អានតួអត្ថបទ
កម្ពុជា

អង្គការ UNICEF ថ្កោល​ទោស​អាជីវកម្ម​នាំ​ចេញ​ទឹក​ដោះ​ម្តាយ​ពី​កម្ពុជា​ទៅ​អាមេរិក

អង្គការ​គាំពារ​ផ្នែក​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ UNICEF នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​មុខ​ថ្កោល​ទោស​ទៅ​លើ​ក្រុមហ៊ុន​អាមេរិកាំង Ambrosia Labs ដែល​ធ្វើ​អាជីវកម្ម​លក់​ទឹក​ដោះ​ម្តាយ​ពី​អ្នក​ម្តាយ​ក្រីក្រ​ខ្មែរ​ទៅ​ឲ្យ​អាមេរិកាំង។ ការ​ថ្កោល​ទោស​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​ផ្អាក​ការ​នាំ​ចេញ​ទឹក​ដោះ​ម្តាយ​ពី​កម្ពុជា​ទៅ​កាន់​អាមេរិក​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ចន្ទ។

អង្គការ UNICEF ថ្កោល​​ទោស​​អាជីវកម្ម​​នាំ​ចេញ​​ទឹក​​ដោះ​​ម្តាយ​​ពី​​កម្ពុជា​​ទៅ​​អាមេរិក
អង្គការ UNICEF ថ្កោល​​ទោស​​អាជីវកម្ម​​នាំ​ចេញ​​ទឹក​​ដោះ​​ម្តាយ​​ពី​​កម្ពុជា​​ទៅ​​អាមេរិក
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី Iman Morooka អ្នក​នាំ​ពាក្យ​របស់​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា បរិមាណ​លើស​នៃ​ទឹក​ដោះ​ម្តាយ គឺ​គួរ​តែ​រក្សា​ឲ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ក្រី​ក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ទារក​ជា​ច្រើន​កំពុង​ខ្វះ​សារជាតិ​ចិញ្ចឹម​ដែល​ល្អៗ ។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ទឹក​ដោះ​ម្តាយ មិន​គួរ​ណា​គេ ធ្វើ​អាជីវកម្ម​លើ​ស្រ្តី​ខ្មែរ​ក្រីក្រ​សម្រាប់​តែ​ប្រាក់​ចំណេញ និង​គោល​បំណង​អាជីវកម្ម​សោះ​ឡើយ។

ប្រតិកម្ម​របស់​អង្គការ UNICEF នេះ បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​នាំ​ចេញ​ទឹក​ដោះ​ម្តាយ​ទៅ​កាន់​ទីផ្សារ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ ព្រោះ​តែ​ខ្លាច​ស្រ្តី​ជា​ម្តាយ​មិន​បាន​ផ្តល់​អាហាររូបត្ថម្ភ​គ្រប់​គ្រាន់​ដល់​កូនៗ និង​បារម្ភ​ខ្លាច​ទាក់​ទង​ទៅ​នឹង​ការ​កេង​ប្រវ័ញ្ច​សរីរាង្គ​របស់​មនុស្ស។ លោក​ស្រី Iman Morooka បាន​លើក​ឡើង​ថា ទឹក​ដោះ​ម្តាយ​អាច​ចាត់​ទុក​ថា ជា​ប្រភេទ​ជាលិកា​មួយ​របស់​មនុស្ស គឺ​វា​ដូច​គ្នា​នឹង​ឈាម​ដូច្នេះ​ដែរ ដែល​ការ​ធ្វើ​អាជីវកម្ម​លើ​វា​គួរ​ត្រួវ​បាន​ហាម​ឃាត់។ លោក​ស្រី បន្ត​ទៀត​ថា កង្វះ​អាហារូបត្ថម្ភ​នៅ​តែ​ជា​ការ​គំរាម​កំហែង​សម្រាប់​សុខុមាលភាព​របស់​ទារក​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ គឺ​ជា​កត្តា​សំខាន់​បំផុត​មួយ​ក្នុង​ការ​ផ្តល់​ឲ្យ​ទារក​នូវ​សុខភាព​ល្អ និង​សារពាង្គកាយ​មាំ​មួន។

លោក​ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​នោះ​ទេ​ថា​តើ​នឹង​មាន​ការ​បញ្ឈប់​ឬ​មិន​បញ្ឈប់​អាជីវកម្ម​ទឹក​ដោះ​ម្តាយ​នេះ​ជា​និរន្ត​ឬ​ក៏​យ៉ាង​ណា​នោះ​ ។ ប៉ុន្តែ​កាល​ពី​ម្សិល​មិញ លោក​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ក្រសួង​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ពិនិត្យ​លើ​បញ្ហា​នេះ​មុន​នឹង​សម្រេច​ចិត្ត។​ តែ​ទោះ​យ៉ាង​ណា លោក​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន​ថា ការ​កេង​ប្រវ័ញ្ច​សរីរាង្គ​មនុស្ស​គួរ​ត្រូវ​ហាម​ឃាត់។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​អាមេរិកាំង Ambrosia Labs គឺ​ជា​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​យក​ទឹក​ដោះ​ម្តាយ​ពី​ស្ត្រី​ខ្មែរ​ក្រីក្រ ដើម្បី​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​លក់​ទីផ្សារ​អាមេរិក ហើយ​នៅ​ពេល​នេះ ក្រុមហ៊ុន​នេះ​ក៏​បាន​ផ្អាក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ជា​បណ្តោះ​អាសន្ន​សិន​ដែរ។ ក្រុមហ៊ុន Ambrosia Labs បាន​ទទួល​ទិញ​ទឹក​ដោះ​ម្តាយ​ក្នុង​តម្លៃ ០.៦៤​សេន​សម្រាប់​បរិមាណ ៣០​មីល្លីលីត្រ ហើយ​នាំ​ចេញ​ទៅ​លក់​លើ​ទីផ្សារ​អាមេរិក​ក្នុង​តម្លៃ ២០​ដុល្លារ​សម្រាប់​បរិមាណ ១៤៧​មីល្លីលីត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ