អានតួអត្ថបទ
កម្ពុជា-អាស៊ាន

​កម្ពុជា​បរិច្ចាគថវិកា​មនុស្ស​ធម៌​ចំនួន ២៥០ ០០០ ដុល្លារ ដល់​ឥណ្ឌូ​ណេស៊ី បន្ទាប់ពី​រញ្ជួយ​ដី​

រដ្ឋា​ភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​បរិច្ចាគ​ថវិកា​ចំនួន ២០០ ០០០ ដុល្លារ សម្រាប់​ជួយ​ដល់​ប្រទេស​ឥណ្ឌូ​ណេស៊ី ដែល​រង​នូវ​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​រាប់​ពាន់​នាក់​។ ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នេះ ធ្វើ​ឡើង​ខណៈ​កាក​បាទ​ក្រហម​កម្ពុជា ក៏​បាន​ចូល​រួម​បរិច្ចាគ​ថវិកា​មនុស្ស​ធម៌​ចំនួន ៥​ម៉ឺន​ដុល្លារ​ផង​ដែរ ដល់​ប្រទេស​ឥណ្ឌូណេស៊ី​។ 

ទិដ្ឋភាពបន្ទាប់ពីការរញ្ជួយដី នៅក្នុងប្រទេសឥណ្ឌូណេស៊ី
ទិដ្ឋភាពបន្ទាប់ពីការរញ្ជួយដី នៅក្នុងប្រទេសឥណ្ឌូណេស៊ី @REUTERS
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​១​ខែ​តុលា ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ រដ្ឋា​ភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការ​បរទេស​របស់​ខ្លួន បាន​សម្រេច​ចិត្ត​ចូល​រួម​ចំណែក​នូវ​ទឹក​ប្រាក់​ចំនួន ២​សែន​ដុល្លារ ជា​ជំនួយ​មនុស្ស​ធម៌ សម្រាប់​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​មហន្ត​រាយ​ពី​គ្រោះ​ធម្មជាតិ​ដ៏​សោក​នាដកម្ម​នេះ​។

គឺ​ជា​ការ​រួម​ចំណែក​នូវ​ទឹក​ប្រាក់​ដ៏​ច្រើន​គួរ​សម ខណៈ​កម្ពុជា​ស្ថិត​នៅ​ជា​ប្រទេស​មាន​ឋានៈ​កំពុង​អភិវឌ្ឍន៍​។ ក៏​ប៉ុន្តែ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ជាក់​ថា វា​ជា​កាយ​វិការ​បង្ហាញ​នូវ​សាមគ្គី​ភាព​ជាមួយ រដ្ឋា​ភិបាល និង​ប្រជាជន​ឥណ្ឌូ​ណេស៊ី នៅ​ក្នុង​គ្រា​លំបាក​។

ជាមួយ​គ្នា​នេះ កាក​បាទ​ក្រហម​កម្ពុជា ដែល​ដឹក​នាំ​ដោយ​ភរិយា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក​ស្រី ប៊ុន រ៉ានី ក៏​បាន​ចូល​រួម​វិភាគ​ទាន នូវ​ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ដែរ ទៅ​កាន់​សមា​គម​ជាតិ​កាក​បាទ​ក្រហម​ឥណ្ឌូណេស៊ី​។

លើស​ពី​នេះ ទាំង​លោក ហ៊ុន សែន ទាំង​ភរិយា​របស់​លោក តាង​នាម​ឲ្យ​ស្ថាប័ន​ផ្សេង​គ្នា សុទ្ធ​តែ​បាន​សម្តែង​តាម​រយៈ​លិខិត​ដោយ​ឡែក​នូវ​ក្តី​រន្ធត់​ចំពោះ​ការ​បាត់​បង់​ជីវិត ការ​រង​របួស និង​ការ​បាត់​ខ្លួន ប្រជាជន​ឥណ្ឌូ​ណេស៊ី ដែល​បណ្តាល​មក​ពី​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ ព្រម​ទាំង​ចូល​រួម​រំលែក​ទុក្ខ​ដល់​រដ្ឋា​ភិបាល​និង​ពល​រដ្ឋ​ឥណ្ឌូ​ណេស៊ី​ផង​ដែរ​។

ជុំវិញ​ហេតុ​ការណ៍​នេះ ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សាការតា ក៏​បាន​ជូន​ដំណឹង​ដែរ កាល​ពី​ម្សិល​មិញ ថា​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មាន​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ ប្រសិន​បើ​គ្មាន​ភារ​កិច្ច​ចាំ​បាច់​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គ្រោះ​រញ្ជួយ​ដី​មួយ​កំរិត ៧,៧ រិចទ័រ បាន​វាយ​ប្រហារ​ភាគ​កណ្តាល​នៃ​ខេត្ត​ស៊ូឡាវេស៊ី ប្រទេស​ឥណ្ឌូ​ណេស៊ី បង្កើត​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ
ហើយ​ពល​រដ្ឋ​ឥណ្ឌូណេស៊ី ជាង​មួយ​ពាន់​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ស្លាប់ ព្រម​ទាំង​រង​របួស និង​បាត់​ខ្លួន​រាប់​ពាន់នាក់​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ