អានតួអត្ថបទ
កម្ពុជា-មីន

ចិន សន្យា​ផ្តល់​ជំនួយ​ដើម្បី​បោះ​សម្អាត​មីន​ឲ្យ​អស់​នៅ​កម្ពុជា

ចិន​សន្យា​ថា​នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី កឺឈៀង ក្នុង​ឱកាស​ជំនួប​ទ្វេ​ភាគី​កម្ពុជា-ចិន​កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ការ​សន្យា​របស់​ចិន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដក​ជំនួយ​ដោះ​មីន​ពី​រដ្ឋាភិបាល​កម្ពុជា​ទៅ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​វិញ។

ជំនួប​ទ្វេ​ភាគីរវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​  និងនាយក​រដ្ឋមន្ត្រី​ចិន លី កឺឈៀង
ជំនួប​ទ្វេ​ភាគីរវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ និងនាយក​រដ្ឋមន្ត្រី​ចិន លី កឺឈៀង @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឱកាស​ជំនួប​ទ្វេ​ភាគី​កម្ពុជា-ចិន​កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ភាគី​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​អំពី​ការ​ជំរុញ​ការ​ដោះ​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ដែល​ជា​មរតក​នៃ​សង្រ្គាម​រុំា​រ៉ៃ​នៅ​កម្ពុជា​រាប់​ទសវត្ស​កន្លង​មក​ហើយ។

តាម​រយៈ​ជំនួប​នេះ នាយក​រដ្ឋមន្ត្រី​ចិន បាន​ប្រាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ថា ការ​ដោះ​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​សកម្មភាព​អាទិភាព​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ជួយ​ប្រទេស​នានា ដែល​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​នេះ។ ដូច្នេះ​ហើយ ចិន​សន្យា​ថា​នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ឱ្យ​បាន​ឆាប់​រហ័ស ក៏​ដូច​ជា និង​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់​ស្តែង​ហើយ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ពិនិត្យ និង​សម្រេច​ឱ្យ​បាន​មុន​ពេល​ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយក​រដ្ឋមន្រ្តី​ចិន​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី កឺឈៀង ។

ការ​ប្រកាស​ផ្តល់​ជំនួយ​ដើម្បី​រំដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​នា​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​អាជ្ញាមីន​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១៧ ដែល​បាន​ស្នើ​ឲ្យ​ភាគី​ចិន ឲ្យ​បន្ត​ជួយ​ដល់​កម្ពុជា ក្នុង​សកម្មភាព​សំអាត​មីន​នេះ​ ខណៈ​ដែល​កម្ពុជា ត្រូវ​ការ​ថវិកា​ប្រមាណ​ជាង ៤០៦ លាន​ដុល្លារ​ទៀត ដើម្បី​បោះ​សំអាត​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥។

ការ​ប្រកាស​យ៉ាង​ដូច្នេះ ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នៅ​ដើម​ខែ​វិច្ឆិកា​នេះ បាន​សម្រេច​ថា​នឹង​លែង​ផ្តល់​ជំនួយ​សម្រាប់​ប្រតិបត្តិការ​ដោះ​មីន​នៅ​កម្ពុជា​ទៅ​ឱ្យ​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា(CMAC​) ដោយ​ផ្ទាល់​ដូច​មុន​ទៀត​។ អាមេរិក ​នឹង​ផ្តល់​ទៅ​ឱ្យ​ក្រុម​អ្នក​ដោះ​មីន​ក្នុង​ស្រុក​ដោយ​ផ្អែក​លើ​ការ​ដេញ​ថ្លៃ​ជំនួស​វិញ។

សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន​នេះ​ជំនួយ​កម្ចាត់​មីន​នៅ​កម្ពុជា​មាន​ពី​ចន្លោះ​២៥​ទៅ​៣០​លាន​ដុល្លារ។ ជំនួយ​ទាំង​នេះ​បាន​មក​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជប៉ុន អង់គ្លេស​ និង​ប្រទេស​ផ្សេងៗ​ទៀត។ យ៉ាង​ណា​ក៏​ដោយ ជំនួយ​ទាំង​នេះ​ត្រូវ​បាន លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បញ្ជាក់​ថា មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​កម្ពុជា​ក្នុងការ​បោស​សម្អាត​មីន​ឲ្យ​បាន​ចាប់​រហ័ស និង​មាន​ប្រសិទ្ធភាព។ នា​ពេល​ខាង​មុខ​ កម្ពុជា​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​១៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​បន្ថែម​លើ​ជំនួយ​បច្ចុប្បន្ន ដើម្បី​បោស​សំអាត​មីន​កប់​ក្នុង​ដី​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ