អានតួអត្ថបទ
កម្ពុជា-ចិន

រដ្ឋមន្រ្តី​ការបរទេស​ចិន៖ ចិន​គាំទ្រ​និង​ជូន​ពរ​លោក ហ៊ុន សែន ឲ្យ​បន្ត​ជាប់​ឆ្នោត​នាអាណត្តិ​ក្រោយ

កាល​ពី​ថ្ងៃ​ម្សិលមិញ ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន នាទី​ក្រុង​ហាណូយ លោក​វ៉ាង យី រដ្ឋ​មន្ត្រី​ការបរទេស​​ចិន​​អះអាង​​ថា ថ្នាក់​ដឹក​នាំ​ចិន​គាំទ្រ និង​ជូនពរ​លោក​ហ៊ុន សែន បន្ត​ជាប់​ឆ្នោត​ក្នុង​ការ​ដឹក​នាំ ប្រទេស​កម្ពុជា​។ កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ធ្លាប់​ប្រកាស​ថា​លោក​នឹង​បន្ត​ឈរ​ឈ្មោះ​ជានាយក​រដ្ឋមន្ត្រី​យ៉ាង​ហោច​ណាស់​រយៈពេល​១០​ឆ្នាំ​ទៀត​។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ចាប់​ដៃ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ចិន នៅ​ក្នុង​ប្រទេស​វៀតណាម
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ចាប់​ដៃ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ចិន នៅ​ក្នុង​ប្រទេស​វៀតណាម SPM FB Page
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី៦ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ចិន បាន​ថ្លែង​ថា ប្រទេស​ចិន និង​កម្ពុជា​គឺ​ជា​សហគមន៍ មាន​វាសនា​រួម​គ្នា ដែល​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រហើយ​ប្រទេស​ទាំង​ពីរ​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ជឿ​ទុក​ចិត្ត​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន។

តាម​រយៈ​សារព័ត៌មាន​ដដែល លោក​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​រូប​នេះ បន្ត​ថា ប្រទេស​ចិន​គាំទ្រ​នូវ​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​រឹង​មាំ ហើយ​ថ្នាក់​ដឹក​នាំ​ចិន​គាំទ្រ និង​ជូនពរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បន្ត​ជាប់​ឆ្នោត​ក្នុង​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​។​

ការ​ប្រកាស​របស់​ប្រទេស​ចិន​គាំទ្រ​លោក ហ៊ុន សែន និង​កម្ពុជា​ជា​បន្ត​បន្ទាប់​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរ​ជាតិ ជា​ពិសេស​សហរដ្ឋ​អាមេរិក​និង​សហ​ភាព​អឺរ៉ុប ជុំវិញ​ព្រឹត្តិការណ៍​នយោបាយ​រយៈពេល​ចុង​ក្រោយ​នេះ​។ ព្រឹត្តិការណ៍​ទាំង​នោះ រួម​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ការ​ចាប់​ខ្លួន​មេដឹក​គណបក្ស​នេះ ការ​បិទ​អង្គការ​សង្គម​ស៊ីវិល និង​ការ​បិទស្ថាប័ន​ព័ត៌មាន​បរទេស​មួយ​ចំនួន​នៅ​កម្ពុជា​។

លោក​បណ្ឌិត ​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរ​ជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កាលៈទេសៈ​នេះ​កម្ពុជា​ត្រូវ​ការ​ចិន ហើយ ចង់ ឬ​មិន​ចង់ ចិន​ក៏​អាច​មាន​ទឹក​មាត់ប្រៃ​សម្រាប់​កម្ពុជា ហើយ​ចិន​គឺ​ជា​ខ្នង​បង្អែក​មួយ​ដ៏សំខាន់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។

ជា​ការ​ពិត បើ​តាម​លោក គិន ភា កម្ពុជា​មិន​មែន​ត្រូវ​ការ​តែ​ចិន​មួយ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ពួក​បស្ចិម​ប្រទេស ហាក់​ដូច​ជា​សំដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​បញ្ហាន​យោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ល្អ ក្រៅ​ពី​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ចិន ដែល​ជា​មហា​អំណាចពិភព​លោក​ដែរ​នោះ។

សូម​ជម្រាប​ជូន​ថា កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ជួប​ពិភាក្សា​ការងារ​ចំនួន​ពីរ​ដង​ជា​មួយ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ហើយ​កាល​ពី​ខែ​មករា​កន្លង​ទៅ លោក លី ខឺឈាង នាយក​រដ្ឋ​មន្រ្តី​ចិន បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច និង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង លើក​ទី២​ នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃ​គូយុទ្ធ​សាស្រ្ត​គ្រប់ជ្រុង​ជ្រោយ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ