rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តំណាង​សិទ្ធិ​មនុស្ស​នៅ​UN ទទូច​ឲ្យ​អង្គការ​នេះ​ឆ្លើយ​តប​ឲ្យ​មាន​ប្រសិទ្ធិភាព​ចំពោះ​កម្ពុជា

media
រូបភាព​តំណាង៖​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ RFI

ជា​ថ្មី​ម្តង​ទៀត តំណាង​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហប្រជាជាតិ​បាន​ទទូច​ឲ្យ​ក្រុម​ប្រឹក្សា និង​សមាជិក​របស់​ខ្លួន នៃ​អង្គការ​ពិភព​លោក​មួយ​នេះ ឆ្លើយ​តប​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ជាង​នេះ ចំពោះ​«វិបត្តិ​កំពុង​កើត​មាន» នៅ​កម្ពុជា ​ជា​ពិសេស​នៅ​សល់​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ដេញ​ដោល​គ្នា​ជា​ទូទៅ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ពុធ។


នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ឯ​អង្គការ​សហប្រជាជាតិ គណៈកម្មការ​អន្តរជាតិ​នៃ​ក្រុម​អ្នក​ច្បាប់ បាន​គូស​បញ្ជាក់​ថា «រដ្ឋ​មួយ​កំពុង​បោះ​ជំហាន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ទិស​ដៅ​ផ្តាច់​ការ ជាមួយ​នឹង​ការ​បង្ក្រាប​យ៉ាង​ទូលំ​ទូលាយ និង​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​សិទ្ធិ​មនុស្ស»។ ប៉ុន្តែ​ថា សង្គម​ស៊ីវិល​នៅ​កម្ពុជា មិន​អាច​និយាយ​ដោយ​បើក​ចំហ​បាន​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​នេះ​បាន​ទេ ដោយ​សារ តែ​ការ​ភ័យ​ខ្លាច​ពី​ការ​សង​សឹក ដែល​គួរ​តែ​ត្រូវ​បាន​ពិភាក្សា​ជា​ស្ថានការណ៍​មួយ តម្រូវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​ប្រឹក្សា​នេះ។

វិបត្តិ​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​គណបក្ស​កាន់​អំណាច ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​ការ​បោះ​ឆ្នោត​ជាតិ​ដែល​គ្រោង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាង​មុខ។ នេះ​ជា​ការ​កត់​សំគាល់​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ ក៏​បាន​អះអាង​ថា រដ្ឋាភិបាល​បាន​គំរាម​កំហែង​ផ្តន្ទា​ទោស​មនុស្ស​ណា​ម្នាក់​ដែល​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​និង​បាន​បង្កើត​ក្រុម​ការ​ងារ​មួយ ដើម្បី​តាម​ដាន និង​គ្រប់​គ្រង​ព័ត៌មាន​ទាំង​អស់​នៅ​លើ​គេហទំព័រ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម។ ជា​លទ្ធផល​ពលរដ្ឋ​សាមញ្ញ​កំពុង​ត្រូវ​បាន​ចាប់​ខ្លួន ឃុំ​ឃាំង នៅ​ក្រោម​ច្បាប់​ថ្មី ស្តី​ពី​ការ​ប្រមាថ​ព្រះ​មហាក្សត្រ។

លើស​ពី​នេះទៀ​ត គណៈកម្មការ​អន្តរជាតិ​នៃ​ក្រុម​អ្នក​ច្បាប់ បាន​លើក​ឡើង​ថា ការ​បង្ក្រាប​មក​លើ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​នៅ​តែ​បន្ត​ជាមួយ​នឹង​ការ​លក់​កាសែត​អង់គ្លេស​ឯករាជ្យ​ចុង​ក្រោយ​ទៅ​ឱ្យ​ម្ចាស់​ម្នាក់​ដែល​គេ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបាល។ ហើយ​ក៏​មាន​ការ​ស៊ើប​អង្កេត​មក​លើ​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ដំណើរ​ការ​នីតិវិធី​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា។

យ៉ាង​ណា​ក៏​ដោយ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហៅ​ការ​លើក​ឡើង​របស់​គណៈកម្មការ​អន្តរជាតិ​នៃ​ក្រុម​អ្នក​ច្បាប់​នៅ​អង្គការ​សហប្រជាជាតិ​នេះ​​ថា ជា​ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា​យ៉ាង​បើក​ចំហរ។ ប៉ុន្តែ​លោក​ជឿ​ថា​ អង្គការ​សហប្រជាជាតិ​នឹង​មិន​ធ្វើ​តាម​សំណើរ​នេះ​ទេ ខណៈ​អង្គការ​ពិភព​លោក​មួយ​នេះ ទើប​តែ​សម្រេច​ដក​កម្ពុជា​ចេញ​ពី​បញ្ជី​ខ្មៅ​នៃ​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ជាប់​ឃុំ។

សូម​រំឮក​ដែរ​ថា កាល​ពី​ថ្ងៃ​១៩​ ​មិថុនា​ ២០១៨ ​ ប្រទេស​ នូវែលសេឡង់​ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នៅ​ឯ​អង្គការ​សហប្រជាជាតិ ដោយ​លើក​ឡើង​ថា ​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ខាង​មុខ​នេះ​ មិន​មែន​ជា​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​ទេ​ ព្រោះ​គ្មាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ចូល​រួម។ ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ក៍​មាន​ការ​ស្នើ​ដោះ​លែង​លោក​ កឹម​ សុខា​ និង​អ្នក​ទោស​នយោបាយទាំង​អស់ និង​ឈប់​ធ្វើ​ទុក្ខ​បុកម្នេញ​ បក្ស​ប្រឆាំង​ សារព័ត៌មាន​និង​សង្គម​ស៊ីវិល៕