អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ទប់​ស្កាត់​បទ​ល្មើស​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បទ​ល្មើស​នា​នា​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កើត​មាន​ញឹក​ញាប់​ រហូត​បាន​ក្លាយ​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ជា​ម្ចាស់​ស្រុក​ទៀត​ផង​។ ប្រឈម​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ ខណៈ​អាជ្ញាធរ​បាន​អះ​អាង​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​ថា​ ខ្លួន​បាន​ខិត​ខំ​បង្ក្រាប​បទ​ល្មើស​ទាក់​ទង​ជន​ជាតិ​ ទាន់​ពេល​វេលា​។ 

ស្ត្រីជនជាតិចិនដែលបានបើករថយន្តបុកចោរ។
ស្ត្រីជនជាតិចិនដែលបានបើករថយន្តបុកចោរ។ @Fresh news
ផ្សាយពាណិជ្ជកម្ម

បទ​ល្មើស​ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​រួម​មាន​៖ ការ​ចែក​ខិត​បណ្ណ​ទាក់​ទង​អាជីវ​កម្ម​ផ្លូវ​ភេទ​ ករណី​ប្លន់ គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម​។ ជាក់​ស្ដែង​ករណី​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ គឺ​ការ​ដើរ​ចែក​នាម​បណ្ណ​ ឬ​ខិត​បណ្ណ​ ពាក់​ព័ន្ធ​អាជីវ​កម្ម​ផ្លូវ​ភេទ​ ដែល​បាន​រាត​ត្បាត​មក​ដល់​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​ករណី​នេះ​ ត្រូវ​បាន​បង្ក្រាប​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ នៅ​ភ្នំពេញ​ លោក​អភិ​បាល​ ឃួង ស្រេង បាន​បញ្ជា​ឲ្យ​បិទ​ទី​តាំង​អាជីវ​កម្ម​ និង​តាម​ចាប់​ខ្លួន​អ្នក​ដើរ​ចែក​ចាយ​ខិត​បណ្ណ​ ឬ​នាម​បណ្ណ បង្ហាញ​ពី​រូប​ភាព​អាស​អាភាស​នេះ​។

 

ក្រៅ​ពី​ករណី​នេះ ក៏​មាន​ផង​ដែរ សំ​ណុំ​រឿង​ស្ត្រី​ជន​ជាតិ​ចិន​បើក​រថយន្ត​ដេញបុក​ចោរ​ឆក់​ទូរស័ព្ទ​ដៃ​២​នាក់​ បណ្តាល​ឲ្យ​រង​របួស​ និង​ស្លាប់​ នៅ​ខណ្ឌ​ចំការមន​កាល​ពី​ថ្ងៃ​ទី​១២​សីហា​។ ប៉ុន្តែ​នៅ​ទី​បំផុត​នៅ​ថ្ងៃ​ទី១៦​សីហា​ម្សិល​មិញ​ តុលា​ការ​ក្រុង​ភ្នំពេញ​បាន​ចេញដីកា​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ជន​ជាតិ​ចិន​រូប​នោះ​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន ដោយ​រង់​ចាំបន្ត​នីតិវិធី​នា​ពេល​ក្រោយ​។ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​សីហា ជន​ជាតិ​ចិន​៣​នាក់​បាន​ប្រើ​ប្រាស់​អាវុធ​មួយ​ដើម​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​លក់​មាស ប្ដូរប្រាក់ នៅ​ស្រុក​ពួក​ ខេត្តសៀមរាប​ តែ​មិន​បាន​សម្រេច​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បង្ក្រាប​ទាន់​ពេល​វេលា​។

 

ចុង​ក្រោយ​បង្អស់ សមត្ថកិច្ច​បាន​ធ្វើ​ការ​បង្ក្រាប​ករណី​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​រង្គ​សាល​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហនុ ដោយ​ឃាត់​ខ្លួន​មនុស្ស​ជាង​៥០​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​១០នាក់​ដែរ។

 

លោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លើក​ឡើង​ថា បទល្មើស​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន គួរ​តែ​ក្លាយ​ជា​បញ្ហា​អាទិភាព​ ដែល​អាជ្ញាធរ​ខ្មែរ​ត្រូវ​ទប់​ស្កាត់។ នោះ​ក៏​ព្រោះ​តែ បញ្ហា​បង្ក​ដោយ​ជន​ជាតិ​ចិន​មាន​រូបភាព​ធំ​ឡើងៗ​នៅ​ក្នុងសង្គម​ខ្មែរ ខណៈ​ដែល​ទំនាក់​ទំនង​នៃ​ឥទ្ធិល​ពល​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ចិន​មក​កម្ពុជា​កាន់​តែ​ធំ​ដុំ។ លោក​សន ជ័យ ស្នើ​ឲ្យ​សមត្ថកិច្ច​ខ្មែរ​បែង​ចែក​ឲ្យ​បាន​ច្បាស់​រវាង​ការ​អនុវត្ត​ច្បាប់ និង​ទំនាក់​ទំនង​ជា​រួម​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា ចិន។

 

ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ពន្យល់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សមត្ថកិច្ច​កម្ពុជា​ បាន​ធ្វើ​ការ​បង្ក្រាប​ទាន់​ពេល​វេលា រាល់​បទ​ល្មើស​នា​នា​បង្ក​ឡើង​ដោយ​ជន​ជាតិ។ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល កម្ពុជា មិន​ញញើត​នៅ​ក្នុង​ការ​បង្ក្រាប​ជន​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជាដែរ នៅ​ពេល​ដែល​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​គាំទ្រ​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​ខុស​ផង​ដែរ។ នេះ​បើ​តាម​លោក ខៀវ សុភ័គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ