rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

ការ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​របស់​វិនិយោគិន​ចិន ​និង​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ ​មិនអាច​ខ្វះ​មួយ​ណា​ឡើយ

ដោយ ញឹម សុផល

ជុំវិញ​លំហូរ​ជនជាតិ​ចិន​យ៉ាង​គំហុក​ចូល​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​សម្តែង​ការ​អបអរ​ផង ព្រួយ​បារម្ភ​ផង​។ ​ការ​ព្រួយបារម្ភ​គឺ​ពលរដ្ឋ​ខ្មែរ ​ក៏​ដូច​ជាបញ្ញវន្ត ​ឬ​អ្នក​នយោបាយ ​បាន​ធ្វើការ​វាយ​ប្រហារ​ត្រង់​ៗ​ទៅលើ​សកម្មភាព​ ដែល​ជនជាតិ​ចិន​បាន​ប្រព្រឹត្ត​ជា​បន្តបន្ទាប់ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា​។ ​ក៏​ប៉ុន្តែ​ការ​ស្តី​បន្ទោស​នេះ ​ត្រូវបាន​ការពារ​ដោយ​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត ​ខណៈ​ប្រទេស​កម្ពុជា​ចាំបាច់​ទទួល​យក​ការអភិវឌ្ឍ​។

តាមពិត​វត្តមាន​របស់​ជនជាតិ​ចិន ​ឬ​អ្នក​វិនិយោគចិន ​នៅ​ប្រទេស​កម្ពុជា ​គឺ​មិនមែន​ជា​រឿង​អវិជ្ជមាន​នោះ​ទេ ​ខណៈ​នៅតាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ​ជនជាតិ​ចិន​បាន​បង្ហាញ​វត្តមាន​ដូចគ្នា​ដែរ ​ទៅតាម​ស្ថានភាព​ទីផ្សារ​ជំនួញ​តូច​ឬ​ធំ​របស់​ពួក​គេ​។

អ្នក​ជំនួញ​ចិន ​ដោយមាន​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​ជ្រើសរើស​យក​ខេត្ត​ព្រះសីហនុ ​ដែល​ជា​ខេត្ត​ទេសចរណ៍​ជាប់​សមុទ្រ ​ជា​ទី​កន្លែង​ឈរជើង​។ ​ការ​ឈរជើង​របស់​អ្នកមាន​ចិន ​ភ្លាម​ៗ​បាន​ផ្តល់​នូវ​ផលប្រយោជន៍​លើ​វិស័យ​អចលទ្រព្យ ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ ​និង​នៅ​តំបន់​មួយ​ចំនួន​ទៀត​។

ក៏​ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​ ចង់​មិន​ចង់​តែង​មាន​ប្រតិកម្ម​ដោយ​ចំ​ៗ​ទៅលើ​អាកប្បកិរិយា ​និង​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​ជនជាតិ​ចិន​ម្តង​ហើយ​ម្តង​ទៀត​។ ​អ្នក​នយោបាយ​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល ​តែង​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​ចិន​អាច​នឹង​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​មកលើ​ប្រទេស​កម្ពុជា​។

ជាការ​កត់​សម្គាល់ ​ក្រៅពី​ភាព​បាត់​សណ្តាប់ធ្នាប់​កន្លង​មក ​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន ​ដូចជា​ការ​បង្ក​ប្រទូសរ៉ាយ​រវាង​ចិន​និង​ចិន ​ការ​ប្រមាថ​ដល់​ខេមរភាសា​នៅលើ​ស្លាក​យីហោ​ក្រុមហ៊ុន​ ឬ​ភោជនីយដ្ឋាន ​ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អនឡាញ ​ការ​បើក​បន​ពេស្យា​ក្រោម​រូបភាព​ម៉ាស្សា ​ចុងក្រោយ​នេះ ​គឺ​ការ​គម្រាម​បង្ក​អសន្តិសុខ​តាមរយៈ​ឃ្លីបវីដេអូ​នៅ​ខេត្ត​ព្រះសីហនុ ​គឺ​ជាចំណុច​សំខាន់​មួយ ​ដែល​ក្រុម​អ្នក​រិះគន់​យល់ថា​ជាការ​បង្ហាញ​ចរិក ​និង​ឥទ្ធិពល​អវិជ្ជមាន​របស់​ចិន​ជា​បណ្តើរ​ៗ​។

ទោះយ៉ាងណា ​រដ្ឋាភិបាល​កម្ពុជា​ តែង​ព្យាយាម​ថ្នម​ស្ថានការណ៍ ​ដោយ​សមត្ថកិច្ច ​បាន​និង​កំពុង​ដោះស្រាយ​បញ្ហា ​ដែល​ជនជាតិ​ចិន​បង្កឡើង​ជា​បន្តបន្ទាប់ ​ក្រោម​កិច្ចសហការ​ពី​ស្ថានទូត​ចិន​នៅ​កម្ពុជា​។

នៅក្នុង​ទិដ្ឋភាព​ទូទៅ ​រដ្ឋាភិបាល​កម្ពុជា ​ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ខ្លួន​ដែរ ​តែង​អះអាង​ថា​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវមាន​ការ​អភិវឌ្ឍ ​ដោយ​មាន​ការ​បើក​ទូលាយ​ការ​វិនិយោគ​ដល់​វិស័យ​ឯកជន​ ដោយ​មិនមាន​ការ​រើសអើង​។

ទោះជា​មាន​ការ​ទទួល​យក ​ឬ​មិន​ទទួល​យក​ការ​វិនិយោគ​ដោយ​ជនជាតិ​ចិន​យ៉ាង​ច្រើន​សន្ធឹក​ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ក៏ដោយ ​ក៏​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ភាគ​ខាងត្បូង ​គឺ​ពឹង​ផ្អែក​ចំបង​ទៅលើ​វិស័យ​ឯកជន​របស់​ចិន ​ហើយ​ពេលនេះ​កំពុង​បន្ថែម​ល្បឿន​ទៅមុខ​។

ទន្ទឹមគ្នា​នឹង​ការ​អភិវឌ្ឍ​ដោយ​បើក​ចំហរ ​ប្រកប​ដោយ​ភាព​រកាំរកូស​នេះ ​កម្ពុជា​ដែល​ជា​ម្ចាស់​ប្រទេស​ក៏​ត្រូវ​ត្រៀម​ខ្លួន​ដែរ ​ដើម្បី​ទប់ទល់​សភាពការណ៍​អាក្រក់​ជា​យថាហេតុ​ណាមួយ ​ដោយចាប់ផ្តើម​ពីការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ទៅលើ​ជនជាតិ​បរទេស​ឲ្យ​បាន​ច្បាស់លាស់​។ ​អាជ្ញាធរ​ត្រូវ​ណែនាំ​ឲ្យ​បាន​ជាក់លាក់​ដល់​ជន​បរទេស ​ក៏ដូច​ជា​ជនជាតិ​ចិន​ដែរ ​ដោយ​ឲ្យ​ពួក​គេ​គោរព​តាម​ច្បាប់ ​និង​ទំនៀមទំលាប់ ​ប្រពៃណី​របស់​កម្ពុជា​។

កន្លង​មក​អាជ្ញាធរ​ខ្មែរ ​ត្រូវ​គេ​មើលឃើញ​ថា ​មាន​ការ​យឺតយ៉ាវ ​ក្នុងការ​បង្ការ ​និង​ទប់ស្កាត់​បទល្មើស​នានា ​ដែល​បណ្តាល​មក​ពី​ជនជាតិ​ចិន​។ ​ផ្ទាំង​អក្សរ​ខ្មែរ​រាប់រយ ​ត្រូវបាន​លើក​ទាំង​ខុស ​អក្ខរាវិរុទ្ធ​ដោយ​ជនជាតិ​ចិន ​នៅតាម​កន្លែង​ប្រកប​អាជីវកម្ម​របស់​ពួក​គេ​។ ​នេះ​ជា​ឧទាហរណ៍​មួយ​នៃ​លទ្ធផល ​ដែល​សមត្ថកិច្ច​ខ្មែរ ​មិនបាន​ប្រុងប្រយ័ត្ន ​និង​ត្រួត​ពិនិត្យ​ជាមុន​។

ក៏​ប៉ុន្តែ ​វា​មិន​យឺត​ពេល​ទេ ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា ​ចាប់ផ្តើម​ធ្វើការ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ពង្រឹង​ច្បាប់​អន្តោប្រវេសន៍ ​ដោយ​បង្វែ​ការ​ព្រួយបារម្ភ​របស់​សាធារណជន ​ទៅជា​ការ​ធានា ​និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ដែល​កន្លងមក​មាន​ការ​យឺតយ៉ាវ​ ជាង​ប្រទេស​ជិត​ខាង ​ដោយសារ​តែ​សង្គ្រាម​ផ្ទៃ​ក្នុង​។

សរុប​មក ​រវាង​ការ​ជួយ​ជម្រុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ពី​សំណាក់​អ្នក​វិនិយោគ​ចិន ​នៅ​ក្នុង​ដំណាក់កាល​នេះ ​និង​ការ​ព្រួយ​បារម្ភ​ ដែល​ជា​រឿង​ធម្មតា​សម្រាប់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ប្រទេស​ជាតិ​ គឺ​គេ​មិន​អាច​ទាត់​ចោល​មួយណា​បាន​ឡើយ ​ខណៈ​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​បន្ទាត់​ក្រីក្រ​នៅ​ឡើយ​៕

​ជំនឿ​អរូបិយ​នៅ​តែ​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ខ្មែរ​

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​

​កា​ររួប​រួម​គណ​បក្ស​រាជា​និយម ​ផ្ដល់​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​

​ប្រាសាទ​បុរាណ​ខ្មែរ ​ត្រូវ​ការ​​ចូល​រួម​ថែ​រក្សា​ពី​សំណាក់​ពល​រដ្ឋ​គ្រប់​រូប​​

​វប្បធម៌​លើក​តម្កើង​បុគ្គល​នៅ​ក្នុង​សង្គម​កម្ពុជា​

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​

​ចប់​បាក់​ឌុប ​យុវ​ជន​គួរ​សម្រុក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​សំណង់​!​

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​

​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​?​

​គួរ​បើក​វចនា​នុក្រម​ខ្មែរ ឲ្យ​បាន​ញឹក​ញាប់​ដូច​បើក​វចនានុ​ក្រម​ភាសា​បរទេស​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​