អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាល​៖​កម្ពុជា​មិន​ពឹង​តែ​លើ​ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​និង​កសិកម្ម​នោះ​ទេ

ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​របស់​កម្ពុជា បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៦ ប៉ុន្តែ​ការ​នាំចេញ​ទំនិញ​មិន​មែន​ជា​វាយន​ភណ្ឌ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។​នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ដែល​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ថ្ងៃ​សុក្រ​នេះ។ ​ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​នៅតែ​ចាត់​ទុក​ថា វិស័យ​កាត់​ដេរ​នៅ​តែ​សំខាន់​ខ្លាំង​សម្រាប់​ចំណូល​របស់​រដ្ឋាភិបាល​កម្ពុជា​។

រូបភាព​តំណាង៖​ កម្មករ កម្មការិនីកាត់ដេរកម្ពុជា។
រូបភាព​តំណាង៖​ កម្មករ កម្មការិនីកាត់ដេរកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​បាន​បង្ហាញថា​ការ​នាំ​ចេញ​​សម្លៀក​បំពាក់​​និង​ស្បែក​ជើង​ធៀប​នឹង​ការ​នាំ​ចេញ​សរុប​មាន​ការ​ធ្លាក់​​ចុះ​ពី​៧៧,១%​នៅឆ្នាំ​២០១៣​ មក​នៅ​ត្រឹម​៧៣,១%​នៅ​ឆ្នាំ​២០១៦ ខណៈ​ដែល​ការ​នាំ​ចេញ​ទំនិញ​កម្មន្ត​សាល​មិន​មែន​វាយន​ភណ្ឌ មាន​ការ​កើន​ឡើង​ពី​១៦​,៦%នៅ​ឆ្នាំ​២០១៣​ដល់​២២,៣%នៅ​ឆ្នាំ​២០១៦។ ជាមួយ​គ្នា​នោះ ការ​នាំ​ចេញ​ផលិត​ផល​កែ​ច្នៃ មាន​ប្រមាណ​៤,៦% នៃ​ការ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​២០១៦​។

កំណើន​នៃការ​នាំចេញ​ទំនិញ​កម្មន្ត​សាល​ជំនួស​ឲ្យ​វិស័យ​កាត់​ដេរនេះ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុកថា កម្ពុជា​មិន​ពឹង​ផ្អែក​តែ​ទៅលើ​ការ​នាំចេញ​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិត​ផល​កសិកម្ម​នោះ​ទេ​។

បន្ថែម​ពីលើ​នេះ អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន សរសេរ​លើ​ហ្វេសប៊ុក​របស់លោក​ដោយ​គូស​បញ្ជាក់ថា កម្ពុជា​មាន “សមត្ថភាព ក្នុង​កិច្ច​ការពារ ឯករាជ្យ និង អាធិបតេយ្យ​ជាតិ តាម​រយៈ ខ្លួន​ទី​ពឹង​ខ្លួន នៃ​ចំណូល ឯករាជ្យ ពី​ផលិត​ផល កាត់​ដេរ និង​នាំចេញ”

ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​កំណើន​នាំចេញ​ទំនិញ​កម្មន្ត​សាល​មិន​មែន​វាយន​ភណ្ឌ ជំនួស​ឲ្យ​ការ​ធ្លាក់ចុះ​នៃ​ការ​នាំ​ចេញ​​សម្លៀក​បំពាក់​​និង​ស្បែក​ជើង​នេះ​គឺ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ព្រមាន​ព្យូរ​ការ​អនុ​គ្រោះ​ពន្ធនាំ​ចេញ​សំលៀក​បំពាក់​ពី​កម្ពុជា​ដោយ​សារ​តែ​ការ​រំលាយ​គណបក្ស​ប្រឆាំង។

សម្រាប់​បណ្ឌិត​សេដ្ឋកិច្ច លោក ចាន់ សុផល កម្ពុជា​នៅ​ត្រូវ​ការ​ចាំបាច់​ពឹង​លើ​ការ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​និង​ស្បែក​ជើង បើ​ទោះ​បី​ជា​វិស័យ​កម្មន្តសាល​មាន​កំណើន​ក៏​ដោយ។

លោក ចាន់ សុផល ពន្យល់​ថា​ទំនិញ​កម្មន្តសាល​នេះ​ក៏​រាប់​ចូល​ក្នុង​វិស័យ​រោង​ចក្រ​ដែរ​ប៉ុន្តែ​កម្មន្ត​សាល​នេះ​មាន​ដូច​ជា​រោង​ចក្រ​ផលិត​កង់ និង​គ្រឿង​បន្លាស់​រថយន្ត។ ប៉ុន្តែ​លោក​ថា​កម្ពុជា​មាន​បញ្ហា​ថ្លៃ​អគ្គីសនី​ខ្ពស់​ដែល​មិន​អាច​ឲ្យ​រោង​ចក្រ​កម្មន្ត​សាល​ដំណើរ​ការ​បាន​ស្រួល។

បើ​តាម​បណ្ឌិត​សេដ្ឋកិច្ច​រូប​នេះ វិស័យ​កាត់​ដេរ​នៅ​តែ​ជា​ប្រភព​ចំណូល​ដ៏​សំ​ខាន់​របស់​រដ្ឋាភិបាល​កម្ពុជា​និង​បាន​ស្រូប​កម្លាំង​ពលកម្ម​ច្រើន​ជាង​គេ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ