អានតួអត្ថបទ
កម្ពុជា

អ្នក​នាំពាក្យ​​ការ​បរទេស​​ចិន​៖​មហា​​យក្ស​​ចិន​​នឹង​​នៅតែ​​បន្ត​​ជួយ​​កម្ពុជា ​ដើម្បី​​រក្សា​​ស្ថិរភាព​​និង​​ការ​អភិវឌ្ឍ​

បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ខឺ​ឈាំ​ង បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​និង​ត្រឡប់​ទៅដល់​ប្រទេស​ចិន​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានធ្វើ​សន្និសីទកាសែត​មួយ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ។ បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន មហា​ចិន​នឹង​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា ដើម្បី​រក្សា​នូវ​ស្ថិរភាព សម្រេច​នូវ​ការអភិវឌ្ឍ និង​ជួយ​ស្ទួយ​ដល់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​តាមតែ​លទ្ធភាព​ដែល​ខ្លួន​មាន។

នាយក​រដ្ឋ​មន្រ្តី​ចិន ​និ​ងកម្ពុជា ​ចាប់​ដៃគ្នា​ក្នុង​អំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ក​ម្ពុជា​
នាយក​រដ្ឋ​មន្រ្តី​ចិន ​និ​ងកម្ពុជា ​ចាប់​ដៃគ្នា​ក្នុង​អំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ក​ម្ពុជា​ @PM Facebook
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​អះអាងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​លី ខឺ​ឈាំ​ង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ភាគី​ទាំងពីរ​បានសម្រេច​ថា នឹង​រក្សា​ការផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក​ក្នុង​កម្រិត​ខ្ពស់​ជាប្រចាំ ពង្រឹង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​លើបញ្ហាសំខាន់ផ្សេងៗទៀត។ បើតាម​លោក Lu Kang ចិន​នឹង​បន្ត​គាំទ្រ​ឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​ជ្រើសរើស​មា​គា​អភិវឌ្ឍ​ដែល​ត្រូវ​នឹង​ភាព​ពិត​ជាក់ស្តែង​នៅ​កម្ពុជា និង​ផ្តល់នូវ​ជំនួយ​ដល់​កម្ពុជា​ដើម្បី​រក្សា​ស្ថិរភាព ការសម្រេច​លើ​ការអភិវឌ្ឍ និង​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា។ បន្ថែម​លើ​នេះ ចិន​នឹង​បង្កើន​នូវ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ហើយ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ចិន​ធ្វើដំណើរ​កម្សាន្ត​មកកាន់​ប្រទេស​កម្ពុជា និង​បង្កើត​ឱកាស​កាន់​ច្រើនឡើង​បន្ថែមទៀត​សម្រាប់​យុវជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក។

នាយករដ្ឋមន្ត្រី​ចិន​លោក​លី ខឺ​ឈាំ​ង បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​រយៈពេល២ថ្ងៃ​ចាប់ពី​ថ្ងៃទី១០ដល់​ថ្ងៃទី១១ មករា​ក្នុង​សប្តាហ៍​នេះ។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១របស់លោក តាំងពី​ឡើងកាន់តំណែង​នៅ​ឆ្នាំ២០១៣ និង​ជា​ដំណើរ​ទស្សនកិច្ច​ទី១របស់​ថ្នាក់ដឹកនាំ​ចិន​នៅ​បរទេស​ដែរ​នៅក្នុង​ឆ្នាំ២០១៨នេះ។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន។ យោងតាម​អ្នកនាំពាក្យ​ដដែល នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ចិន និង​កម្ពុជា​បានលើកឡើង​ពី​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា​ក្នុង​រយៈពេល៦ទសវត្ស​ដែល​កម្ពុជា និង​ចិន​បានចាប់ផ្តើម​បង្កើត​ចំណង​ការទូត​រវាង​គ្នា និង​បាន​ឯកភាពគ្នា​កសាង​លើ​សមិទ្ធផល​កន្លងមក​និង​នាំមក​នូវ​អនាគត​ថ្មី​និង​ចូលរួម​បង្កើត​សហគមន៍​យុទ្ធសាស្ត្រ​រួមគ្នា។

សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា​នេះដែរ ភាគី​ទាំងពីរ​បានសម្រេច​នូវ​អនុស្សារណៈ​ចំនួន១៩ ដែល​ក្នុងនោះ ១៧ឯកសារ ជា​កិច្ចព្រមព្រៀង​រវាង​វិស័យ​រដ្ឋ និង​រដ្ឋ និង ២ឯកសារ​ទៀត ជាការ​ព្រមព្រៀង​រវាង​វិស័យ​ឯកជន និង​ឯកជន។ ជាមួយគ្នានេះ កម្ពុជា​និ​ចិន​ក៏បាន​ប្រកាស​រួមគ្នា​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​លើ​គម្រោង «ដំណើរ​នៃ​ក្តី​ស្រលាញ់​ពី​បេះដូង» នៅ​កម្ពុជា គម្រោង​សាងសង់​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ នៅ​ខេត្ត​ត្បូងឃ្មុំ និង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ។

ក្រៅពីនេះ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង ក៏បាន​អះអាង​ប្រាប់​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែរ​ថា ចិន​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ២៧៦លាន​ដុល្លារ សម្រាប់​គម្រោង​តូច-ធំ នៅក្នុង​ប្រទេស​កម្ពុជា។ សូម​ជំរាបជូន​ថា ចិន​គឺជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ដល់​កម្ពុជា​ច្រើនជាងគេ ហើយ​ទាក់ទង​នឹង​ផ្នែក​ពាណិជ្ជកម្ម​វិញ មកដល់ពេលនេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​មាន​ដល់​ទៅ​ជាង៥ពាន់​លាន​ដុល្លារ​ក។ ចំណែក​ការវិនិយោគ​វិញ គឺ​គិត​មកដល់ពេលនេះ ការ​វិយោគ​របស់​ចិន​នៅ​ក្នុ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ដល់​ទៅ១៦ពាន់​លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ