rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​របាយការណ៍​៖ ​ពលរដ្ឋ​ខ្មែរ​ខ្ចី​ប្រាក់​ទិញ​ផ្ទះ កើន​ឡើង​ដល់​ជាង ៣ពាន់លាន​ដុល្លារ​

media
គេហដ្ឋានក្នុងទីក្រុងភ្នំពេញ (រូបតំណាង) @ងួន វឌ្ឍនៈបណ្ឌិត

ទំហំ​កម្ចី​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​បានផ្តល់​ឲ្យ​ទៅ​វិស័យ​អចលនទ្រព្យ ​បាន​កើន​ឡើង​ដល់​ជាង ៣ពាន់​លានដុល្លារ។ ចំនួន​នេះ​កើន​ឡើង​ ៣៤​ភាគរយ បើ​ប្រៀប​ធៀប​ក្នុងរយៈពេលដូចគ្នា ក្នុង​ឆ្នាំ ២០១៨។ នេះបើ​យោង​តាម​របាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល​ប្រចាំ​ត្រី​មាស​ ពីខែមករា ដល់ខែមីនា ឆ្នាំ ២០១៩ របស់​ការិយាល័យ​ឥណទាន​កម្ពុជា ហៅកាត់ថា CBC ចេញ​ផ្សាយ​ក្នុង​សប្តាហ៍នេះ។ 


​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា បាន​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ ២០១៩ ទំហំ​កម្ចី​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅកម្ពុជា បាន​ផ្តល់ឲ្យ​វិស័យ​អចលនទ្រព្យ បាន​កើន​ឡើង​ដល់ជិត ៣,២ ពាន់​លាន​ដុល្លារ ​ដែល​គិត​ជាភាគរយ គឺកើនឡើង ៣៤ ភាគរយ​ បើ​គិ​ត​ក្នុង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៨។ ត្រី​មាសទី ១ ឆ្នាំ ២០១៨ ទឹកប្រាក់​កម្ចី​សម្រាប់​អចលនទ្រព មាន​ប្រមាណ ២,៣៦ ពាន់​លាន​ដុល្លារ​​។ ប៉ុន្តែ​របាយការណ៍នេះ មិន​បាន​​រាប់បញ្ចូល​កម្ចី​ទិញ​ផ្ទះ ​ដែល​អតិថិជន​បង់​រំលស់​ពី​បុរី​នៅឡើយ​ទេ​។
 

លោក អឿ សុធារ័ត្ន ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ បា​ន​បង្ហាញ​សុទិដ្ឋិនិយម​ក្នុង​របាយការណ៍ថា ​ដំណើរការ​នៃ​ការផ្តល់​កម្ចី​ផ្នែក​អចលនទ្រព្យ ​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺមាន​ភាពល្អប្រសើរ​នៅ​ទីផ្សារ​កម្ពុជា​។ ស្ថានភាព​នេះ កើត​មាន​ដោយ​សារ​តែ​តម្រូវការ​ផ្ទះ ​នៅ​កម្ពុជា​ មានការ​កើន​ឡើង តាម​រយៈ​​កំណើននៃ​ជីវភាព​ប្រជាជន បូក​រួម​នឹង​ភាព​ងាយ​ស្រួល ក្នុងការ​ខ្ចី​ប្រាក់ ឬ បង់​រំលស់ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុនានា។ ជាពិសេស កំណើន​នៃការ​ទិញផ្ទះ ក៏​កើន​ឡើង​ស្រប​ពេល​ដែល​ការ​សាងសង់​ផ្ទះសម្រាប់​លក់​ ជាលក្ខណៈបុរី ឬ ផ្ទះល្វែង​មាន​ច្រើន​ផងដែរ។

​បើ​តាម​របាយការណ៍ដដែល កម្ចី​ដែល​បានផ្តល់​ឲ្យ​ទៅ​វិស័យ​អចលនទ្រព្យ ​ផ្តោតលើ​ឥណទាន​ ៣​ប្រភេទ​ ដែល​រួមមាន ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន (Personal Finance Loans) កម្ចី​អចលនទ្រព្យ (Mortgage Loan) និង​ប័ណ្ណឥណទាន (Credit Card Loans)​៕