អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា៖ កម្ពុជា​មិន​ទទួល​យក​ការ​ប្រើ​ប្រាស់​ជំនួយ​ភ្ជាប់​លក្ខខណ្ឌ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​​ទេ នូវ​ការ​ប្រើ​ប្រាស់​ជំនួយ​ឧបត្ថម្ភ​ដោយ​ភ្ជាប់​លក្ខខណ្ឌ​ជា​ស្ពាន​សម្រាប់​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។ លោករ​ដ្ឋមន្ត្រី​ប្រាក់ សុខុន បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្ទរកថា បិទ​បញ្ចប់​សន្និបាត​ការងារ​ប្រចាំ​ឆ្នាំ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស @Ministry of Foreign Affairs
ផ្សាយពាណិជ្ជកម្ម

ជំហរ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​បរទេស​បែប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សេតវិមាន​អាមេរិក នៅ​ថ្ងៃ​ទី​២៧​កុម្ភៈ បាន​ប្រកាស​កាត់​បន្ថយ​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​។ ចំណែក​រដ្ឋាភិបាល​អាល្លឺម៉ង់​វិញ​បាន​ផ្អាក​ផ្តល់​ទិដ្ឋាការ​ពិសេស​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​ករណី​នេះ លោក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​រង​នូវ​ការ​រិះគន់​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​លោក​ខាង​លិច​មួយ​ចំនួន​ចំពោះ​អ្វី​ដែល​ពួក​គេ​យល់​ថា ជា​ការ​បង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅ​​លើ​បក្ស​ប្រឆាំង សារព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល។ ហើយ​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ទើប​ក្រសួង​ការ​បរទេស​បាន​ចេញ​ផ្សាយ​ឯកសារ​ប្រាប់​ពី​ការ​ពិត​កាល​ពី​ឆ្នាំ​ទៅ​មិញ។

យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក ប្រាក់ សុខុន នៅ​តែ​អះអាង​ពី​ការ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត​ដូច​ជា ចិន ជប៉ុន បារាំង រុស្ស៊ី និង​សហភាព​អឺរ៉ុប​EU ជា​ដើម។ បន្ថែម​លើ​នេះ កម្ពុជា​ចង់​ចាំ​ជានិច្ច​នូវ​គុណ​បំណាច់​របស់​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ដែល​បាន​ជួយ​ជ្រោម​ជ្រែង និង​ឧបត្ថម្ភ​មក​កម្ពុជា។ នេះ​បើ​តាម​លោក ប្រាក់ សុខុន។

បើ​តាម​លោក​ប្រាក់ សុខុន ការ​ពិត​វិធានការ​ផ្លួវ​ច្បាប់​ទាំង​ឡាយ​កាល​ពី​កន្លង​មក​គឺ​ដើម្បី​ចាក​ផុត​ពី​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​សម័យ​កាល​នៃ​សង្គ្រាម​អតីតកាល។ ហើយ​បរាជ័យ​ក្នុង​ការ​ប៉ុន​ប៉ង​ផ្លាស់​ប្ដូរ​របប​តាម​បែប​បដិវត្តន៍​ពណ៌ ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ប្រកាន់​ឥរិយាបថ​បិទ​ភ្នែក​ចំពោះ​តថភាព​នៅ​កម្ពុជា​ដែល​ជា​សមិទ្ធផល​របស់​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន។ ​នេះ​បើ​តាម​លោក ប្រាក់ សុខុន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កម្ពុជា​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ស្វាគមន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ទាំង​អស់​ដែល​មាន​បំណង​ល្អ​ចូល​រួម​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ