អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​តំណាង​ពាណិជ្ជករ​ចិន​ស្នើ​លោក ហ៊ុន សែន ជួយ​សម្រួល​ឲ្យ​មាន​ចរាចរណ៍​រូបិយ​បណ្ណ័​ចិន​នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា​

ប្រធាន​សមាគម​ទំនាក់​ទំនង​អន្តរ​ជាតិ​ចិន នៅ​ថ្ងៃទី ២៤ មេសា បាន​ស្នើ​ទៅ​កាន់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ឲ្យ​ជួយ​សម្រួល​ឲ្យ​មាន​ចរាចរណ៍​ប្រើ​ប្រាស់​រូបិយ​បណ្ណ័​ចិន​នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា ដើម្បី​ទាក់​ទាញ​វិនិយោគ​គិន​ចិន និង​ពី​ប្រទេស​ដទៃៗ​ទៀត​ មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ថែម​។ សំណើ​នេះ បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​មួយ​ថ្ងៃ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​កាន់​ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃទី ២៥ មេសា​។ 

ជំនួបរវាង លោក ហ៊ុន សែន និង តំណាងពាណិជ្ជករចិន
ជំនួបរវាង លោក ហ៊ុន សែន និង តំណាងពាណិជ្ជករចិន @SPM page
ផ្សាយពាណិជ្ជកម្ម

សំណើនេះ ត្រូវ​បាន​លើក​ឡើង​ដោយ លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់​ទំនង​អន្តរជាតិ​ចិន នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៤ មេសា។ នៅ​ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ឯវិមាន​សន្តិ​ភាព លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់​ទំនង​អន្តរជាតិ​ចិន បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​សម្រួល​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​នូវ​រូបិយ​បណ្ណ័​ចិន​នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា ខណៈ​ពេល​ដែល​ចំនួន​ជន​ជាតិ​ចិន​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​កើន​ឡើង​ជា​លំដាប់ និង​ជា​អ្វី​ដែល​ប្រធាន​សមាគម​ទំនាក់​ទំនង​អន្តរជាតិ​ចិន​រូប​នេះ បាន​អះអាង​ថា គឺ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ចិន ឲ្យ​មក​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​គណនីយ​ហ្វេស​បុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៤ មេសា លោក​នាយក​រដ្ឋ​មន្ត្រី នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ទៅ​នឹង​សំណើ​នេះ​នៅ​ឡើយ​ទេ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្រៅ​ពី​ប្រាក់​រៀល​របស់​ខ្លួន ប្រជាពល​រដ្ឋ​កម្ពុជា​បាន​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​របស់​អាមេរិក​យ៉ាង​ទូលំ​ទូលាយ ខណៈ​នៅ​តាម​ជាយ​ដែន​ថៃ មាន​ការ​ប្រើ​ប្រាស់​ប្រាក់​បាត​ថៃ ហើយ​នៅ​ព្រំដែន​វៀត​ណាម​ក៏​មាន​ការ​ចរាចរណ៍​ប្រាក់​ដុង​របស់​វៀត​ណាម​ផង​ដែរ​។ ទោះ​បីជា​ប្រាក់​យ័ន​របស់​ចិន នៅ​មិន​ទាន់​មាន​ការ​ចរាចរណ៍​បាន​ទូលំ​ទូលាយ​នៅ​ក្នុង​ទីផ្សា​កម្ពុជា​ក្តី ក៏​ប៉ុន្តែ​លោក ចាន់ សុផល ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​អះអាង​ថា ប្រាក់​យ័ន​របស់​ចិន អាច​ចរាចរណ៍​បាន​នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា ប្រសិន​បើ​ភាគី​ពាក់​ព័ន្ធ​ទទួល​យក​ដោយ​រីក​រាយ ខណៈ​ដែល​ទីផ្សារ​របស់​កម្ពុជា​ក៏​មិន​បាន​ហាម​ឃាត់​ដាច់​ខាត​ផង​នោះ​។

សូម​ជំរាប​ជូន​ថា សំណើ​របស់ លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់​ទំនង​អន្តរជាតិ​ចិន បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​មួយ​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ចូល​រួម​វេទិកា «ខ្សែ​ក្រវាត់ និង​ផ្លូវ» លើក​ទី២ រួម​និង​កិច្ច​ប្រជុំ​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត ចាប់​ពី​ថ្ងៃ​ទី២៥ ដល់ ២៩ មេសា ២០១៩។ លោក ហ៊ុន សែន បាន​ប្រាប់​លោក យន់ ថា នៅ​ក្នុង​ប្រទេស​ចិន លោក​គ្រោង​នឹង​ជួប​ពិភាក្សា​បន្ថែម​អំពី​គម្រោង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជចិន​កម្ពុជា​ដែល​ពាក់​ព័ន្ឋ​នឹង​ផ្លូវ​១ខ្សែ​ក្រវ៉ាត់១ ស្រប​ជាមួយ​នឹង​យុទ្ឋសាស្រ្ត​ចតុកោណ​របស់​កម្ពុជា​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្រ្តី នឹង​ស្នើ​សុំ​ការ​គាំទ្រ និង​កិច្ច​សហការ​ជាមួយ​មិត្ត​ចិន ដើម្បី​ជំរុញ​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ពិសេស​នៅ​ខេត្ត​ព្រះ​សីហនុ ដែល​ជា​ខេត្ត​កំពុង​មាន​សក្តា​នុពល​នោះ​អោយ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០១៨​មក ជន​ជាតិ​ចិន​ប្រមាណ​ជា​២១​ម៉ឺន​នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា​។ ចំនួន​នេះ​បាន​កើន​ឡើង​ជាង​១០ម៉ឺន​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ក្នុង​នោះ​មាន​ជាង​៧៨០០០​នាក់ កំពុង​រស់​នៅ​និង​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ក្នុង​នោះ​អ្នក​មាន​ប័ណ្ណ​ការងារ​ត្រឹម​ត្រូវ​ជាង​២ម៉ឺន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ