អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​​បាន​​ប្រកាស​​បិណ្ឌបាត្រ​​ឲ្យ​​អ្នក​​ជាប់​ឃុំ​​​នៅ​ពន្ធគារ​​ព្រៃស​ ​បញ្ឈប់​​កូដកម្ម​ បង្អត់​​អាហារ

ក្រុម​ព្រះសង្ឃ​ប្រមាណ​ជា​២០អង្គ ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​ប្រកាស​បិណ្ឌបាត្រ​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំង​១៩​នាក់​នៅ​ពន្ធគារ​ព្រៃស​ឲ្យ​បញ្ឈប់​កូដកម្ម​បង្អត់​អាហារ​ដោយសារ​តែ​សុខភាព​ចុះ​ខ្សោយ។ ​សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​គឺ​ថ្ងៃ​សប្តាហ៍​ទី​៦​ហើយ​ ដែល​ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ ​យុវជន​ និង​ព្រះសង្ឃ​ បាន​តវ៉ា​ទាមទារ​នៅមុខ​ពន្ធគារ​ព្រៃស ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​បក្សប្រឆាំង ​ព្រះសង្ឃ ​និង​ស្ត្រី​សកម្មជន​បឹងកក់​ ទាំង​១៩នាក់​នោះ។

ការ​ទាមទារ​អោយ​មាន​ការ​ដោះលែង​សកម្មជន​បឹងកក់​១៩រូប​ នា​ពេល​កន្លង​មក។​
ការ​ទាមទារ​អោយ​មាន​ការ​ដោះលែង​សកម្មជន​បឹងកក់​១៩រូប​ នា​ពេល​កន្លង​មក។​ @Loun Sovann
ផ្សាយពាណិជ្ជកម្ម

អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​អង្គការ​លីកាដូ​ លោក​ អំ​ សំអាត​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​តាំងពី​ថ្ងៃទី​១០ធ្នូ​មក​ អ្នក​ជាប់ឃុំ​ទាំង​១៩នាក់​ មាន​សុខភាព​កាន់​តែ​ចុះខ្សោយ​ទៅ​ ហើយ​អ្នក​ជាប់ឃុំ​ម្នាក់​ ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ទាំង​១៩​ គឺ​អ្នកស្រី ​ផាន់ ឈុនរ៉េត​ ដែល​មាន​ជំងឺ​ខ្សោយ​បេះដូង​ស្រាប់​នោះ​ មិនទាន់​ទទួល​បាន​ការ​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ​នោះទេ។​ ក្រុមគ្រួសារ ​និង​មេធាវី​ បាន​ស្នើ​សុំ​អោយ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បេះដូង​នៅ​កាល់​ម៉ែត្រ ​ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល។ ​យ៉ាងណា​ក៏ដោយ ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​ មេធាវី​ការពារ​ក្តី​អោយ​អ្នកស្រី ​នឹងដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​សាលាឧទ្ធរណ៍​ ដើម្បី​សុំ​នៅក្រៅ​ឃុំ​ និង​ទទួល​បាន​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​ជំនាញ។  

ចំណែក​ឯ​លោក​ មាជ ​សុវណ្ណារ៉ា ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​បក្ស​សង្គ្រោះ​ជាតិ​វិញ ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជាក់ថា​ មាន​ការ​ចុះ​ស្គម​ជាង​មុន​ផងដែរ។ ​ប៉ុន្តែ​ទោះបី​ជា​មាន​ការ​ធ្វើ​កូដកម្ម​បង្អត់អាហារ​យ៉ាង​នេះ​ក្តី​ ក៏​តុលាការ​នៅ​មិនទាន់​ផ្តល់​យុត្តិធម៌​សំរាប់​ពួកគាត់​នៅ​ឡើយ​។ ​នេះ​បើតាម​ការបញ្ជាក់​បន្ថែម ពី​ព្រះ​តេជគុណ​ ព្រឹម ហ៊ួន ​សកម្មជន​ព្រះសង្ឃ​ដើម្បី​ការពារ​សិទ្ធិមនុស្ស។ ​ព្រះ​អង្គ ​ព្រឹម ហ៊ួន ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែម​ថា​ នៅ​ព្រឹក​មិញ​ ព្រះសង្ឃ​ប្រមាណ​ជា​២០អង្គ​ បាន​និមន្ត​បិណ្ឌបាត្រ​ឲ្យ​អ្នក​ជាប់ឃុំ​ទាំង១៩នាក់​នៅ​ពន្ធនាគារ​ព្រៃស ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ភ្លាម​ ដោយសារ​តែ​ពួកគេ​មាន​សុខភាព​ចុះ​ខ្សោយ​​ខ្លាំង។ ​ក្រៅពីនេះ​ ព្រះសង្ឃ​ក៏បាន ​និមន្ត​បិណ្ឌបាត្រ​សុំ​អោយ​តុលាការ​ដោះលែង​សកម្មជន​បក្សប្រឆាំង​ ព្រះសង្ឃ​ និង​សកម្មជន​បឹងកក់​ដូច​សព្វ​មួយដង​ មុនពេល​ការ​ជួបជុំ​តវ៉ា​ប្រចាំ​សប្តាហ៍​ទី៦នេះ ​ត្រូវ​បាន​រំសាយ​នៅ​ប្រមាណ​ជា​ម៉ោង​១១ព្រឹក។​

គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី២៥ធ្នូ​ តុលាការ​ក្រុង​ភ្នំពេញ​ ទើបតែ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​សុំ​នៅក្រៅ​ឃុំ​របស់លោក ​មាជ ​សុវណ្ណារ៉ា​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៤នាក់​ផ្សេងទៀត​ នៅ​ក្នុង​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ។ ​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ ដែល​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១នាក់​ នឹង​ត្រូវ​តុលាការ​បើកសវនាការ​លើ​អង្គសេចក្តី​ជា​លើក​ទី២​ នៅ​ថ្ងៃទី៨​ខែមករា​ខាងមុខ។ ​ចំណែក​ឯ​ករណី​អ្នកភូមិ​បឹងកក់​១០នាក់​និង​ព្រះសង្ឃ​មួយអង្គ​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ធ្វើ​អោយ​រាំងស្ទះ​ចរាចរណ៍ ​និង​រារាំង​មន្ត្រី​សាធារណៈ​ ហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​នោះ ​នឹង​ត្រូវ​តុលាការ​សាលាឧទ្ធរណ៍​បើក​សវនាការ​ នៅ​ថ្ងៃ​ទី​២២​មករា​ខាង​មុខ។​ ចំណែក​ឯ​ករណី​ព្រះសង្ឃ​ពីរ​អង្គ​ ព្រះនាម​ ឃីន ​វណ្ណៈ ​និង​ព្រះនាម ​សាង ​កុសល ​ដែល​រង​ការ​ចោទ​ប្រកាន់​ពីបទ​ចូលរួម​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នោះ​ នឹង​ត្រូវ​តុលាការ​សាលាឧទ្ធរណ៍​ បើក​សវន​ការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី​៣០ធ្នូ​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ