rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កីឡា កីឡាអូឡាំពិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្ពុជា​នឹង​ចាយ​លុយ​ជាង​៣០​លាន​ដុល្លារ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣

media
លោក​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ RFI

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេម (SEA Games) លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣​ខាង​មុខ ដោយ​មាន​ប្រទេស​ចំនួន​១១​ចូល​រួម។ បើ​ទោះ​បី​ជា​កញ្ចប់​ថវិកា រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នៅ​មិន​ទាន់​អនុម័ត​ជា​ផ្លូវ​ការ​ក្តី ប៉ុន្តែ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ប្រកួត​កីឡា​ចំនួន ៣០ ប្រភេទ។


បើ​ទោះ​បី​ជា​គម្រោង​ចំណាយ​លើ​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នៅ​មិន​ទាន់​អនុម័ត​ជា​ផ្លូវ​ការ​ក្តី ប៉ុន្តែ​តាម​រយៈ​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី ២៦ មេសា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​១​ប្រភេទ​កីឡា ដែល​នោះ មាន​ន័យ​ថា កម្ពុជា​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា​៣០​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កម្ពុជា​នឹង​ដាក់​៣០​ប្រភេទ​កីឡា ដើម្បី​ប្រកួត​ប្រជែង។ ការ​ចំណាយ​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​ការ​ចំណាយ​មុន​និង​ក្រោយ​ការ​ប្រកួត​នោះ​ទេ ពោល​គឺ គិត​តែ​ក្នុង​អំឡុង​ពេល​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​ប៉ុណ្ណោះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់​សំដី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា បើ​តាម​ស្តង់ដា​របស់​ប្រទេស​ដែល​ធ្លាប់​រៀប​ចំ​ព្រឹត្តិការណ៍​នេះ គេ​ត្រូវ​ចំណាយ​យ៉ាង​តិច​១​លាន​ដុល្លារ លើ​១​ប្រភេទ​កីឡា។ ដូច្នេះ​បើ​កម្ពុជា​ដាក់​៣០​ប្រភេទ​កីឡា ដើម្បី​ឲ្យ​អត្តពលិក​ទាំង​១១​ប្រទេស​ប្រកួត​ប្រជែង​គ្នា​នោះ នោះ​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​៣០​លាន​ដុល្លារ​អាមេរិក។ តែ​យ៉ាង​ណា​ក៏​ដោយ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ នៅ​មិន​ទាន់​កំណត់​ពី​គម្រោង​ចំណាយ​សរុប​នៅ​ឡើយ​ទេ។ តាម​រយៈ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​ ២៦ មេសា នោះ លោក​ឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​នេះ បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ប្រើ​ប្រាស់​ថវិកា​ឲ្យ​បាន​ត្រឹម​ត្រូវ មាន​ភាព​ជាក់​លាក់ និង​ស្រប​តាម​ផែនការ​ហិរញ្ញវត្ថុ ដែល​បាន​កំណត់​ក្នុង​ផែនការ​មេ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។

គួរ​ជំរាប​ជូន​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ និង​ជា​លើក​ដំបូង បន្ទាប់​ពី​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្តង ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គា​ណា​ហ្វូ​លើក​ទី​១​នៅ​ឆ្នាំ​១៩៦៦ ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ដែល​កាល​ណោះ ការ​ប្រកួត​រៀប​ចំ​ធ្វើ​ឡើង​នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ។

សូម​បញ្ជាក់​ដែរ​ថា ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ ដែល​ទើប​តែ​បាន​បិទ​បញ្ចប់​ទៅ កាល​ពី​ឆ្នាំ​២០១៧ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ឯ​ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​អត្តពលិក​ប្រមាណ​ជា ៤៦៤៦ នាក់​ចូល​រួម​លើ​៣៨​ប្រភេទ​កីឡា។ កាល​ណោះ កម្ពុជា​បាន​ឈ្នះ​មេដាយ​សរុប​ចំនួន​១៧​គ្រឿង ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៨ ខណៈ​ប្រទេស​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១​នៃ​តារាង​មេដាយ ដោយ​ប្រមូល​បាន​មេដាយ​សរុប​៣២៣​គ្រឿង។ ដោយ​ឡែក ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣០ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​២០១៩ ខណៈ​ដែល​ស៊ីហ្គេម​លើក​ទី​៣១​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ស៊ីហ្គេម​លើក​ទី​៣២ នឹង​រៀប​ចំ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។ ក្នុង​នោះ ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នឹង​ក្លាយ​​ជា​ទី​កន្លែង​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ដែល​រៀប​ចំ​ធ្វើ​រយៈ​ពេល​២​ឆ្នាំ​ម្តង​នេះ៕