rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អាមេរិក អាវុធ​គីមី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្ពុជា​ប្តឹង​ជា​ផ្លូវ​ការ​ទៅ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ក្រុង​ឡាអេ ករណី​គ្រាប់​បែក​គីមី​អាមេរិក

media
លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា REUTERS

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​០១​ខែ​វិច្ឆិកា​នេះ ស្តី​ពី​ការ​ប្តឹង​ទៅ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ដែល​មាន​ទី​ស្នាក់ការ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ ការ​ប្រកាស​ប្តឹង​ទៅ​កាន់​អង្គការ​អន្តរជាតិ​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ​អាវុធ​គីមី​របស់​អាមេរិក កាន់​តែ​ច្រើន​ទៅៗ​នៅ​លើ​ទឹក​ដី​ប៉ែក​ខាង​កើត​របស់​ខ្លួន។


រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ទី​១៦​ខែ​តុលា​ឆ្នាំ​២០១៧ កន្លង​ទៅ បាន​ផ្ញើ​លិខិត​ជូន​លោក Ahmet Uzumcu អគ្គនាយក​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ដោយ​ជម្រាប​ពី​ការ​រក​ឃើញ​អាវុធ​គីមី​នៅ​កម្ពុជា​និង​ស្វែង​រក​ជំនួយ​របស់​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​មួយ​នេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ លោក​ប្រាក់ សុខុន បាន​លើក​ឡើង​ពី​វត្តមាន​របស់​អាវុធ​គីមី ដែល​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​នៅ​លើ​ទឹក​ដី​កម្ពុជា ក្នុង​នោះ​មាន​ការ​រក​ឃើញ​អាវុធ​គីមី​នៅ​ខេត្ត​មណ្ឌលគីរី កាល​ពី​ខែ​មេសា​ឆ្នាំ​២០១២ ត្រូវ​បាន​ពិនិត្យ​និង​បញ្ជាក់​ដោយ​អ្នក​ជំនាញ​មក​ពី​អង្គការ​ហាម​ឃាត់​អាវុធ​គីមី។

កាល​ពី​ពេល​ថ្មីៗ​នេះ ពោល​គឺ​នៅ​ដើម​ខែ​តុលា​ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​យក​ចេញ​កាក​សំណល់​អាវុធ​មួយ​ចំនួន​ពី​សាលា​បឋម​សិក្សា​គគីរ ក្នុង​ខេត្ត​ស្វាយរៀង ដែល​ក្រោយ​មក​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​ជំនាញ​ពី​អាជ្ញាធរ​ជាតិ​អាវុធ​គីមី និង​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​(CMAC) ថា​សារធាតុ​ដែល​រក​ឃើញ​នៅ​ក្នុង​អាវុធ​ទាំង​នោះ ស៊ី​គ្នា​ទៅ​នឹង​និយម​ន័យ​អាវុធ​គីមី ដែល​ចែង​ក្នុង​មាត្រា​II កឋាខណ្ឌ​១​នៃ​អនុសញ្ញា​ស្តី​ពី​អាវុធ​គីមី និង​ពិនិត្យ​ឃើញ​មាន​ជន​រង​គ្រោះ​មួយ​ចំនួន​ផង​នៅ​ទី​នោះ។ ជា​រួម​មាន​ទី​តាំង​ចំនួន​៣៤​កន្លែង ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​អាវុធ​ប្រភេទ​ដូច​គ្នា​នេះ នៅ​ទូ​ទាំង​ប្រទេស។

ការ​សម្រេច​សរសេរ​លិខិត​ទៅ​ប្តឹង​អង្គការ​អន្តរជាតិ​ខាង​អាវុធ​គីមី​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​បន្ទាប់​ពី កម្ពុជា និង​អាមេរិក កំពុង​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា វត្តមាន​គ្រាប់​បែក​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​កន្លង​ទៅ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ហៅ​ការ​រក​ឃើញ​គ្រាប់​បែក​ដែល​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ខេត្ត​ស្វាយ​រៀង​នេះ​ថា​ជា​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា​វត្តមាន​គ្រាប់​បែក​ដែល​កម្ពុជា​ទើប​រកឃើញ ក្នុង​ឃុំ​គគីរ និង​ទីតាំង​ជា​ច្រើន​ទៀត គឺ​ជា​គ្រាប់​បែក​គីមី​ដែល​ទម្លាក់​ដោយ​អាមេរិក​នា​ទសវត្ស​១៩៧០។

ទោះ​យ៉ាង​ណា​គេ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ពី​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ខណៈ​ដែល​កម្ពុជា​បាន​បញ្ជាក់​តាម​លិខិត​របស់​ខ្លួន ដោយ​ស្នើ​សុំ​ជំនួយ​ពី​អង្គការ​អន្តរជាតិ​នេះ ក្នុង​ដំណើរ​ការ​ផ្ទៀង​ផ្ទាត់ គ្រឿង​ផ្ទុះ​ទាំង​អស់​នៅ​តាម​ទីតាំង​ដែល​បាន​ស្គាល់​រួច​ហើយ និង​ជំនួយ​ដើម្បី​គាំទ្រ​ដល់​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​អំពី​ផល​ប៉ះ​ពាល់​នៃ​អាវុធ​គីមី ព្រម​ទាំង​ការ​បោស​សំអាត​និង​បំផ្លាញ​អាវុធ​ទាំង​នេះ​ទៅ​អនាគត៕