rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នកស្រី ប៊ូ រចនា ស្នើ​ទៅ​បក្ស​ខ្មែរ​តែ​មួយ​កុំ​យក​ឈ្មោះ កែម ឡី ទៅ​ឃោសនា

media
រូបភាព​៖លោកស្រី ប៊ូ រចនា ភរិយាសពបណ្ឌិតកែម ឡី @ ប៊ូ រចនា

អ្នក​ស្រី ប៊ូ រចនា នៅ​ថ្ងៃ​ទី​១​មិថុនា​ម្សិលមិញ បាន​ចេញ​មុខ​ស្នើ​ឲ្យ​គណបក្ស​ខ្មែរ​តែ​មួយញ្ឈប់​នូវ​ទង្វើ​របស់​បក្ស ដែល​កំពុង​ប្រើប្រាស់​ឈ្មោះ និង​រូបភាព​លោក កែម ឡី ដើម្បីស្វែង​រក​ការ​គាំទ្រ។ គណបក្ស​ខ្មែរ​តែ​មួយ​បង្កើត​ឡើង​ដោយ​ប្អូន​ប្រុស​លោក​ កែម ឡី គឺលោក កែម រិទ្ធីសិទ្ធ​។ តែ​យ៉ាង​ណា​ក៏​ដោយ គណបក្ស​ខ្មែរ​តែ​មួយ បាន​ចាត់​ទុក​ទង្វើ​ខ្លួនធ្វើ​ឡើង​ត្រឹម​ត្រូវ ពោល​គឺ​មិន​បាន​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​លោក កែម ឡី នោះទេ។


ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន អ្នកស្រី ប៊ូ រចនា បាន​អំពាវនាវ​ឲ្យ​លោក គុជ លី ស្វែង​រក​សន្លឹក​ឆ្នោត​ទៅ​តាម​សមត្ថភាព​ដែល​ខ្លួន​មាន​ដោយ​កុំ​យក​ឈ្មោះ​លោក កែម ឡី ទៅ​ប្រើ​ប្រា​ស់​នៅ​ក្នុង​គណបក្ស​ខ្មែរ​តែ​មួយ​បែប​នេះ។ ចំពោះ​អ្នកស្រី ប៊ូ រចនា ការ​ប្រើប្រាស់​ឈ្មោះ​លោ​ក កែម ឡី ដើម្បី​ស្វែង​រក​ការ​គាំទ្រ​បែប​នេះ ជា​សកម្មភាព​មួយ​ហួស​ហេតុ និង​ធ្វើឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ស្រី ដែល​ជា​ភរិយា​ឡើយ។ ទោះ​គណបក្ស​ខ្មែរ​តែមួយ​ខំ​ប្រើ​ប្រាស់​ឈ្មោះ​លោក កែម ឡី យ៉ាង​ណា​ក៏​មិន​អាច​ស្វែង​រក​យុត្តិធម៌​ឲ្យ​លោក កែម ឡី បាន​ដែរ ។ នេះ​បើ​តាម​អ្នក​ស្រី ប៊ូ រចនា ។

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​អ្នក​ស្រី ប៊ូ រចនា ចេញ​មុខ​ប្រតិកម្ម​ចំពោះការ​ប្រើ​ប្រាស់​ឈ្មោះ​កែម ឡី ភ្ជាប់​នឹង​រឿង​នយោបាយ ខណៈ​លើក​ដំបូង​គេ​នៅ​ចាំ​បានថា អ្នកស្រី បាន​ប្រកាស​ថា មិន​បាន​ជាប់​ទាក់​ទង​នឹង​ការ​បង្កើត​គណបក្ស​ខ្មែរ​តែ​មួយនេះ​ឡើយ។

ឆ្លើយតប​នឹង​អ្នកស្រី ប៊ូ រចនា លោក គុជ លី អ្នក​នាំ​ពាក្យ​ខ្មែរ​តែ​មួយ​បាន​អះអាង​ថា បើចង់​ឲ្យ​លោក បញ្ឈប់​ការ​ប្រើប្រាស់​ឈ្មោះ ឬរូប​ភាព​លោក កែម ឡី លុះ​ត្រា​តែ​គ្រួសារលោក កែម ឡី ជា​អ្នក​ចេញ​មុខ​ស្នើ​សុំ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គ្រួសារ​លោក កែម ឡី គឺជាអ្នក​គាំ​ទ្រ​សកម្មភាព​នេះ​ព្រោះ​ថា លោក កែម ឡី ជាកូន និង​ជា​បង​ប្រុស។ នេះ​បើតា​ម​លោក គុជ លី។ លោក គុជ លី បន្ថែមថា សកម្មភាព​លោក​ធ្វើ​ឡើង​ត្រឹម​ត្រូវ​មិន​បានបំផ្លាញ​កេរ្តិ៍ឈ្មោះកែម ឡី រហូត​ដល់​ថ្នាក់​ស្នើ​ឲ្យ​បញ្ឈប់​ឡើយ។

គួរម្លឹកថា លោកបណ្ឌិតកែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១៦។ ប៉ុន្តែ​លោក កែម រិទ្ធីសិទ ជា​ប្អូន​ប្រុស​បាន​បង្កើត​គណបក្ស​មួយ​ដោយ​ដាក់​ឈ្មោះ កែម ឡី តែ​ក្រោយ​មក​ប្តូរ​ទៅ​ជា​គណបក្ស​ខ្មែរ​តែ​មួយ​វិញ ដែល​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ៕