អានតួអត្ថបទ
កម្ពុជា-អាមេរិក

បណ្តាញ​សេរីភាព​អាស៊ី​អាគ្នេយ៍​ ថ្កោល​ទោស​ការ​​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ពី​អាមេរិក មក​កម្ពុជា​វិញ

ការ​និរទេស​ជន​អន្តោប្រវេសន៍​ខ្មែរ​ដែល​មាន​ទោស ពី​អាមេរិក មក​កម្ពុជា​វិញ ជា​រឿង​ដែល​គួរ​ឲ្យ​ថ្កោល​ទោស ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួក​គេ ត្រូវ​បែក​បាក់​គ្នា​យ៉ាង​ខ្លោច​ផ្សា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយិកា​ប្រតិបត្តិ​សមាគម​បណ្តាញ​សេរីភាព​អាស៊ី​អាគ្នេយ៍ Southeast Asian Freedom Network (SEAFN)។ ការ​លើក​ឡើង នេះ បាន​ធ្វើ​ឡើង​ក្រោយ​មាន​ការ​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​ខ្មែរ ៧០​នាក់ នឹង​ត្រូវ​បណ្តេញ​ចេញ​​ពី​ទឹក​ដី​អាមេរិក មក​ប្រទេស​កម្ពុជា នៅ​មុន​ពិធី​បុណ្យ​ណូអែល ក្នុង​ខែ​ធ្នូ​នេះ។

ជន​អន្តោប្រវេសន៍​ខ្មែរ​ដែល​បាន​​និរទេស​ពី​អាមេរិក មក​កម្ពុជា
ជន​អន្តោប្រវេសន៍​ខ្មែរ​ដែល​បាន​​និរទេស​ពី​អាមេរិក មក​កម្ពុជា @SEAFN
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​អន្តោប្រវេសន៍​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា មាន​ជន​អន្តោប្រវេសន៍​ជាង ៧០​នាក់ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​អាមេរិក ហើយ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧​នេះ។ ហើយ​នឹង​មាន​ជន​អន្តោប្រវេសន៍​ខ្មែរ​សរុប ២០០​នាក់ ត្រូវ​រំពឹង​ថា នឹង​បញ្ជូន​ចេញ​ពី​​អាមេរិក ក្នុង​ឆ្នាំ ២០១៨។ កត្តា​នេះ បាន​ធ្វើ​ឲ្យ​បណ្តាញ​សេរីភាព​អាស៊ី​អាគ្នេយ៍ យល់​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ហាក់​ដូច​ជា​គ្មាន​បេះដូង ថ្លើម​ប្រម៉ាត់​សោះ ដែល​សម្រេច​បំបែក​ក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​ បុណ្យ​ណូអែល​នោះ។

លោក​ស្រី Quyen Dinh នាយិកា​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​សេរីភាព​អាស៊ី​អាគ្នេយ៍ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ កាល​ពី​ថ្ងៃ​ទី ៦​ធ្នូ​ថា ការ​បណ្តេញ​ជន​ភៀស​ខ្លួន​បែប​នេះ ជា​ការ​បំពាន​សិទ្ធិ​មនុស្ស ហើយ​សមាគម ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្បាប់ ឬ កិច្ច​ព្រម​ព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ។ តាម​សមាគម​នេះ ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​វិញ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពួក​គេ​បែក​បាក់​គ្រួសារ​នោះ​ទេ តែ​វា​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​រស់​នៅ​ក្នុង​ប្រទេស​កំណើត​ ខណៈ​ដែល​ជន​ភៀស​ខ្លួន​មួយ​ចំនួន មិន​ចេះ​ភាសា​ដើម មិន​យល់​ពី​ទំនៀម​ទម្លាប់​ប្រពៃណី ដោយ​សារ​ពួក​គេ​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក តាំង​ពី​កុមារភាព។

គួរ​ជម្រាប​ជូន​ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ មិន​ព្រម​ទទួល​យក​ដាច់​ខាត​នូវ​ជន​អន្តោប្រវេសន៍​ខ្មែរ ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ហើយ​តម្រូវ​ឲ្យ​បណ្តេញ​ចេញ​មក​ប្រទេស​កម្ពុជា​វិញ។ ប៉ុន្តែ​ក្រោយ​ពី​ក្រសួង​ការ​បរទេស​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​មួយ​ចំនួន កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ វិធានការ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា ទំនង​ជា​ប្តូរ​ចិត្ត ហើយ​បាន​ប្រកាស​​ឲ្យ​ត្រៀម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​មក​វិញ ដោយ​គ្រាន់​តែ​សំណូម​ពរ​ឲ្យ​អាមេរិក​​គិត​គូរ​ផ្តល់​ជំនួយ​ដល់​ពួក​គេ ដើម្បី​អាច​ឲ្យ​ពួក​គេ​កសាង​ជីវភាព​ថ្មី​បាន។ រដ្ឋាភិបាល​កម្ពុជា​មុន​នឹង​ការ​សម្រេច​ដូច្នេះ កន្លង​មក​ក៏​បាន​ទាមទារ​ឲ្យ​អាមេរិក​ធ្វើ​វិសោធនកម្ម​លើ​ចំណុច​មួយ​ចំនួន​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ហេតុ​ថា​វា​ជា​សោកនាដកម្ម​មួយ​នៃ​ការ​បែក​បាក់​គ្រួសារ​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ អាមេរិក​នៅ​មិន​មាន​ជំហរ​ណា​មួយ​ផ្លាស់​ប្តូរ​នៅ​ឡើយ។

សូម​បញ្ជាក់​ថា តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​​ឆ្នាំ​២០០២ ស្ដី​ពី​ការ​ទទួល​ពលរដ្ឋ​កម្ពុជា​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក​ឲ្យ​ត្រឡប់​មក​ប្រទេស​វិញ រហូត​មក​ដល់​ពេល​នេះ រដ្ឋបាល​អាមេរិកាំង ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស និង​បាន​ទទួល​ទោស​រួច​មក​កាន់​ប្រទេស​កម្ពុជា​ចំនួន​ជាង​៦០០​នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ