rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា តុលាការ នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បន្ទាប់​ពី​ស្ងាត់​ស្ងៀម​មួយ​រយៈ​ធំ តុលាការ​កំពូល​លើក​យក​សំណុំ​រឿង លោក​ អ៊ុំ សំអាន មក​បើក​សវនាការ

media
លោក អ៊ុំ សំអាន​ តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ សវនាការ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ចោល បទ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ថា លោក អ៊ុំ សំអាន មាន​ចេតនា​បង្ក​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ ដល់​សន្តិសុខ​សង្គម និង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង ជាតិ​សាសន៍ តាម​រយៈ​ការ​សរសេរ និង​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​ផែនទី សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ។ ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ តុលាការ​កំពូល​នៅ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។ ឆ្លៀត​ពេល​នេះ អេង គីមហុង សូម​​រម្លឹក​ឡើង​វិញ​បន្តិច​ដែល​នាំ​ឲ្យ​លោក អ៊ុំ សំអាន​ ជាប់​ពន្ធនាគារ ។


គេ​នៅ​ចាំ​ថា លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​សកម្មភាព​ជា​ច្រើន​ទាក់​ទង​បញ្ហា​ព្រំដែន រហូត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​បាន​វិល​ត្រលប់​មក​ពី​សហរដ្ឋ​អាមេរិក​វិញ។ ជុំវិញ​ការ​ថ្លែង​របស់​លោក អ៊ុំ សំអាន ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​មិន​ត្រឹម​ត្រូវ​ដែល​មាន​ចេតនា​ញុះ​ញង់។ ហើយ​មន្ត្រី​អភិបាល​បាន​ចាត់​ទុក​ករណី​នេះ​ថា គឺ​ជា​បទ​ល្មើស​ជាក់​ស្តែង។ រំលង​មួយ​ថ្ងៃ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​១២ មេសា គាត់​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​៤៩៥ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​តែ​ម្តង។

ក្រោយ​រង​ការ​ចោទ​ប្រកាន់ នឹង​បញ្ចូន​ទៅ​ឃុំ​ខ្លួន មេធាវី​លោក អ៊ុំ សំអាន បាន​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ឲ្យ​លោក អ៊ុំ សំអាន បាន​នៅ​ក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់។ តែ​សរុប​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​របស់​ប្រទេស​កម្ពុជា​តាំង​ពី​សាលា​ដំបូង រហូត​ដល់​តុលាការ​កំពូល បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក អ៊ុំ សំអាន ឈាន​ដល់​ការ​បិទ​សំណុំ​រឿង​នៅ​ក្រៅ​ឃុំ​នេះ​ទៀត​ផង។ គិត​មក​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ លោក អ៊ុំ សំអាន ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​១​ឆ្នាំ​១​ខែ​ហើយ។

គួរ​បញ្ជាក់​ថា​ ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលា​ឧទ្ធរណ៍​ សម្រេច​ដូច​គ្នា​ផ្តន្ទា​ទោស​ លោក អ៊ុំ សំអាន ដាក់​ពន្ធនាគារ រយៈ​ពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ចំនួន ៤​លាន រៀល ក្រោម​ការ​ចោទ​ប្រកាន់ ចំនួន​ពីរ​បទ​ល្មើស ។

លោក អ៊ុំ សំអាន គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ក្នុងចំណោម​មន្ត្រី​ជិត​២០​រូប​ផ្សេង​ទៀត​ កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​តុលាការ​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​មន្ត្រី​ទាំង​នោះ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី ប្ដូរ​មក​ភ្លើង​ទាន​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​២៥​តុលា​ឆ្នាំ​២០១៧។ សំណុំ​រឿង​លោក ហុង សុខហួរ ក៏​មិន​ខុស​គ្នា​ពី​សំណុំ​រឿង​លោក អ៊ុំ សំអាន ដែរ៕