អានតួអត្ថបទ
កម្ពុជា

៩​ខែ​​ឆ្នាំ​២០១៥​៖ ​អគ្គីភ័យ​​កើតឡើង​១០៨​ករណី​​នៅ​​ភ្នំពេញ ​ខណៈ​​មនុស្ស​១០​នាក់​​បាន​​ស្លាប់​

គិត​ត្រឹម​រយៈពេល៩ខែ​ក្នុង​ឆ្នាំ២០១៥នេះ គ្រោះ​អគ្គីភ័យ​បានកើត​ឡើង ១០៨ ករណី។ ចំនួន​នេះ​កើនឡើង បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ក្នុងនោះ​មនុស្ស១០នាក់​បាន​ស្លាប់បាត់​បង់ជីវិត។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា ការកើនឡើង​នៃ​គ្រោះ​អគ្គីភ័យ​នេះ គឺ​ដោយសារតែ​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ។

អគ្គីភ័យ​នៅ​ក្នុង​រាជធានីភ្នំពេញ​នា​ពេល​កន្លង​មក​
អគ្គីភ័យ​នៅ​ក្នុង​រាជធានីភ្នំពេញ​នា​ពេល​កន្លង​មក​ @សាលារាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​រយៈពេល៩ខែ​ក្នុង​ឆ្នាំ២០១៥នេះ អគ្គីភ័យ​កើតឡើង១០៨ករណី នៅ​ភ្នំពេញ។ ចំនួន​នេះ បាន​កើន​លើស​ឆ្នាំមុន៣ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា។ ឆ្នាំមុន​មាន​មនុស្ស​ស្លាប់៦នាក់​និង​ឆ្នាំនេះ​មាន​មនុស្ស​ស្លាប់៩នាក់។ នេះ​បើតាម​ការបញ្ជាក់​ពី លោក នេ​ត វ​ន្ថា ស្នងការរង​ទទួលបន្ទុក​ការងារ​អគ្គីភ័យ​និង​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ។ លោក នេ​ត វ​ន្ថា បាន​កត់សម្គាល់ថា គ្រោះ​អគ្គីភ័យ​បាន​កើតឡើង​ច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ហើយ​វា​គួរ​ឲ្យ​ចម្លែក ដែល​គ្រោះ​អគ្គីភ័យ​បានកើត​ឡើង​ច្រើន​នៅក្នុង​រដូវវស្សា​នេះ​ទៅវិញ។ លោក នេ​ត វ​ន្ថា បាន​បញ្ជាក់ថា មូលហេតុ​ចំបង​នៃ​គ្រោះ​អគ្គីភ័យ​នេះ គឺ​ដោយសារតែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត​ពាក់ព័ន្ធ​ការបង្ការ​គ្រោះ​អគ្គិភ័យ និង​ជាពិសេស គឺ​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ។

បើតាម​លោក នេ​ត វ​ន្ថា នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ អគ្គីភ័យ​ភាគច្រើន​បាន​ឆេះ​ទៅលើ​ក្លឹ​ក​កំសាន្ត និង​ហាង​ខារ៉ាអូខេ។ ហើយ​កាលពី​យប់​ថ្ងៃទី១៩កញ្ញា​ម្សិល​ម៉ិ​ញ​នេះ​តែម្តង អគ្គិភ័យ​បាន​ឆេះ​រោង​សិប្បកម្ម​ផលិត​កុងម៉ា​មួយកន្លែង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ។ អគ្គីភ័យ​នេះ បាន​បណ្តាល​ឲ្យ​ឆេះ​រោង​សិប្បកម្ម​ផលិត​កុងម៉ា​សង់​ពី​ថ្ម​បេតុង​ប្រកស​ង្គ័​សី ទំហំ៤០ម៉ែត្រ គុណ៤០ម៉ែត្រ, រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចំនួន០១គ្រឿង, ម៉ូតូ​ចំនួន០២គ្រឿង​រួមទាំង​របស់របរ​ជាច្រើន​មុខ​ផ្សេងទៀត។ ហើយ​កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​ទៅ គ្រោះ​អគ្គិភ័យ​បាន​ឆេះ​ក្លឹប​កំសាន្ត​មួយកន្លែង ស្ថិតនៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិចណាស់៥នាក់​បាន​ស្លាប់ ហើយ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន គ្រោះ​អគ្គីភ័យ​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រី៦នាក់​ស្លាប់ និង២នាក់​រងរបួស នៅក្នុង​ការឆេះ​ក្លឹប​កម្សាន្ត​យីហោ ហ៊ី​ប​ហប នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប។

លោក នេ​ត វ​ន្ថា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនិង​ការប្រើប្រាស់​របស់​ដែល​ងាយ​កើតមាន​អគ្គិភ័យ ដូចជា ចរន្តអគ្គិសនី កំប៉ុង​ហ្គាស និង​ភ្លើងទៀន-ធូ​ក ជាដើម។ ហើយ​ជា​វិធានការ​បង្ការ​ចំបង គឺ​ប្រជាពលរដ្ឋ ពិសេស​ចំពោះ​អ្នក​ប្រកប​អាជីវកម្មផ្សេងៗ ត្រូវ​បំពាក់​ធុង​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​គ្រប់​ផ្ទះ និង​គ្រប់​ទីកន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ