អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រោយ​ការ​តវ៉ា​៖ ក្រសួង​អប់​រំ ថា​នឹង​បើក​សន្លឹក​កិច្ច​ការ​បេក្ខ​ជន​មួយ​ចំនួន​ឡើង​វិញ​

ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​បើក​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​របស់​បេក្ខជន​មួយ​ចំនួន ដែល​ប្តឹង​តវ៉ា​មិន​សុខ​ចិត្ត​ចំពោះ​លទ្ធ​ផល ដែល​ប្រកាស​ដោយ​ក្រសួង​អប់រំ កាល​ពី​ពេល​ថ្មីៗ​នេះ​។ ការ​ប្រកាស​ថា​នឹង​មាន​ការ​បើក​សន្លឹក​កិច្ចការ​យក​មក​ពិនិត្យ​ឡើង​វិញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សិស្ស​មួយ​ចំនួន បាន​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ នៅ​ថ្ងៃ​ម្សិល​មិញ​នេះ ស្នើ​សុំ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​សន្លឹក​កិច្ចការ​ឡើង​វិញ ជា​ពិសេស​គឺ​មុខ​វិជ្ជា​គណិតវិទ្យា​។ 

សិស្សប្រឡងគណិតវិទ្យាធ្លាក់ ទាមទារ រកយុត្តិធម៌លើកំណែកិច្ចការ ប្រឡងគណិត កាលពីថ្ងៃទី ១០ ខែកញ្ញា។
សិស្សប្រឡងគណិតវិទ្យាធ្លាក់ ទាមទារ រកយុត្តិធម៌លើកំណែកិច្ចការ ប្រឡងគណិត កាលពីថ្ងៃទី ១០ ខែកញ្ញា។ @FB/ Cheng Sok Eng
ផ្សាយពាណិជ្ជកម្ម

លោក ហង់ ជួនណារ៉ុន រដ្ឋ​​មន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់​ថា ក្រសួង​នឹង​បើក​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​គណិត​វិទ្យា របស់​បេក្ខជន​មួយ​ចំនួន​ ដែល​ប្តឹង​តវ៉ា​មិន​សុខចិត្ត​ចំពោះ​ពិន្ទុ​នៃ​មុខ​វិជ្ជា​ខ្លះ ប្រកាស​ដោយ​ក្រសួង។

ការ​លើក​ឡើង​របស់​លោក​រដ្ឋ​​មន្ត្រី ក្រសួង​អប់រំ​នេះ ធ្វើ​ឡើង​បន្ទាប់​មាន​បេក្ខជន​មួយ​ចំនួន នៅ​តាម​បណ្តា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​សុំ​ឱ្យ​មាន​ដំណោះ​ស្រាយ​ពី​ខាង​ក្រសួង​អប់​រំ តាម​រយៈ​ការ​ស្នើ​ពិនិត្យ​សន្លឹក​កិច្ច​របស់​ពួក​គេ​ឡើង​វិញ ជា​ពិសេស​គឺ​មុខ​វិជ្ជា​គណិតវិទ្យា​។

ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់​ថា សម្រាប់​សិស្ស ដែល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា ទុតិយភូមិ ឬ​បាក់ឌុប សម័យ​ប្រឡង​ថ្ងៃ​ទី ២០ ខែ​សីហា ដែល​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល អាច​មក​ដាក់​ពាក្យ​តវ៉ា​ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​បាន​។ ការ​តវ៉ា​អំពី​លទ្ធផល​ប្រឡង​បាក់ឌុប ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ ពាក្យ​ស្នើ​សុំ (ឈ្មោះ លេខតុ លេខបន្ទប់ មណ្ឌល) ពិន្ទុ​ប្រចាំ​ឆ្នាំ​នៅ​វិទ្យាល័យ ​លទ្ធផល​ប្រឡង​បាក់ឌុបដែល​ក្រសួង​ទើប​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ និង​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង ។

លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុប​សម្រាប់​ឆ្នាំ​២០១៨​នេះ មាន​បេក្ខជន​សរុប​ជាង​៧ម៉ឺន​នាក់ ​ស្មើ​នឹង ៦៦.២១% បាន​ប្រឡង​ជាប់ ក្នុង​ចំណោម​បេក្ខជន​សរុប​ជាង​១១ម៉ឺន​នាក់។ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​វាយ​តម្លៃ​ជា​ទូ​ទៅ​ថា ដំណើរ​ការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ និង​ពុំ​មាន​ឧបសគ្គ​អ្វី​គួរ​ឲ្យ​កត់​សំគាល់​នោះ​ឡើយ រាប់​ទាំង​ដំណើរ​ការ​នៃ​ការ​ប្រឡង ដំណើរការ​នៃ​សំណេរ កំណែ និង​ការ​ស្រង់​បូក​ពិន្ទុ​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ការ​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៨ សិស្ស​មួយ​ក្រុម​នៅ​ក្នុង​ខេត្ត​កំពត បាន​លើក​គ្នា​ទៅ​តវ៉ា​នៅមុខ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពត និង​សិស្ស​មួយក្រុម​ផ្សេង​ទៀត នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១០​ខែ​កញ្ញា បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ក្រសួង​អប់​រំ​ដើម្បី​ស្នើ​សុំ​សើ​រើ​លទ្ធផល​នៃ​ការ​ប្រឡង​មុខ​វិជ្ជា​គណិតវិទ្យា​។ ពួកគេ​ ​អះ​អាង​ថា ធ្វើ​បាន​ល្អ​នៅ​ពេល​ប្រឡង ប៉ុន្តែ​លទ្ធផល​បែរ​ជា​ធ្លាក់​ទៅ​វិញ​។ លទ្ធផល​ធ្លាក់​មុខ​វិជ្ជា​គណិតវិទ្យា​យ៉ាង​ដូច្នេះ ធ្វើ​អោយ​ពួក​គេ​ជួប​បញ្ហា នៅ​ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍ នៅ​តាម​បណ្តា​សាកល​វិទ្យាល័យ​នា​នា។ ចំណែក​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​វិញ បេក្ខជន លោកគ្រូ អ្នកគ្រូ ដែល​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​លទ្ធផល​ប្រឡង ក៏​បាន​សរសេរ​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​អ្នក​ខ្លះ​ទៀត​សរសេរ​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​លោក រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ