អានតួអត្ថបទ
កម្ពុជា

លោក​ ជា ស៊ីម ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ

លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទទួល​មរណភាព​ហើយ នៅវេលាម៉ោង​៣​នឹង​៤៥​នាទី​រសៀល​ថ្ងៃ​ចន្ទ ទី​០៨​ខែ​មិថុនា​នេះ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ។

លោក ជា​ ស៊ីម ប្រធាន​​ព្រឹទ្ធសភា​​ និង​​ជា​​ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​
លោក ជា​ ស៊ីម ប្រធាន​​ព្រឹទ្ធសភា​​ និង​​ជា​​ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ជា ស៊ីម កើត​នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា ឆ្នាំ​១៩៣២ នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង។ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៤៧ រហូត​ដល់​ឆ្នាំ​១៩៥៤ លោក ជា ស៊ីម បាន​ចាប់​ផ្ដើម​ជីវិត​នយោបាយ​ដោយ​ចូល​រួម​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ឥស្សរៈ ដើម្បី​ឯករាជ្យ​មាតុភូមិ។ លុះ​ក្រោយ​មក ចាប់​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ លោក​បាន​ចូល​រួម​ក្នុង​ចលនា​តស៊ូ​ស្នេហា​ជាតិ និង​ក្រោយ​មក​បាន​ក្លាយ​ជា​ប្រធាន​ឃុំ និង​ប្រធាន​ស្រុក​ជា​បន្ត​បន្ទាប់។

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ជា ស៊ីម រួម​ជាមួយ​សមមិត្ត​ផ្សេងទៀត បាន​តស៊ូ​ ដោយ​សម្ងាត់​និង​ដោយ​ចំហ ប្រឆាំង​នឹង​របប​ប៉ុលពត​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ប្រទេស​វៀតណាម។ ក្រុម​អ្នក​តស៊ូ​មួយ​ក្រុម​នេះ បាន​ប្រមូល​ផ្ដុំ​បង្កើត​បាន​ជា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។ លោក​ ​ជា ស៊ីម គឺ​ជា​អនុប្រធាន នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។

គឺ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នេះ​ហើយ ដែល​បាន​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩។ បន្ទាប់​ពី​នោះ​មក លោក ជា ស៊ីម ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​សភា​ប្រជាជន​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ពី​ឆ្នាំ​១៩៨១ រហូត​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១។

នៅ​ឆ្នាំ​១៩៩១​ដដែល​នោះ​ លោក ជា ស៊ីម បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​យូរ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​​ពេល​​បច្ចុប្បន្ន​​នេះ។

លោក​ ជា ស៊ីម បាន​ក្លាយ​ជា​ប្រធាន​រដ្ឋសភា ​ចាប់​ពី​ខែ​តុលា​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​ជា​សកល។ លោក​បាន​បន្ត​តំណែង​នេះ​រហូត​ដល់​ឆ្នាំ​១៩៩៨​ និង​ក្រោយ​មក​ជា​ប្រធាន​ព្រឹទ្ធសភា ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៨ រហូត​មក​ទល់​បច្ចុប្បន្ន។

លោក​ ជា ស៊ីម បាន​ទទួល​ងារ​ជា សម្ដេច ពី​ព្រះ​បាទ​នរោត្តម​សីហនុ នៅ​ឆ្នាំ​១៩៩៣ និង​បាន​ទទួល​ងារ​ជា សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល ពី​ព្រះ​បាទ​នរោត្តម​សីហមុនី នៅ​ឆ្នាំ​២០០៧។ ផ្សេង​ពី​នោះ លោក ជា ស៊ីម ក៏​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ទៀត ពី​ព្រះ​មហាក្សត្រ​​កម្ពុជា​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ