ចុះផ្សាយនៅថ្ងៃទី • កែប្រែនៅថ្ងៃទី
ក្រសួងទេសចរណ៍សហការជាមួយចិនជម្រុញការបណ្តុះបណ្តាលទេសចរណ៍ឌីជីថល
ក្រសួងទេសចរណ៍នៅថ្ងៃចន្ទនេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តហៃណាន របស់ចិន បើកវគ្គបណ្ដុះបណ្ដាលរយៈពេល១៥ថ្ងៃ ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជាឆ្ពោះទៅឧស្សាហកម្ម ៤.០។ ការបណ្ដុះបណ្ដាលមួយនេះ គឺក្នុងបំណងឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្ស ដែលបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលមានការរីកចំរើនខ្លាំងនៅក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថល។
លោក ហ័ង ឆាងស្យុង (HAUNG Changxiong) ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន របស់ចិន បានឲ្យដឹងថាលក្ខណៈនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ក្នុងបរិបទឧស្សាហកម្ម ៤.០ នឹងត្រូវយកមកបង្រៀនដល់សិក្ខាកាមកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃបណ្តាញទិន្នន័យធំៗ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពាណិជ្ជកម្មអេឡិចត្រូនិច ដែលជាបច្ចេកវិទ្យាស្នូលក្នុងការគ្រប់គ្រងសេវាកម្មទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ វិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ននេះ បាន និងកំពុងមានការដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍវិស័យទេសចរណ៍តាមបែបឌីជីថលហើយ។ ក្នុងការអនុវត្តនោះមានដូចជា សមត្ថភាពក្នុងការចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ ប្រព័ន្ធធ្វើចំណាត់ថ្នាក់សណ្ឋាគារនិងភោជនីយដ្ឋាននានា តាមប្រព័ន្ធអនឡាញ ប្រព័ន្ធគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍អនឡាញ ប្រព័ន្ធមធ្យោបាយដឹកជញ្ជូនវៃឆ្លាត និងនៅមានប្រពន្ធ័ដំណើរការជាច្រើនទៀត ដែលតម្រូវឲ្យមានប្រតិបត្តិការតាមរយៈ QR-CODE និង ទូរសព្ទស្មាតហ្វូនជាដើម។
ជាមួយគ្នានេះ លោក ហោ មុនីរត្ន័ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងដែរថា អ្នកបម្រើការងារក្នុងវិស័យ មានប្រមាណតែ២០%ប៉ុណ្ណោះ ដែលធ្លាប់សិក្សាជំនាញ តាមសាលា ឬតាមវគ្គបណ្ដុះបណ្ដាលនានា។ នៅឆ្នាំ២០២០ខាងមុខ កម្ពុជានៅត្រូវការអ្នកបម្រើការចំនួន ២០ម៉ឺននាក់ បន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការកំណើនទេសចររបស់កម្ពុជាបាន។
សូមរំឮកជូនថា បើតាមក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ កើនឡើងជាង១០% ហើយភ្ញៀវទេសចរជនជាតិចិន គឺជាទីផ្សារធំជាងគេលេខមួយរបស់កម្ពុជា។ ក្រសួងថែមទាំងរំពឹងទៀតថា ភ្ញៀវទេសចរចិន នឹងកើនឡើងរហូតដល់ ៣លាននាក់ ក្នុងឆ្នាំ២០២០ ខណៈឆ្នាំ២០១៨ ភ្ញៀវទេសចរជនជាតិចិន មាន ប្រមាណជា ២លាននាក់៕
អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត