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​អស់​ឲ្យ​ឋិតឋេរ​គង់​វង្ស គេ​សង្កេត​ឃើញ​ថា ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​។ ប្រាសាទ​ខ្លះ​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​ជួស​ជុល​ឡើង​វិញ និង​ខ្លះ​ទៀត​បាន​ត្រឹម​ធ្វើ​ការងារ​អភិរក្ស​។ យ៉ាង​ណា​ក៏​ដោយ ការងារ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​តែ​ប៉ុន​នេះ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​អស់ ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ចូល​រួម​ថែ​រក្សា និង​ផ្ដល់​តម្លៃ ពី​សំណាក់​ប្រជាជាតិ​ខ្មែរទាំង​មូល​​ឲ្យ​បាន​​ជាប់​លាប់​។

សព្វ​ថ្ងៃ​នេះ ត្បិត​តែ​ពលរដ្ឋ​ខ្មែរ​ជា​ពិសេស​យុវជន ​បាន​បង្ហាញ​ទឹក​ចិត្ត​ស្រឡាញ់ និង​ផ្ដល់​តម្លៃ​ដល់​បេតិកភណ្ឌ​ប្រាសាទ​បុរាណ​ក៏​ដោយ ក៏​គេ​កត់​សម្គាល់​ឃើញ​ថា ទឹក​ចិត្ត​ស្រឡាញ់​​ចំពោះ​ប្រាសាទ​បុរាណ​ទាំង​អស់​នោះ មិន​បាន​បង្ហាញ​ចេញ​ជា​សកម្មភាព​ជាក់​ស្ដែង​ឡើយ​។

ពលរដ្ឋ​ខ្លះ​បាន​ប្រៀប​ធៀបប្រាសាទ​បុរាណ​ទៅ​នឹង​ដុំ​ថ្ម ដូច​ជា​៖ ទៅ​មើល​ប្រាសាទ ដូច​ទៅ​មើល​ថ្ម។ ចំណែក​អ្នក​ខ្លះ​ទៀត​ពិសេស​យុវជន​តែ​ម្ដង បាន​យក​ថ្ម​ទៅ​គូស​វាស​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​ជា​ឈ្មោះ​របស់​ខ្លួន ឬ​ជា​អក្សរ​ផ្សេង​ៗ​ថែម​ទៀត​។ សូម្បី​តែ​ការ​ចោល​សម្រាម​ពាស​វាល​ពាស​កាល​នៅ​ក្នុង​តំបន់​ប្រាសាទ​ជា​បេតិកភណ្ឌ ក៏​ជា​ទង្វើ​ដ៏​ពេញ​និយម​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែរ​។

បើ​តាម​អ្នក​ជំនាញ ពលរដ្ឋ​ខ្មែរ​ស្រឡាញ់​សម្បត្តិ​បេតិកភណ្ឌ ពិសេស​ប្រាសាទ​បុរាណ​ដែល​មាន​នៅ​រាយប៉ាយ​ទូទាំង​ប្រទេស​។ ប៉ុន្តែ សកម្មភាព​មិន​សម​ទំនង​ទាំង​ឡាយ​ដែល​បាន​លើក​ឡើង​ខាង​ដើម​នេះ កើត​ឡើង​ដោយ​សារ​តែ​​ការ​យល់​ដឹង​​នៅ​មាន​កម្រិត មិន​ទាន់​យល់​ពី​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ ថា​មាន​សារៈសំខាន់​សម្រាប់​ប្រជាជាតិ​មួយ​យ៉ាង​ណា​។

បើ​ទោះ​បី​​ជា​ស្ថាបនា​ពី​ដី ពី​ឥដ្ឋ ឬ​ពី​ថ្ម​ក៏​ដោយ​ ​ប្រាសាទ​បុរាណ គឺ​ជា​កេរ​ដំណែល​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​។ ប្រាសាទ​បុរាណ​ដែល​ប្រឹង​ឈរ​ទប់​ខ្លួន​រាប់​រយ​ឆ្នាំ ក្រោម​ព្យុះ​ភ្លៀងនិង​ភ្លើង​សង្គ្រាម គឺ​ជា​ភស្តុតាង​នៃ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់ ព្រម​ទាំង​អត្តសញ្ញាណ​របស់​ខ្មែរ។ ប្រាសាទ​បុរាណ​ប្រៀប​បាន​ទៅ​នឹង​ដួង​ព្រលឹង​ជាតិ​។

ក្នុង​ន័យ​នេះ ពលរដ្ឋ​ពិសេស​យុវជន​ដែល​អះអាង​ថា​ស្រឡាញ់​ជាតិ គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥរិយាបទ​របស់​ខ្លួន​ចំពោះ​ប្រាសាទ​បុរាណ​។ ទង្វើ​មិន​គួរ​គប្បី​នានា ដូច​ជា​ការ​គូស​វាស​លើ​ប្រាសាទ ឬ​ចោល​សម្រាម​ពាស​វាល​ពាស​កាល​នៅ​ក្នុង​បរិវេណប្រាសាទ ល្មម​ដល់​ពេល​ផ្លាស់​ប្ដូរ​ហើយ៕

ករណី​​លោក កឹម សុខា ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ?

​សេណា​រីយ៉ូ ចំនួន​៣ សម្រាប់​ដំណើរ​វិល​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​

​ល្មម​ដល់​ពេល​ដែល​ពល​រដ្ឋ​ខ្មែរ​បង្កើត​ទម្លាប់​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​

​ជំនឿ​អរូបិយ​នៅ​តែ​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ខ្មែរ​

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​

​កា​ររួប​រួម​គណ​បក្ស​រាជា​និយម ​ផ្ដល់​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​

​វប្បធម៌​លើក​តម្កើង​បុគ្គល​នៅ​ក្នុង​សង្គម​កម្ពុជា​

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​

​ចប់​បាក់​ឌុប ​យុវ​ជន​គួរ​សម្រុក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​សំណង់​!​

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​

​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​?​

ការ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​របស់​វិនិយោគិន​ចិន ​និង​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ ​មិនអាច​ខ្វះ​មួយ​ណា​ឡើយ