អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​UNDP៖ ៣៥​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​កំពុង​រស់​នៅ​ជា​មួយ​ភាព​ក្រី​ក្រ​

៣៥​ភាគ​រយ​នៃ​ចំនួន​ប្រជា​ជន​កម្ពុជា​កំពុង​រស់​នៅ​ជា​មួយ​ភាព​ក្រី​ក្រ ដែល​ភាគ​ច្រើន​គឺ​ប្រជាជន​រស់​នៅ​តាម​ទី​ជន​បទ​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​រួម​គ្នា​រវាង កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ​ UNDP ​និង ស្ថាប័ន​ជំនាញ​ផ្នែក​លើក​កម្ពស់​ប្រព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ និង​សេដ្ឋ​កិច្ច (OxfordPoverty andHuman Development Initiative) ក្រោម​ឈ្មោះ​ថា សន្ទស្សន៍​សកល​ពី​ភាព​ក្រីក្រ​ពហុ​សមាស​ភាគ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ របាយ​ការណ៍​ដ​ដែល​បាន​គូស​បញ្ជាក់​ថា កម្ពុជា​មិន​បាន​ជួប​ប្រទះ​បញ្ហា​នៃ​ភាព​ក្រី​ក្រ​តែ​ឯង​នោះ​ឡើយ​។ 

រូបភាព៖ លោកយាយម្នាក់ដែលកំពុងអង្គុយលក់ផ្កាឈូក
រូបភាព៖ លោកយាយម្នាក់ដែលកំពុងអង្គុយលក់ផ្កាឈូក @ងួន វឌ្ឍនៈបណ្ឌិត
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​សន្ទស្សន៍​សកល​ពី​ភាព​ក្រីក្រ​ពហុ​សមាស​ភាគ​ឲ្យ​ដឹង​ថា ៤០​ភាគ​រយ​នៃ​ប្រជាជន​រស់​នៅ​តាម​ទី​ជន​បទ កំពុង​ប្រឈម​ទៅ​នឹង​ភាព​ក្រីក្រ​។ ក្នុង​នោះ​ខេត្ត​២ គឺ​ខេត្ត​ព្រះ​វិហារ និង​ស្ទឹង​ត្រែង​ប្រជាជន​ក្រី​ក្រ​មាន​រហូត​ដល់​៦៤​ភាគ​រយ ខណៈ​ដែល​ប្រជា​ជន​រស់​នៅ​ទី​ក្រុង​ភ្នំពេញ ភាព​ក្រី​ក្រ​របស់​ពួក​គេ​មាន​ត្រឹម​តែ​៧​ភាគ​រយ​ប៉ុណ្ណោះ​។

កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ (UNDP) ប្រចាំ​កម្ពុជា រក​ឃើញ​ថា ២១​ភាគ​រយ​នៃ​ប្រជា​ជន​សរុប​ជាង​១៥​លាន​នាក់ គឺ​ជា​ក្រុម​ប្រជាជន​ជួប​ប្រទះ​ភាព​ក្រី​ក្រ​។ ហើយ​ក្នុង​នោះ​មាន​១២​ភាគ​រយ ក្នុង​ចំណោម​២១​ភាគ​រយ ជា​ប្រជាជន​ដែល​ក្រី​ក្រ​ខ្លាំង​។ ភាព​ក្រី​ក្រ​នេះ​ងាយ​កើត​ឡើង​ភ្លាមៗ​ប្រសិន​បើ​ពួក​គេ​ជួប​ប្រទះ​នឹង​ហានិភ័យ​មួយ​ចំនួន​ដូច​ជា​ជំងឺ គ្រោះ​រាំង​ស្ងួត និង​ភាព​អត់​ការងារ​ធ្វើ​។ នេះ​បើ​តាម UNDP។

ប្រឈម​នឹង​បញ្ហា​នេះ UNDP បាន​លើក​សរ​សើរ​ពី​ការ​ប្ដេជ្ញា​របស់​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព គឺ​ជា​យុទ្ធ​សាស្ត្រ​ដ៏​ល្អ​ប្រសើរ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​រួម​គ្នា ដែល​ធានា​ថា មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​បោះ​បង់​ចោល គឺ​ត្រូវ​ជម្រុញ​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​នេះ​ឲ្យ​ទៅ​ជា​សកម្មភាព​។ នេះ​បើ​តាម​លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ UNDP​។ ​

យ៉ាង​ណា​ក៏​ដោយ UNDP អះ​អាង​ថា​ ប្រទេស​កម្ពុជា មិន​បាន​ជួប​ប្រទះ​បញ្ហា​នៃ​ភាព​ក្រីក្រ​តែ​ឯង​នោះ​ឡើយ​។ UNDP ហ៊ាន​អះ​អាង​បែប​នេះ ព្រោះ​បើ​តាម​ទិន្នន័យ​ចុង​ក្រោយ បង្ហាញ​ថា ប្រជាជន​ក្រី​ក្រ​ប្រមាណ​ជា​១,១​ពាន់​លាន​នាក់ នៅ​បណ្ដា​ប្រទេស​នា​នា ជា​ប្រជាជន​រស់​នៅ​តាម​ទី​ជន​បទ ដែល​អត្រា​នៃ​ភាព​ក្រី​ក្រ​ស្មើ​នឹង​៣៦​ភាគ​រយ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​៤​ដង​ខ្ពស់​ជាង​ប្រជាជន​រស់​នៅ​តាម​ទី​ក្រុង​។

ជុំវិញការចេញផ្សាយរបាយការណ៍នេះវិទ្យុបារាំងបានព្យាយាមសុំការទាក់ទងពីអ្នកនាំពាក្យរដ្ឋាភិបាលដែរ តែពុំមានការឆ្លើយតប ។ ទោះ​ជា​យ៉ាង​ណា ផ្អែក​តាម​បង្ហាញ​របស់​រដ្ឋា​ភិបាល​នា​ពេល​កន្លង​មក​គឺ​អត្រា​នៃ​ភាព​ក្រី​ក្រ​របស់​ប្រជាជន​ខ្មែរ​ថយ​ចុះ​យ៉ាង​គំហុក​ពី​៥៣.២​ភាគ​រយ ក្នុង​ឆ្នាំ​២០០៤ ​មក​នៅ​ត្រឹម​១៣.៥​ភាគ​រយ ក្នុង​ឆ្នាំ​២០១៤​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ