អានតួអត្ថបទ
កម្ពុជា

របាយការណ៍៖ ប្រជាពលរដ្ឋ​កម្ពុជា​លើស​លប់ មិន​យល់​ដឹង​ពី​ដំណើរ​ការ​រៀប​ចំ​ថវិកា​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ

ប្រជាពលរដ្ឋ​កម្ពុជា ត្រឹម​តែ 0.3% ប៉ុណ្ណោះ ដែល​អះអាង​ថា ពួក​គេ​បាន​យល់​ដឹង​ពី​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៧​កន្លង​ទៅ។ ចំនួន​នេះ មាន​ន័យ​ថា ប្រជាពលរដ្ឋ​កម្ពុជា​លើស​លប់ ឬ ៩៩.៧% មិន​បាន​ដឹង​ថា តើ​ចំនួន​សរុប​នៃ​ថវិកា​ជាតិ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ មាន​ចំនួន​ប៉ុន្មាន​នោះ​ឡើយ។ នេះ​បើ​តាម​របាយ​ការណ៍​​ស្ទង់​មតិ​មួយ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា (TI) ចេញ​ផ្សាយ នៅ​​​ថ្ងៃ​ទី ៩ ឧសភា។

របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា
របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩​ឧសភា​នេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ត្រឹម​តែ ០.៣% ប៉ុណ្ណោះ ដែល​បាន​អះអាង​ថា ពួក​គេ​បាន​ដឹង​ពី​ចំនួន​ថវិកា​ជាតិ​កាល​ពី​ឆ្នាំ​២០១៧ និង​៥% ដឹង​ថា តើ​ស្ថាប័ន​ណា​ជា​អ្នក​រៀប​ចំ​សេចក្តី​ព្រាង​ថវិកា​ជាតិ និង​ស្ថាប័ន​ណា​ដែល​ជា​អ្នក​អនុម័ត។ របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ស្ទង់​មតិ​ទៅ​លើ​ប្រជាពលរដ្ឋ ១៥៩៦​នាក់ នៅ​២៥​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស កាល​ពី​អំឡុង​ខែ​តុលា​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​លើស​លប់ មិន​បាន​យល់​ដឹង​ពី​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​ថវិកា​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ និង​ពី​ចំនួន​ថវិកា​ជាតិ ដែល​ត្រូវ​បាន​រដ្ឋាភិបាល ចាយ​វាយ​នៅ​ក្នុង​មួយ​ឆ្នាំៗ​នោះ​ឡើយ។ លទ្ធផល​នេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ខ្វះ​ការ​ចូល​រួម​ក្នុង​ការ​តាម​ដាន និង​ភាព​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​អង្គការ​តម្លាភាព​កម្ពុជា​រៀប​ចំ​ការ​ស្ទង់​មតិ​ពី​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ទៅ​លើ​ការ​រៀប​ចំ​ដំណើរ​ការ​ថវិកា​ជាតិ​នៅ​កម្ពុជា។ ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ដើម្បី​ស្វែង​យល់​ពី​កំរិត​យល់​ដឹង​របស់​ប្រជាពលរដ្ឋ និង​ឥរិយាបថ​របស់​ពួក​គេ លើ​ដំណើរ​ការ​រៀប​ចំ​ថវិកា​ជាតិ​នៅ​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ ការ​ស្ទង់​មតិ​នេះ ហាក់​ជួប​ភាព​ចម្រូង​ចម្រាស់​បន្តិច ត្រង់​ថា ការ​ចុះ​សាក​សួរ​បាន​ធ្វើ​ឡើង​តែ​ទៅ​លើ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​សិក្សា​មិន​បាន​ចប់​ថ្នាក់​បឋម​សិក្សា​ឡើយ។ ភាគី​ពាក់​ព័ន្ធ​បាន​ទទួល​ស្គាល់​ថា​​ បញ្ហា​ថវិកា​ជាតិ​នេះ គឺ​ជា​រឿង​បច្ចេកទេស និង​ស្មុគ​ស្មាញ ដែល​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​ពិបាក​នឹង​យល់​។ ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​គិត​ថា វា​ជា​រឿង​របស់​រដ្ឋាភិបាល។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​អះអាង​ថា បើ​កាល​ណា​ប្រជាពលរដ្ឋ​មិន​យល់​ដឹង​ពី​ការ​រៀប​ចំ​ដំណើរ​ការ​ថវិកា​ជាតិ គឺ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ភាព​ជា​ម្ចាស់​ឆ្នោត ហើយ​ជា​ពិសេស គឺ​វា​មិន​បាន​ឆ្លើយ​តប ទៅ​នឹង​តម្រូវ​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ បន្ថែម​លើ​នេះ កង្វះ​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​លើ​ដំណើរ​ការ​រៀប​ចំ​ថវិកា​ជាតិ គឺ​ខ្វះ​ការ​ចូល​រួម​ក្នុង​ការ​ឃ្លាំ​មើល ទៅ​លើ​ការ​ចាយ​វាយ​របស់​មន្រ្តី និង​រដ្ឋាភិបាល​ថា តើ​ពួក​គេ​បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ បាន​ត្រឹម​ត្រូវ​កម្រិត​ណា? ទន្ទឹម​គ្នា​នេះ លោក ព្រាប កុល បាន​ទាមទារ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់ ស្តី​ពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​បន្ទាន់ ដើម្បី​ផ្តល់​លទ្ធភាព ឲ្យ​ភាគី​ពាក់​ព័ន្ធ​ស្នើ​សុំ​របាយការណ៍​ចាយ​វាយ​របស់​ក្រសួង​នីមួយៗ ដើម្បី​វិភាគ​ថា តើ​ក្រសួង ស្ថាប័ន​រដ្ឋ បាន​ចាយ​វាយ​ថវិកា​ជាតិ ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព​ឬ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ