អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រមុខ​កាទូត​កម្ពុជា ថ្លែង​ការពារ​ជា​ថ្មី ពី​វិធានការ​បង្រ្កាប​លើ​គណបក្ស​ប្រឆាំង នៅ​ចំពោះ​មុខ​អង្គ​ទូត​នានា

រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​ថ្លែង​ការពារ​ជា​ថ្មី ចំពោះ​ចំណាត់​ការ​របស់​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា ទៅ​លើ​គណបក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ដោយ​ស្រប​តាម​ច្បាប់​របស់​កម្ពុជា។ ការ​ថ្លែង​ការពារ​នេះ គឺ​ទល់​នឹង​សេចក្តី​ព្រួយ​បារម្ភ​ដែល​បាន​លើក​ឡើង​ដោយ​ក្រុម​ឯកអគ្គ​រដ្ឋទូត​ចំនួន​៥​ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា ប៉ុន្តែ​ទើប​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។

លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រុម​ឯកអគ្គ​រដ្ឋទូត​ដែល​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចុង​ក្រោយ​របស់​ខ្លួន ស្តី​ពី ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នោះ រួម​មាន ឯកអគ្គ​រដ្ឋទូត​ប្រទេស​កាណាដា ហ្វាំងឡង់ ស្វីស ដាណឺម៉ាក និង​ភារៈ​ធារី​ស្តី​ទី​នៃ​ស្ថានទូត​នូវែសហ្សឺឡង់​ជា​ដើម។ ប៉ុន្តែ ជំនួប​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ការ​បរទេស​កម្ពុជា​នា​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា នោះ ត្រូវ​បាន​លោក​ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ពន្យល់​ទៅ​វិញ​ថា រាល់​ចំណាត់​ការ​របស់​ស្ថាប័ន​កំពូលៗ​កម្ពុជា រួម​មាន ស្ថាប័ន​នីតិ​ប្បញ្ញត្តិ នីតិ​ប្រតិបត្តិ និង​ស្ថាប័ន​តុលាការ​ទៅ​លើ​លោក កឹម សុខា និង​គណបក្ស​ប្រឆាំង​នោះ គឺ​ធ្វើ​ឡើង​ដោយ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី ៣០ វិច្ឆិកា ប៉ុន្តែ​ទើប​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី ០៥ ធ្នូ នេះ។

នៅ​ក្នុង​សេចក្តី​ពន្យល់​នេះ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​លើក​ឡើង​ពី​ភស្តុតាង​ជាក់​ស្តែង​នានា ប្រាប់​ទៅ​តំណាង​អង្គទូត​ទាំង​០៥ រួម​ទាំង​ចំណាត់​ការ​របស់​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​ទៅ​លើ​លោក កឹម សុខា និង​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ថា គឺ​សំដៅ​រក្សា​ឲ្យ​បាន​នូវ​ផល​ប្រយោជន៍​ជា​យុទ្ធសាស្រ្ត​របស់​ប្រទេស​កម្ពុជា គឺ​ឯករាជ្យ អធិបតេយ្យភាព ការ​ប្រឆាំង​ទៅ​នឹង​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា និង​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​សេចក្តី​ប្រកាស​នេះ​បាន​ចាត់​ទុក​ថា ការ​ផ្តួល​រំលំ តាម​រយៈ​មធ្យោបាយ​មិន​មែន​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​បដិវត្ត​ពណ៌។ ចំណាត់​ការ​ខាង​លើ​នេះ ក៏​ដើម្បី​រក្សា​ការពារ​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម ហើយ​និង​ជីវភាព​សុខសាន្ត​របស់​ប្រជាជន។ សេចក្តី​ថ្លែងការណ៍​នេះ មិន​បាន​លើក​ឡើង​ពី​ប្រតិកម្ម​យ៉ាង​ណា ពី​ក្រុម​ឯកអគ្គ​រដ្ឋទូត​ទាំង​៥​នេះ​ទេ ប៉ុន្តែ​បាន​លើក​ឡើង​ពី​ការ​ថ្លែង​អំណរគុណ​ចំពោះ​ការ​ពន្យល់​របស់​ភាគី​រដ្ឋាភិបាល​កម្ពុជា។ គួរ​ជំរាប​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​ខ្លួន​ទៅ​លើ​គណបក្ស​ប្រឆាំង​ទល់​នឹង​ការ​ព្រួយ​បារម្ភ​ពី​សហគមន៍​អន្តរជាតិ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ០៥ ធ្នូ​នេះ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​៣​ខែ​មក​ហើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ០៣ កញ្ញា ឆ្នាំ ២០១៧ ពី​បទ​ក្បត់​ជាតិ។ ទាក់​ទង​នឹង​ករណី​នេះ កាល​ពី​ថ្ងៃ​ទី ០៤ ធ្នូ ម្សិល​មិញ​នេះ ក្រុម​តំណាង​រាស្រ្ត​១៥៨​រូប​មក​ពី​២៣​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក ទើប​បាន​ចេញ​លិខិត​ចំហរ​មួយ​ផ្ញើ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ជា​បន្ទាន់​និង​ឥត​លក្ខ័ខណ្ឌ ខណៈ​បាតុកម្ម​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា កំពុង​កើត​មាន​ឡើង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ