rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ពលករចំណាកស្រុក ថៃ សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​អន្តរជាតិ​ថា​ពលករ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ទូក​នេសាទ​ថៃ​កំពុង​រង​ការ​រំលោភ​សិទ្ធិ ​

media
រូបភាព​តំណាង៖ ទូក​នេសាទថៃ REUTERS/Athit Perawongmetha

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ កាល​ពី​ថ្ងៃ​អង្គារ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដោយ​បាន​រិះ​គន់​លើ​ការ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​ការពារ​កម្មករ​នេសាទ​ក្នុង​ប្រទេស​ថៃ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺង​ម៉ាត់។ បើ​តាម​របាយការណ៍ ការ​រំលោភ​សិទ្ធិ​ចំពោះ​ពលករ​នេសាទ​ក្នុង​ប្រទេស​ថៃ នៅ​តែ​កើត​ឡើង​ដដែល និង​ច្រើន​ថែម​ទៀត ហើយ​ភាគ​ច្រើន​កើត​ចំពោះ​ពលករ​ខ្មែរ និង​ភូមា។


អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

ក្នុង​របាយការណ៍​កម្រាស់​១៣៤​ទំព័រ ដែល​មាន​ចំណង​ជើង​ថា «ការ​រំលោភ​សិទ្ធិ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ ក្នុង​ឧស្សាហកម្ម​នេសាទ​នៅ​ប្រទេស​ថៃ» អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ Human Rights Watch អះអាង​ថា ពលករ​ដែល​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ក្នុង​នោះ​មាន​ខ្មែរ​និង​ភូមា​ផង​ដែរ ភាគ​ច្រើន​ប្រឈម​នឹង​បញ្ហា​ជួញ​ដូរ​មនុស្ស ការ​បើក​ប្រាក់​ខែ​មិន​ទៀង​ទាត់ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ជាង​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​មិន​អាច​ផ្លាស់​ប្ដូរ​និយោជក និង​មិន​ទទួល​ការ​គាំពារ​ផ្នែក​ច្បាប់ ឬ​អាច​ចូល​រួម​ជាមួយ​សហជីព​ដើម្បី​ជួយ​ការពារ​សិទ្ធិ​ពួក​គេ​បាន​ឡើយ។​

ប្រធាន​ផ្នែក​តស៊ូ​មតិ​និង​ការពារ​សិទ្ធិ​ស្ត្រី​និង​កុមារ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក​ស្រី ឆន សុគន្ធា កត់​សំគាល់​ប្រហាក់​ប្រហែល​គ្នា​នឹង​របាយការណ៍​នេះ​ដែរ។ លោក​ស្រី និយាយ​ថា ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​គឺ​សុទ្ធ​តែ​ទៅ​ដោយ​ខ្លួន​ឯង​ភាគ​ច្រើន​ខុស​ច្បាប់ ដែល​នេះ​ជា​បញ្ហា​ពិបាក​ក្នុង​ការ​ជួយ​សង្រ្គោះ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង។

បើ​តាម ​លោក​ស្រី ឆន សុគន្ធា មិន​ដឹង​ថា​មាន​ក្រុមហ៊ុន​ណា​ដែល​បញ្ជួន​ពលករ​ខ្មែរ​ឲ្យ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​នោះ​ទេ។ អ្នក​ធ្វើ​ការ​លើ​ទូក​នេសាទ​គឺ​ពួក​គេ​ត្រូវ​បណ្តែត​ជីវិត​នៅ​លើ​ទូក​គ្មាន​កោះ​គ្មាន​ត្រើយ​រាប់​ខែ​ទំរាំ​បាន​ឡើង​គោក​ម្តងៗ។ ហើយ​ជួន​កាល​ក៏​ត្រូវ​បាន​ថៅកែ​ទូក​នេសាទ​បញ្ជួន​បន្ត​ទៅ​ឲ្យ​ថៅកែ​ផ្សេង​ទៀត​រហូត​ដល់​ម៉ាឡេស៊ី​ក៏​មាន។ នេះ​ជា​ការ​កត់​សំគាល់​របស់​មន្រ្តី​អាដហុក​ដដែល។

ទោះ​ជា​យ៉ាង​ណា ក្នុង​ពេល​ចុះ​ជួប​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​រោង​ចក្រ​ផលិត​សាច់​មាន់​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ខេត្ត​សារ៉ាក់បុរី ប្រទេស​ថៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា បាន​ប្រាប់​ពលករ​ខ្មែរ​នៅ​ទីនោះ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​ការពារ​សុវត្ថិភាព និង​សិទ្ធិ​ការងារ ក្នុង​នោះ​មាន​របប​គ្រោះ​ថ្នាក់​ការងារ របប​ថែ​ទាំ​សុខភាព និង​ប្រាក់​សោធននិវត្តន៍​ជូន​ដល់​ពលករ​កម្ពុជា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​ដែល​ស្និទ​នឹង​រដ្ឋាភិបាល។

បើ​តាម Human Rights Watch កាល​ពី​២០១៥ រដ្ឋាភិបាល​ថៃ បាន​ទទួល​រង​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​អន្ដរជាតិ និង​បណ្ដា​ប្រទេស​នាំ​ចូល​ផលិត​ផល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ថៃ។ ក្នុង​នោះ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ក៏​បាន​ព្រមាន​ហាម​ឃាត់​ការ​នាំ​ចេញ​ទៅ​ទី​ផ្សារ​អន្ដរជាតិ និង​បាន​ដាក់​បញ្ចូល​ប្រទេស​នេះ ទៅ​ក្នុង​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ផង​ដែរ។​

បន្ទាប់​ពី​មាន​ការ​ព្រមាន និង​ជំរុញ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស រដ្ឋាភិបាល​ថៃ បាន​កែ​ប្រែ​លក្ខខណ្ឌ​ក្នុង​ច្បាប់​ការងារ កែ​លម្អ​ប្រព័ន្ធ​តាម​ដាន​ការ​រំលោភ​សិទ្ធិ និង​ចាត់​វិធានការ​ជា​បន្ដ​បន្ទាប់។ អង្គការ Human Rights Watch រិះគន់​ថា ចំណាត់​ការ​ទាំង​អស់​នោះ គឺ​គ្រាន់​ដើម្បី​លាក់​បាំង​ភ្នែក​អន្ដរជាតិ និង​មាន​តែ​នៅ​តែ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្ដែ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ។

Human Rights Watch អះអាង​ថា នៅ​ឆ្នាំ​២០១៥ រដ្ឋាភិបាល​ថៃ មិន​អាច​រក​ឃើញ​សូម្បី​តែ​មួយ​ករណី ក្នុង​ចំណោម​ពលករ​ជាង​៤៧​ម៉ឺន​នាក់ ដែល​ទទួល​រង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ។​ ជាក់​ស្តែង​ថ្មីៗ​នេះ អង្គការ Human Rights Watch និយាយ​ថា កម្មករ​ធ្វើ​ការ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ ប្រមាណ​៥​ម៉ឺន​នាក់ ក៏​បាន​ទទួល​រង​ការ​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់​ធ្ងរ​ថែម​ទៀត៕