អានតួអត្ថបទ
កម្ពុជា

គេហទំព័រ Cambodia Daily ត្រូវ​បាន​បិទ តែ Facebook/Twitter ដំណើរ​ការ​ធម្មតា

៥​ខែ​មក​ហើយ​ដែល​ការិយាល័យ​របស់​កាសែត​ជា​ភាសា​អង់គ្លេស The Cambodia Daily ត្រូវ​បាន​បិទ ដោយ​សារ​តែ​មិន​បាន​បំពេញ​កាតព្វកិច្ច​​​បង់​ពន្ធ​ជូន​រដ្ឋ តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ក្រៅ​តែ​ពី​បាន​បិទ​ការិយាល័យ​ហើយ​ សារព័ត៌មាន​ដែល​បាន​ដំណើរ​ការ ២៥​ឆ្នាំ​នៅ​កម្ពុជា​នេះ ក៏​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បិទ​គេហទំព័រ (website) មិន​ឲ្យ​មហាជន​បើក​ឃើញ​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ទំព័រ​ហ្វេសប៊ុក (Facebook)​ និង​ធ្វេតធ័រ (Twitter) នៅ​តែ​បង្ហាញ​ខ្លួន​លើ​បណ្តាញ​សង្គម​ដដែល។

កាសែត The Cambodia daily
កាសែត The Cambodia daily @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា គេហទំព័រ​របស់​កាសែត The Cambodia Daily ត្រូវ​បាន​បិទ​មិន​ឲ្យ​បើក​ដំណើរ​ការ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ បន្ទាប់​ពី​ការិយាល័យ​របស់​កាសែត​នេះ ត្រូវ​បាន​ប្រកាស​បិទ​ទ្វារ កាល​ពី​ថ្ងៃ​ទី ៤​ខែ​កញ្ញា ឆ្នាំ ២០១៧ បន្ទាប់​ពី​អ្នក​គ្រប់​គ្រង​កាសែត​នេះ បដិសេធ​​មិន​បង់​ពន្ធ ដែល​មាន​ទឹក​ប្រាក់​ជាង ៦​លាន​ដុល្លារ ។

តាម​លិខិត​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ផ្ញើ​ទៅ​ប្រធាន​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណេត​ទាំង​អស់ ក្នុង​ប្រទេស​កម្ពុជា ចុះ​ថ្ងៃ​ទី ២៨​ខែ​កញ្ញា ឆ្នាំ ២០១៧ បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​ចាត់​វិធានការ​បិទ IP Address របស់​ក្រុមហ៊ុន Bernard Krisher Jimushi Co.,Ltd (កាសែត The Cambodia Daily) ដោយ​យោង​តាម​លិខិត​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃ​ទី ៥​កញ្ញា ឆ្នាំ ២០១៧។

ក្នុង​នោះ ក្រសួង​ប្រៃសណីយ៍ បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណេត ត្រូវ​រាំង​ខ្ទប់ (Block) នូវ​គេហទំព័រ www.cambodiadaily.com និង​ស្នើ​ឲ្យ​មាន​ការ​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព​បច្ចេកទេស ដើម្បី​បញ្ឈប់​ដំណើរ​ការ​គណនី Facebook និង Twitter “Without Fear or Favor” របស់​កាសែត Cambodia Daily។ យ៉ាង​ណា​មិញ គិត​មក​ដល់​ថ្ងៃ​ទី ៥​កុម្ភៈ​នេះ ទំព័រ​បណ្តាញ​សង្គម​របស់​កាសែត the Cambodia Daily នៅ​តែ​ដំណើរ​ការ​នៅ​ឡើយ ដោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​ព័ត៌មាន​សង្គម នយោបាយ​ជា​ភាសាខ្មែរ ដោយ​ភ្ជាប់​ជាមួយ​វីដេអូ។

អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា គេ​នឹង​ពិនិត្យ​បន្ត​ពី​ទំព័រ​បណ្តាញ​សង្គម​របស់​កាសែត​នេះ ហើយ​នឹង​ចាត់​វិធានការ​តាម​ក្រោយ។ ​​ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​វិញ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​បិទ​គេហទំព័រ ឬ​ បណ្តាញ​សង្គម​របស់​កាសែត The Cambodia Daily នោះ​ទេ ដោយ​លើក​ឡើង​ថា កាសែត​នេះ លែង​មាន​ទំនាក់​ទំនង​ក្រោម​ឆ័ត្រ​របស់​ក្រសួង ហើយ​ក្រសួង​ព័ត៌មាន ក៏​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ពី​ចំណាត់​ការ​ណា​មួយ​របស់​កាសែត​នេះ តាំង​ពី​បាន​បិទ​ការិយាល័យ​មក។

សូម​រម្លឹក​ជូន​ថា កាសែត The Cambodia Daily ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កាសែត​វិជ្ជាជីវៈ​មួយ​ដែល​មាន​ការ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ ដោយ​ពុំ​ព្រម​បង់​​ប្រាក់ ៦​លាន​ដុល្លារ​បង់​ពន្ធ ដល់​ក្រសួង​​​ហិរញ្ញវត្ថុ ដែល​បាន​បញ្ជាក់​ថា កាសែត​នេះ បាន​ជំពាក់ ១០​ឆ្នាំ​មក​ហើយ។ ចៅហ្វាយ​កាសែត The Cambodia Daily ធ្លាប់​បាន​អះអាង​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​នេះ ជា​លេស​នយោបាយ ដោយ​សារ​កាសែត​របស់​ខ្លួន បាន​ដើរ​តួនាទី​ត្រឹម​ត្រូវ មិន​បាន​លំអៀង​ទៅ​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ