អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទន៍​ក្រឹស្នា​លើក​ដំបូង​ក្រោម​ទុន​វិនិយោគ​ពី​បរទេស​១០០​លាន​ដុល្លារ

ក្រុមហ៊ុន​ថៃ First Capital Global (FCG) និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ​ធូប​ច័ន្ទន៍​ក្រឹស្នា​ខ្មែរ នៅ​ថ្ងៃ​ទី​៧​កុម្ភៈនេះ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទន៍​ក្រឹស្នា​លើក​ដំបូង​នៅ​កម្ពុជា។ បើ​តាម​ការ​ឲ្យ​ដឹង​ពី មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ទឹក​ប្រាក់​ប្រមាណ​ជា​១០០​លាន​ដុល្លារ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បង្កើត​រោង​ចក្រ​នេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ការ​បើក​ចំហរ​ទីផ្សារ​ច័ន្ទន៍​ក្រឹស្នា និង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ រវាង​ក្រុមហ៊ុន​កម្ពុជា-ថៃ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ការ​បើក​ចំហរ​ទីផ្សារ​ច័ន្ទន៍​ក្រឹស្នា និង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ រវាង​ក្រុមហ៊ុន​កម្ពុជា-ថៃ @Fresh news
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RF​Iថា រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទន៍​ក្រឹស្នា​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជា​១០០​លាន​ដុល្លារ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ មូល​ហេតុ​ដែល​សម្រេច​យក​ខេត្ត​ព្រះសីហនុ​ដាក់​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទន៍​ក្រឹស្នា ក៏​ដោយ​សារ​តែ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​សំបូរ​ទៅ​ដោយ​ការ​ដាំ​ដុះ​ដើម​ច័ន្ទន៍​ក្រឹស្នា។

បើ​តាម​គម្រោង ក្រុមហ៊ុន​ទាំង​ពីរ​គឺ​ក្រុម​ហ៊ុន​ថៃ First Capital Global (FCG) និង​ក្រុម​ហ៊ុន ក្នុង​ស្រុក​ឈ្មោះ​ធូប​ច័ន្ទន៍​ក្រឹស្នា​ខ្មែរ គ្រោង​កែ​ច្នៃ​ដើម​ខ្លឹម​ច័ន្ទន៍​ក្រឹស្នា​ប្រហែល​១​លាន​ដើម​សម្រាប់​ដំណាក់​កាល​ទី​១ ដែល​មាន​រយៈ​ពេល​៩​ខែ ដើម្បី​កែ​ច្នៃ​ជា​ផលិត​ផល​ប្រេង​ច័ន្ទន៍​ក្រឹស្នា​ដែល​មាន​គុណភាព​ខ្ពស់។ លោក ស៊ាង ​ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម និង​ជា​អ្នក​នាំ​ពាក្យ​បាន​គូស​បញ្ជាក់​ថា ផលិត​ផល​សម្រេច​បាន​នៃ​ប្រេង​ច័ន្ទន៍​ក្រឹស្នា​គឺ​មាន​តម្លៃ​ថ្លៃ​ណាស់ ដូច្នេះ​ការ​បង្កើត​រោងចក្រ​នេះ​ឡើង​គឺ​ជា​ផ្នែក​មួយ​ជួយ​ជម្រុញ​ដល់​ការ​ដាំ​ដុះ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ដើម្បី​យក​ដើម​ច័ន្ទន៍​ក្រឹស្នា​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន។

បង្ហាញ​វត្តមាន ក្នុង​នាម​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថលេខា​នេះ លោក ប៉ាន់ សូរស័ក្ខ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ថា រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទន៍​ក្រឹស្នា​ដំបូង​គេ​នេះ នឹង​ជំរុញ​ទីផ្សារ​សម្រាប់​ផលិត​ផល​ខ្លឹម​ចន្ទន៍​ក្រឹស្នា​នៅ​កម្ពុជា​និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា។ ក្នុង​នោះ ពាណិជ្ជកម្ម​នៃ​ច័ន្ទន៍​ក្រឹស្នា ត្រូវ​ប៉ាន់​សម្រាប់​ទី​ផ្សារ​នៃ​ប្រទេស​អារ៉ាប់។ ចំណែក​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ដើម​ច័ន្ទន៍​ក្រឹស្នា​ប្រមាណ​ជាង​១​លាន​ដើម។ នេះ​បើ​តាម​លោក ប៉ាន សូរស័ក្តិ។

សូម​បញ្ជាក់​ថា​ ច័ន្ទន៍​ក្រឹស្នា​គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​ក្លិន​ក្រអូប​ប្រហើ។ ហើយ​ការ​កែច្នៃ​ច័ន្ទន៍​ក្រឹស្នា​តាម​រយៈ​ក្រុមហ៊ុន​ថៃ និង​កម្ពុជា​នា​ពេល​ខាង​មុខ​គឺ​ផលិត​ចេញ​ជា​គ្រឿង​សម្អាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ