អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ ​រំលឹក​ពី​ទំនាក់​ទំនង ​ចិន​-​កម្ពុជា ​មុន​ទស្សន​កិច្ច ​លោក ​ហ៊ុន ​សែន ​នៅ​ប្រទេស​ចិន​នា​សប្តាហ៍​ក្រោយ​

ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​រយៈពេល៤ថ្ងៃ នៅ​សប្តាហ៍​ក្រោយ ដែលជា​ទស្សនកិច្ច​លើកដំបូង​នៃ​បន្ទាប់ពី​កម្ពុ​ជាមាន​រដ្ឋាភិបាល​អាណ​ត្តិ​ទី៦ ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា បានរៀបចំ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ។ ជា​ជំនួប​មួយ ដែល​និយាយ​ពី​ការបង្កើន​ចំណងមិត្តភាព​រវាង​ចិន និង​កម្ពុជា បន្ថែមទៀត ខណៈ​ប្រទេស​ទាំងពីរ​មាន​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​នឹង​គ្នា​គ្រប់​ជ្រុងជ្រោយ​ទៅហើយនោះ។ 

លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា @FN
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ខ្មែរ​ក្នុងស្រុក​មួយចំនួន និង​អ្នកកាសែត​ចិន លោក វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែងថា​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២៣ ខែមករា នេះ នឹងមាន​ជំនួប​ជាមួយ​មេដឹកនាំ​ចិនសំខាន់៤រូប គឺ​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាង ប្រធានរដ្ឋសភា​ប្រជាជន​ចិន លី ជាំ​ង​ស៊ូ និង​លោក វ៉ាង យ៉ាង ប្រធានសភា​ពិគ្រោះ​យោបល់​ចិន។

តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ឯកអគ្គរដ្ឋទូត​ចិន លោក វ៉ាង វិ​ន​ធាន បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន លើក​នេះ​ទៅកាន់​ប្រទេស​ចិន ថា​ជាការ​ចាប់ផ្តើម​មួយ​ដ៏​ល្អ សម្រាប់​ឆ្នាំ២០១៩ ក្រោយ​ការបង្កើត​រដ្ឋាភិបាល​អាណ​ត្តិ​ទី។ លោក វ៉ាង ក៏បាន​សង្ឃឹម​ដែរ​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន នឹងធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន-កម្ពុជា កាន់តែ​ស៊ីជម្រៅ និង​ល្អប្រសើរ​ថែមទៀត ខណៈដំណើរ​ទស្សនកិច្ច​នេះ នឹងមាន​ឯកសារ​ជាច្រើន ដែល​ប្រទេស​ទាំងពីរ ត្រូវ​ចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា។

ឯកអគ្គរដ្ឋទូត​ចិន ក៏បាន​លើកឡើង​ពី​ចំណងមិត្តភាព​រឹងមាំ រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ជំនាន់​មុន រហូតមកដល់​មេដឹកនាំ​បច្ចុប្បន្ន ប្រៀបបាន​ទៅនឹង​ផ្កា​ដែល​មិនចេះ​ស្រពោន និង​រីក​ក្រោម​មេឃ​ស្រឡះ។ ការគោរព​គ្នា​ទៅវិញទៅមក និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក រវាង​កម្ពុជា-ចិន ត្រូវ​លោក វ៉ាង វិ​ន​ធាន ប្រាប់​កាសែត​ថា ជា​ទំនាក់ទំនង​មាន​លក្ខណៈពិសេស ដែលជា​គំរូ​រវាង​ប្រទេស និង​ប្រទេស។

ក្រៅពីនេះ​ចិន​បាន​ក្លាយជា​ប្រភព​ទេសចរណ៍ ដ៏​ធំជាងគេ​បង្អស់​របស់​កម្ពុជា ដែលមាន​អ្នកទេសចរ ១,៦លាន​នាក់ មក​កម្ពុជា នៅ​ឆ្នាំ២០១។ ប្រទេស​ចិន បានក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា នៅ​ឆ្នាំ២០១៨ ក្រុមហ៊ុន​ចិន​បានដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​សរុប​ជាង ២០ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ចិន ៧០ភាគរយ ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង។ ក្រុមហ៊ុន​ទាំងនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់។ នេះ​បើតាម​ការលើកឡើង​រប​ស់ឯក​អគ្គរដ្ឋទូត​ចិន ប្រាប់​កាសែត។ ជាងនេះទៅទៀត ជំនួយ​របស់​ចិន និង​កំចី​ឥណទាន សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក៏ត្រូវ​បានបញ្ជាក់​ផងដែរ​ដោយ​តំណាង​រដ្ឋាភិបាល​ចិន​ប្រចាំ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ