rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ពាណិជ្ជកម្ម អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​អាមេរិក​កើន​ឡើង​នៅ​ឆមាស​ដំបូង

media
ឧបករណ៍ទំនើបៗ កំពុងលើកដាក់ទំនិញ ក្នុងកំពង់ផែសមុទ្រកម្ពុជា។ សហការី

ការ​​នាំ​​ចេញ​​របស់​​កម្ពុជា​​ទៅ​​កាន់​​ទីផ្សារ​​អាមេរិក​​ក្នុង​​រយៈ​​ពេល​​៦​​ខែ​​ដើម​​ឆ្នាំ​​២០១៧​​នេះ ​មាន​​ទំហំ​​ជា​​ទឹក​​ប្រាក់​ប្រមាណ​​១,៣៦២​​លាន​​ដុល្លារ​​។ ការ​​នាំ​​ចេញ​​នេះ​​មាន​​ការ​​កើន​​ឡើង​​ប្រៀប​​ធៀប​​រយៈ​​ពេល​​៦​​ខែ​​ដូច​​គ្នា​​កាល​​​ពី​ឆ្នាំ​​មុន​​។ នេះ​​បើ​​តាម​​ទិន្នន័យ​​ពាណិជ្ជកម្ម​​របស់​​រដ្ឋាភិបាល​​អាមេរិក​​។


ទិន្នន័យ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​អាមេរិក​ឲ្យ​ដឹង​ទៀត​ថា កាល​នាំ​ចេញ​កាល​ពី​៦​ខែ ដើម​ឆ្នាំ​២០១៦​មាន​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ​១,៣៤៨​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆមាស​ដំបូង​ឆ្នាំ​២០១៧​ គឺ​មាន​ការ​កើន​ឡើង​តែ​ប្រមាណ​១៤​លាន​ដុល្លារ​អាមេរិក​។

ការ​កើន​ឡើង​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់​ថា ដោយ​សារ​តែ​អាមេរិក​បាន​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នាំ​ចូល​កាបូប វ៉ាលិស​ជា​ដើម ​មក​ឲ្យ​កម្ពុជា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦​។ លោក​សួន ប្រសិទ្ធ អគ្គនាយក​រង​ពាណិជ្ជកម្ម​អន្តរ​ជាតិ បញ្ជាក់​ថា​ការ​អនុ​គ្រោះ​នេះ​គឺ​ជា​ការ​បន្ថែម​ឲ្យ​កម្ពុជា​នាំ​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន​កាន់​តែ​ច្រើន​ជាង​មុន​។

បច្ចុប្បន្ន​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​គឺ​ជា​សម្លៀក​បំពាក់​ ស្បែកជើង កាបូប​ជា​ដើម​។ នេះ​បើ​តាម​អគ្គនាយករង​ពាណិជ្ជកម្ម​អន្តរ​ជាតិ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​។

កាល​ពី​ឆ្នាំ​២០១៦​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក មាន​ប្រមាណ​២.៥​ពាន់​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​នេះ​បាន​ថយ​ចុះ​ប្រមាណ​៧​ភាគ​រយ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​ទៅ​។ បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​គឺ​ជា​ប្រទេស​ទី​១០៣ ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​រវាង​អាមេរិក​។

ប្រទេស​កម្ពុជា​កាល​ពី​ដើម​ឆ្នាំ​២០១៧​រំពឹង​ថា​ការ​ដួល​រលំ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​(TPP)​នឹង​ផ្តល់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​មក​ឲ្យ​ខ្លួន ព្រោះ​បើ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ដំណើរការ​អ្នក​វិនយោគ​មួយ​ចំនួន​នឹង​ទៅ​វិនិយោគ​នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា ដើម្បី​រក​ផល​ចំណេញ​។ នេះ​បើ​តាម​ក្រសួង​ការ​ងារ​កម្ពុជា​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ហេង សួរ ធ្លាប់​បាន​បញ្ជាក់​ថា​អ្នក​វិនិយោគ​នឹង​មក​កម្ពុជា​វិញ បន្ទាប់​ពី​ប្រទេស​ជិត​ខាង​លែង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​នឹង​អាមេរិក​។

សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ចំពោះ​មុខ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ថា នឹង​រក្សា​ទុក​ដដែល​ នូវទំនាក់​ទំនង​ពាណិជ្ជ​កម្ម ជា​មួយ​កម្ពុជា​។ ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​កាល​ពី​ថ្ងៃទី​១២ ខែ​សីហា ឲ្យ​ដឹង​ថា​សហរដ្ឋ​អាមេរិក​មិន​មាន​បំណង​ចាត់​វិធាន​ការ​ណា​ថ្មី​នោះ​ទេ ពោល​គឺ​រក្សា​ស្ថាន​ភាព​ទាក់​ទង​ពាណិជ្ជ​កម្ម​ដដែល​ ព្រោះ​ទំហំ​ពាណិជ្ជ​កម្ម ដែល​កម្ពុជា​បាន​នាំ​ចូល​មក​សហរដ្ឋ​អាមេរិក មាន​ទឹក​ប្រាក់​តែ​ពី ២-៣ ពាន់​ល្លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​៕​