អានតួអត្ថបទ
កម្ពុជា

ព្រះ​​សង្ឃ​​ត្រូវ​បាន​ហាម​និមន្ត​ចូល​កន្លែង​រៀបចំ​បុណ្យអុំទូក​

ព្រះសង្ឃ​ត្រូវ​បាន​ហាមឃាត់​ចូល​ទៅក្នុង​តំបន់​មួយ​ចំនួន ដែល​កំពុង​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក ​បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ ​និង​អក​អំបុក​រយៈពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២១ ​ដល់​ ២៣ ​ខែ​វិច្ឆិកា​នេះ​។ ​ការ​ហាមប្រាម​នេះ ​គឺ​ដោយសារ​តែ​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក ​កន្លង​មក គេ​តែង​សង្កេត​ឃើញ​ថា ​មាន​ព្រះ​សង្ឃ​អង្គ​ខ្លះ ​បាន​និមន្ត​ចូល​ទៅ​ក្នុង​កន្លែង​ប្រារព្ធ​ពិធី និង​កន្លែង​កំសាន្ត​ផ្សេង ៗ ក្នុងចំណោម​ហ្វូង​មនុស្ស​កកកុញ​។

រូបភាព៖ ព្រះសង្ឃ
រូបភាព៖ ព្រះសង្ឃ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ណែនាំ ចុះ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​សាលា​គណ​រាជធានី​ភ្នំពេញ​បាន​ហៅ​សកម្មភាព ​និង​រូបភាព ​ព្រះសង្ឃ​មាន​វត្តមាន​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ក្នុង​ឱកាស​បុណ្យអុំទូក​ បណ្តែត​ប្រទីប ​សំពះ​ព្រះ​ខែ និង​អក​អំបុក ​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា ​សេចក្តី​ថ្លៃថ្នូរ​ភេទ​ជា​អ្នកបួស ​និង​ធម៌​វិន័យ អភិសមាចារ ​និង​ជះ​ឥទ្ធិពល​ដល់​ជំនឿ​ព្រះពុទ្ធ​សាសនា​ ព្រមទាំង​មាន​ការ​មិន​សប្បាយចិត្ត​ពី​ពុ​ទ្ធ​បរិស័ទ​ថែម​ទៀត​។

ជាមួយគ្នា​នេះ សាលា​គណ​រាជធានី​ភ្នំពេញ ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ព្រះសង្ឃ​មិន​ត្រូវ​មាន​វត្តមាន​នៅក្នុង​តំបន់​ A​ ចាប់​ពី ​A1 ​រហូត​ដល់ ​A12​ ពោល​គឺ​ចាប់​ពី​វិមាន​ឯករាជ្យ​រហូត​ដល់​ស្ពាន​ជ្រោយចង្វា​ខាង​ជើង ​រួមមាន​វត្ត​ភ្នំ ​មុខ​វាំង សួន​មុខ​វត្ត​បទុម​វ​តី ​Naga World ​កោះ​ពេជ្រ ​ផ្សារ​ចាស់ ​និង​ផ្សារ​កណ្តាល​។ ​សេចក្តី​ណែនាំ​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​សាលា​គណ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​អនុគណ​គ្រប់​ខណ្ឌ ​និង​មន្ត្រី​សង្ឃ​គ្រប់​វត្ត ​ចាត់​វិធានការ​ផ្សព្វផ្សាយ ​ដើម្បី​ជ្រាប​ជា​ដំណឹង​ដល់​ព្រះសង្ឃ​ក្រោម​ឱវាទ​គ្រប់​អង្គ​។

ជុំវិញ​ការ​ហាមប្រាម​មិន​ឲ្យ​ព្រះសង្ឃ​មាន​វត្ត​មាន​នៅ​តំបន់​មួយ​ចំនួន ​ដែល​អាជ្ញាធរ​កំពុង​រៀបចំ​ពិធី​បុណ្យ​អុំទូក ​និង​ពោរពេញ​ដោយ​មនុស្ស​ម្នា​នោះ ​អ្នក​តាមដាន​សង្គម ​និង​សាសនា​នានា បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ​។

លោក​បណ្ឌិត ​ឈ​ត ប៊ុន​ថង ​ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ ​អប់រំ ​និង​ទេសចរណ៍​នៃ​រាជបណ្ឌិត​សភា​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា លោក​សម្តែង​ការ​គាំទ្រ​ដល់​ការ​ណែនាំ​របស់​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ ដល់​ព្រះសង្ឃ​ទាំងអស់ ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​នេះ​។ ​ក៏​ប៉ុន្តែ លោក​ជម្រុញ​ឲ្យ​មាន​ចំណាត់ការ​បែប​នេះ ​នៅ​ក្នុង​ករណី​ជា​ច្រើន​ទៀត ​ដែល​ជះ​ឥទ្ធិពល​ទៅដល់​ភាព​ថ្លៃថ្នូរ​របស់​អ្នក​បួស​។

សូម​បញ្ជាក់​ថា ​ព្រះសង្ឃ​ខ្មែរ​អង្គ​ខ្លះ ​ជារឿយ​ៗ​ តែង​តែ​បំពាន​ទៅ​នឹង​ធម៌​វិន័យ ​ក្នុង​នាម​ជា​អ្នកបួស ​ដូចជា​និមន្ត​ចូល​បិណ្ឌបាត ​នៅ​ក្នុង​ទី​ប្រជុំជន ​ដែល​មាន​ការ​កំសាន្ត​សប្បាយ ​នៅ​ក្នុង​ផ្សារ និង​នៅ​តាម​កន្លែង​មួយ​ចំនួន​ទៀត ​ដែល​មិន​សមរម្យ​សម្រាប់​ព្រះសង្ឃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ