rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កីឡា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មន្ត្រី​កីឡា​ជាន់​ខ្ពស់​ជម្រុញ​ឲ្យ​ការ​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ពី​ពេល​នេះ​ទៅ

media
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ REUTERS

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ បាន​កំណត់​ថា​គណៈកម្មការ​រៀប​ចំ​ស៊ីហ្គេម ចាប់​ពី​ពេល​នេះ​ត​ទៅ ត្រូវ​បើក​កិច្ច​ប្រជុំ​ជា​រៀង​រាល់​៣​ខែ​ម្តង ដើម្បី​ជា​ការ​ត្រៀម​ខ្លួន។ ការ​លើក​ឡើង​របស់​លោក​ទៀ បាញ់ ដូច្នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មហា​សន្និបាត​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បញ្ចប់​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។


នៅ​សល់​តែ​៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ប្រទេស​កម្ពុជា​នឹង​ត្រូវ​រ៉ាប់​រង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង ដែល​ពេល​វេលា​នេះ ត្រូវ​អ្នក​ជំនាញ​ខាង​កីឡា​មើល​ឃើញ​ថា នៅ​សល់​មិន​ច្រើន​ប៉ុន្មាន​ទេ ក្នុង​ការ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ។

នៅ​ក្នុង​ឱកាស​នៃ​មហា​សន្និបាត​នេះ លោក​ទៀ បាញ់ បាន​លើក​ឡើង​ចំណុច​សំខាន់ៗ​ចំនួន​៨ ដែល​សុទ្ធ​សឹង ជា​ការ​ត្រៀម​លក្ខណៈ​ដំណើរ​ការ​កីឡា​ស៊ីហ្គេម​ឲ្យ​បាន​ល្អ ដែល​ចំណុច​ទាំង​នេះ មាន​ការ​ចាប់​ផ្តើម​ដំណើរ​ការ​យន្តការ​រដ្ឋបាល រៀប​ចំ​របប​ការងារ​និង​ផែនការ​ជំនាញ ការ​រៀប​ចំ​កញ្ចប់​ថវិកា​ពិសេស​ ដើម្បី​ជម្រុញ​លើ​ការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កីឡា និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស ប្រកប​ដោយ​គុណភាព និង​ស្នើ​ឲ្យ​វិស័យ​ឯកជន​ចូល​រួម​គាំទ្រ​សកម្មភាព​កីឡា​ឆ្ពោះ​ទៅ​ស៊ីហ្គេម​២០២៣​ជា​ដើម។

ទោះ​យ៉ាង​ណា លោក​វ៉ាត់ ចំរើន ដែល​ជាប់​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​អាណត្តិ​ថ្មី​នោះ បាន​ថ្លែង​ថា​កម្ពុជា​បាន​កំណត់​យក​កីឡា​ចំនួន​៨​ប្រភេទ ធ្វើ​ជា​កីឡា​យុទ្ធសាស្ត្រ ដែល​មាន​ប្រៀប​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី-អាគ្នេយ៍ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ប្រភេទ​កីឡា​ដែល​កម្ពុជា​ត្រៀម និង​មាន​សក្តានុពល​នោះ មាន​ដូច​ជា​ប្រភេទ​កីឡា​អត្តពលកម្ម កីឡា​ហែល​ទឹក កីឡា​សម្គាល់​អត្តសញ្ញាណ​ជាតិ​ក្នុង​នោះ​មាន គុន​ខ្មែរ ល្បុក្កតោ អុក​ចត្រង្គ និង​កីឡា​ជា​ក្រុម​មាន​បាត់​ទះ និង​បាល់​បោះ។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​មាន​ប្រភព​ពី​អ្នក​កីឡា​ប្រយុទ្ធ​រូប​នេះ បញ្ជាក់​ថា​អាណត្តិ​អូឡាំពិក​ថ្មី​ដែល​មាន​លោក​ថោង ខុន ជា​ប្រធាន​នោះ នឹង​ក្លាយ​ជា​អាណត្តិ​ស្លាប់​រស់ ក្នុង​ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់​លាស់ ដើម្បី​ដណ្តើម​មេដាយ​ពី​ការ​ប្រកួត​ស៊ីហ្គេម​២០២៣ ប្រសិន​បើ​ផែនការ​ដែល​បាន​ដាក់​ចេញ​បាន​ទទួល​ជោគ​ជ័យ។ លោក​ថា យ៉ាង​ហោច​ណាស់ កម្ពុជា​ក៏​ទទួល​បាន​លំដាប់​ទី​៥​ដែរ ក្នុង​ចំណោម​១១​ប្រទេស ខណៈ​ដែល​ការ​ប្រកួត​ស៊ីហ្គេម​កន្លង​មក​កម្ពុជា​តែង​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៨​ឬ​ទី​៩​នៃ​ប្រជាជាតិ​ក្នុង​តំបន់៕