អានតួអត្ថបទ
កម្ពុជា

យុទ្ធនាការ​រំដោះ​ចិញ្ចើម​ផ្លូវ​នៅ​ភ្នំពេញ ចេញ​ដំណើរ​មុន​គេ​នៅ​ខណ្ឌ​ច្បារ​អំពៅ

នៅ​ថ្ងៃ​សៅរ៍ ទី​២២​កក្កដា ​នេះ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ ដើម្បី​រៀបចំ​សណ្ដាប់​ធ្នាប់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​១ ចាប់​ពី​ចំណុច​គល់​ស្ពាន​ព្រះ​មុនីវង្ស ដល់​ភូមិ​ក្ដី​តាកុយ សង្កាត់​វាល​ស្បូវ មាន​ចម្ងាយ​ផ្លូវ​៤​គីឡូម៉ែត្រ​​។ នៅ​ក្នុង​យុទ្ធនាការ​នេះ អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​​​និងចំណី​ផ្លូវ ​ មក​ធ្វើ​អាជីវកម្ម​ត​ទៅ​ទៀត​។

សកម្មភាព​ចាប់​ម៉ូយ​របស់​រថយន្ត​ឈ្នួល​នៅ​ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស ក្នុង​ខណ្ឌ​ច្បារ​អំពៅ​នា​ពេល​កន្លង​មក
សកម្មភាព​ចាប់​ម៉ូយ​របស់​រថយន្ត​ឈ្នួល​នៅ​ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស ក្នុង​ខណ្ឌ​ច្បារ​អំពៅ​នា​ពេល​កន្លង​មក រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ​របស់​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ផ្ដោត​លើ​ក្រុម​គោលដៅ​សំខាន់​២៖ ទី​១ គឺ​រថយន្ត​ឈ្នួល ដែល​ចត​ចាប់​ម៉ូយ​នៅ​ត្រង់​ចំណុច​គល់​ស្ពាន​។ និង​ទី​២ គឺ​ប្រជាពលរដ្ឋ​ដែល​លក់​ដូរ​រំលោភ​លើ​ចិញ្ចើម​ផ្លូវនិង​ចំណី​ផ្លូវ​សាធារណៈ​។

សម្រាប់​រថយន្ត​ឈ្នួល អាជ្ញាធរ​លែង​អនុញ្ញាត​ឲ្យ​ចត​ចាប់​ម៉ូយ​អាណាធិបតេយ្យ​ពាស​វាល​ពាស​​កាល​ពេញ​ផ្លូវ​ទៀត​ហើយ​។ រថយន្ត​ឈ្នួល​ត្រូវ​តម្រូវ​ឲ្យ​ចូល​ទៅ​ចត​នៅ​ចំណតរថយន្ត ឬ​បើ​ពុំ​ដូច្នេះ​ទេ ម្ចាស់​រថយន្ត​នឹង​ប្រឈម​នឹង​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ដែល​មាន​ដូច​ជា​ការ​ចុះ​កិច្ច​សន្យា​និង​ការ​ផាក​ពិន័យ​ជា​ដើម​។

ដោយ​ឡែក សម្រាប់​ប្រជាពលរដ្ឋ​ជាអាជីវករ​លក់​ដូរ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​វិញ​ នៅ​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរបាន​ចុះ​អប់រំ​ណែនាំ​ពួក​គាត់​កុំ​ឲ្យ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​និង​ចំណី​ផ្លូវ​មក​ធ្វើ​អាជីវកម្ម ឬ​ចត​ម៉ូតូ​រថយន្ត ​ត​ទៅ​ទៀត​។ ដូច​គ្នា​ទៅ​នឹង​ម្ចាស់​រថយន្ត​ឈ្នួល​ដែរ ប្រសិន​បើ​អាជីវករ​មិន​សហការ​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ នោះ​អាជ្ញាធរ​នឹង​មាន​វិធានការ​រដ្ឋបាល​ចំពោះ​ពួក​គាត់​​។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​នេះ ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​បាន​សម្ដែង​ការ​ស្វាគមន៍ និង​គាំទ្រ​។ ប៉ុន្តែ​ពួក​គាត់​សុំ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ឲ្យ​ស្មើ​ភាព​គ្នា​ទាំង​អស់ និង​គួរ​ទុក​ចន្លោះ​ពេល​ណា​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ប្រកប​អាជីវកម្ម​ផង​។ ឆ្លើយ​តប​នឹង​សំណូមពរ​នេះ តំណាង​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​បាន​អះអាង​ថា អាជ្ញាធរ​នឹង​ដាក់​កម្លាំង​តាម​ដាន​និង​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ​នេះ​ជា​រៀង​រាល់​ថ្ងៃ​។ ចំពោះ​ការ​ប្រកប​អាជីវកម្ម​របស់​ពលរដ្ឋ​វិញ អាជ្ញាធរ​នៅ​តែ​ទទូច​ឲ្យ​ពួក​គាត់​គោរព​ចិញ្ចើម​ផ្លូវ​និង​ចំណី​ផ្លូវ ដោយ​ទុក​ឲ្យ​មាន​ផ្លូវ​ថ្មើរ​ជើង​សម្រាប់​អ្នក​ដំណើរ​ផង និង​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ផង​​។

ជា​ការ​កត់​សម្គាល់ យុទ្ធនាការ​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ ដើម្បី​រំដោះ​ចិញ្ចើម​ផ្លូវ​នេះ មិន​មែន​ទើប​តែ​ធ្វើ​ឡើង​ជា​លើក​ដំបូង​ទេ​។ កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការងារ​នេះ​ជា​បន្ត​បន្ទាប់​ហើយ ប៉ុន្តែ​មិនទាន់​​អាច​សម្រេច​បាន​។ ថ្មី​ៗ​នេះ​ទៀត​សោត សាលា​រាជធានី​ភ្នំពេញ ​បាន​កំណត់​យក​កំណាត់​ផ្លូវ​ធំ​ៗ​ចំនួន​១១​ជា​អាទិភាព ដើម្បី​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ​ផង​ដែរ​។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ទទួល​ស្គាល់​ថា ការ​រៀបចំ​សណ្ដាប់​ធ្នាប់​តាម​ផ្លូវ​នេះ​គឺ​ជា​ការ​លំបាក ប៉ុន្តែ​អាជ្ញាធរ​ប្ដេជ្ញា​ថា នឹង​ធ្វើ​​ការងារ​នេះ​ឲ្យ​ទាល់​តែ​បាន​សម្រេច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ