អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ

ប្រទេស​កម្ពុជា​ត្រូវ​បាន​ជាប់​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អាណត្តិ​មួយ​ឆ្នាំ​២០១៩​ខាង​មុខ។ បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា ការ​ជាប់​ជា​សមាជិក​នេះ​មាន​សំឡេង​គាំទ្រ ចំនួន​១៨៣ លើ​១៨៨ ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​សាល​មហា​សន្និបាត នៃ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នា​ទីក្រុង​ញ៉ូយក។

សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម
សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ជោគ​ជ័យ​ថ្មី​មួយ​ទៀត​របស់​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ។

ក្នុង​​ឋានៈ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​នឹង​ខិត​ខំ​ជំរុញ​ស្តង់ដារ​រស់​នៅ​ឲ្យ​បាន​ខ្ពស់ ការ​បង្កើត​ការងារ​ឲ្យ​បាន​ពេញ​លេញ និង​ជំរុញ​លក្ខខណ្ឌ​នៃ​ការ​រីក​ចំរើន​សេដ្ឋកិច្ច​សង្គម និង​ការ​អភិវឌ្ឍ។

លើស​ពី​នេះ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​១៣​មិថុនា កម្ពុជា​ប្តេជ្ញា​ចូល​រួម​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ ព្រម​ទាំង​ជំរុញ​ដំណោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ និង​សុខាភិបាល​សង្គម។ ព្រម​ជាមួយ​គ្នា​នេះ កម្ពុជា ដែល​កំពុង​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មួយ​ចំនួន និង​អតីត​បក្ស​ប្រឆាំង​ចាត់​ទុក​ថា កំពុង​ដើរ​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​នោះ ក៏​អះអាង​ថា​ខ្លួន​ចូល​រួម​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​សកល និង​សេរីភាព​ជា​មូលដ្ឋាន​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​បញ្ជាក់​បន្ថែម​ថា កម្ពុជា​បាន​ប្រើ​ពេល​៣​ឆ្នាំ​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រទេស​នានា​គាំទ្រ​កម្ពុជា​ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​នេះ ដែល​ត្រូវ​ការ​សំឡេង​២​ភាគ​៣។

សូម​រំលឹក​ថា ប្រទេស​កម្ពុជា​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​អនុប្រធាន​នៃ​សម័យ​ប្រជុំ​លើ​ទី​៧៣ របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៥ ខែ មិថុនា ឆ្នាំ ២០១៨។ ជា​ការ​ជ្រើស​តាំង​សម្រាប់​អាណត្តិ​ពី​ខែ​កញ្ញា ២០១៨ ដល់​ខែ​កញ្ញា ២០១៩ រួម​ជាមួយ​ប្រទេស​ចំនួន​១៥ ផ្សេង​ទៀត និង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក​ អ៊ុច បូររិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃ​ទី៨​មិថុនា​នេះ​ថា ​ការ​ផ្តល់​ទំនុក​ចិត្ត​ពី​សមាជិក​អង្គការ​សហប្រជា​ជាតិ​ចំពោះ​តំណែង​អនុប្រធាន​មហា​សន្និ​បាត​ ​អាណត្តិ​ថ្មី​នេះ គឺជាការ​ឆ្លើយ​តប​យ៉ាង​សម​ស្រប​ចំពោះ​លោក សម រង្ស៊ី ដែល​ធ្លាប់បាន​អំពាវ​នាវ​ឲ្យ​អន្តរជាតិ​ព្យួរ​អាសនៈ​កម្ពុជានៅ​អង្គការ​ពិភព​លោក​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ