អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​កម្ពុជា-ចិន ផ្សព្វ​ផ្សាយ​សក្តានុ​ពល​ទេសចរណ៍​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​អ្នក​ទេសចរ​ចិន​និង​ប្រទេស​ទី៣​

គណៈ​ប្រតិភូ​ចិន រួម​មាន​បេសកជន​ចំនួន​២០០០​នាក់ ដឹកនាំ​ដោយ​អនុ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍ បាន​មក​ដល់​កម្ពុជា​ហើយ ដើម្បី​ចូល​រួម​ក្នុង​ពិធី​អបអរ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន ២០១៩​។ គឺ​ជា​ការ​ជួប​ជុំ​ដ៏​ធំ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​កម្ពុជា​មើល​ឃើញ​ថា​ទីផ្សារ​ទេសចរណ៍​ចិន​ធំ និង​ស្រប​តាម​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ឲ្យ​បាន​៧លាន​នាក់ នៅ​ឆ្នាំ​២០២០​។ 

បេសកជនចិនចំនួន២០០០នាក់ ដែលបានមកទស្សនាកម្ពុជា
បេសកជនចិនចំនួន២០០០នាក់ ដែលបានមកទស្សនាកម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​មក​ដល់​របស់​បេសកជន​ទេសចរណ៍​ចិន​ប្រមាណ​២ពាន់​នាក់ ដែល​ដឹក​នាំ​ដោយ​លោក ចាង ស៊ុ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ចាប់​តាំង​ពី​ថ្ងៃទី២​ដល់​ថ្ងៃ​ទី៨ ខែ​មិថុនា​នេះ គឺ​ជា​ការ​មក​ដល់​នៃ​ពពួក​មនុស្ស​ខ្លឹមៗ ដែល​មាន​សក្តា​នុពល​អាច​ជួយ​ផ្សព្វ​ផ្សាយ​ពី​ទេសចរណ៍​សម្រាប់​ប្រទេស​កម្ពុជា​។

កម្មវិធី​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន នៅ​ពេល​នេះ គឺ​ផ្តើម​ចេញ​ពី​ជំនួប​មួយ​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៩ ដោយ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន​កំណត់ ថា​ឆ្នាំ​២០១៩​នេះ គឺ​ជា​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។

លោក តុប សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ការ​មក​ដល់​របស់​បេសកជន​ចិន ដែល​សុទ្ធ​សឹង​ជា​អ្នក​វិនិយោគ​ខាង​ទេចរណ៍ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ទេសចរណ៍​ចិន គឺ​ក្នុង​គោល​បំណង​ធ្វើ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​គ្នា ជា​ពិសេស​ជួយ​ផ្សព្វ​ផ្សាយ​សក្តា​នុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ទី៣ ហើយ​ក៏​ដូចជា​ការ​ទាក់​ទាញ​ទេសចរ​ចិន​មក​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​។ ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា និង​ការ​បណ្តុះ​បណ្តាល​ធមធាន​មនុស្ស​នៅ​ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​។ នេះ​បើ​តាម​លោក តុប សុភ័ក​។

តាម​កម្មវិធី ការ​អបអរ​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន ២០១៩ នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ ដោយ​មាន​វេទិកា​ផ្គូរ​ផ្គង​ដៃ​គូ​ធុរកិច្ច​ទេសចរណ៍​រវាង​ក្រុម​ហ៊ុន​ការី​ទេស​ចរណ៍​ចិន​ឬ(អ្នក​ទិញ) ចំនួន​៥០​ក្រុម​ហ៊ុន ជាមួយ​ក្រុម​ហ៊ុន​ការី​ទេសចរណ៍​កម្ពុជា​ឬ(អ្នក​លក់) ចំនួន​៥០​ក្រុម​ហ៊ុន​ទៀត​។ ក្រៅ​ពី​នេះ ក៏​មាន​កម្មវិធី​សម្តែង​សិល្បៈ​រួម​គ្នា ខ្មែរ-ចិន នៅ​រសៀល​ថ្ងៃ​ទី៥​មិថុនា​នេះ​ផង​ដែរ​។

សូម​រំលឹក​ថា​កាល​ពី​ឆ្នាំ២០១៨​កន្លង​ទៅ ប្រទេស​កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន៦,២លាន​នាក់ កើន១០,៧% ក្នុង​នោះ ទេសចរចិន​ឈរ​លំដាប់​លេខ​១ គឺ​ជាង​២លាន​នាក់​។ ក្រសួង​ទេសចរណ៍​រំពឹង​ទុក​ថា​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​ចិន​ចំនួន​២,៥​លាន​នាក់ ហើយ​នឹង​អាច​កើន​ដល់​៣លាន​នាក់ នៅ​ឆ្នាំ​២០២០ ខណៈ​គោល​ដៅ​នេះ ត្រូវ​រំពឹង​ថា​កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​៧លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២៥ នឹង​បាន​ចំនួន​១១លាន​នាក់ និង​១៥​លាន​នាក់​រំពឹង​ថា​នឹង​ទទួល​បាន​នៅ​ឆ្នាំ​២០៣០​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ