អានតួអត្ថបទ
កម្ពុជា-នយោបាយ

២​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប អូស្ត្រាលី​ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​នយោបាយ​កម្ពុជា​ដែរ

ជា​ថ្មី​ម្តង​ទៀត​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្ត​នូវ​ស្ថានការណ៍​នយោបាយ​ថ្មីៗ​របស់​កម្ពុជា និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។ ការ​សម្តែង​ការ​ព្រួយ​បារម្ភ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល តុលាការ​កំពូល​កំពុង​ចាត់​ការ​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សេចក្តី​ស្នើ​វិសោធនកម្ម ច្បាប់​ស្តី​ពី​ការ​បែង​ចែក​អាសនៈ​រដ្ឋសភា​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ឲ្យ​ទៅ​គណបក្ស​ផ្សេង។

អូស្ត្រាលីសម្តែងការព្រួយបារម្ភចំពោះនយោបាយកម្ពុជា
អូស្ត្រាលីសម្តែងការព្រួយបារម្ភចំពោះនយោបាយកម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទើប​បាន​ទទួល​នៅ​ថ្ងៃ​នេះ ស្ថានទូត​អូស្ត្រាលី​នៅ​ទី​ក្រុង​ភ្នំពេញ បាន​លើក​ឡើង​ថា អូស្ត្រាលី​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​បាន​បង្ហាញ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា នូវ​ការ​ព្រួយ​បារម្ភ​ជុំវិញ​ការ វិវត្ត​នយោបាយ​នា​ពេល​ថ្មីៗ​នេះ។ ស្ថានទូត​អូស្ត្រាលី​ចាប់​អារម្មណ៍​ថា​សកម្មភាព​ថ្មី​បំផុត​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​រំលាយ​នូវ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​បន្ត​ទៀត។

លើស​ពី​នេះ ការ​ឈាន​ទៅ​រក​ការ​លុប​ចោល​គណបក្ស​ប្រឆាំង​ធំ​ចំបង​នឹង​ក្លាយ​ជា​ជំហាន​ថយ​ក្រោយ​មួយ​នៅ​ក្នុង​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​ជះ​ឥទ្ធិពល​ដល់​ការ​ទទួល​បាន​ការ​បោះ​ឆ្នោត​ជាតិ​ដែល​សេរី យុត្តិធម៌ និង​មាន​តម្លាភាព​នា​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

ជាមួយ​គ្នា​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​ហៅ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​ទាក់​ទង​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​គឺ​ជា​សិទ្ធិ​របស់​ពួក​គេ ក៏​ប៉ុន្តែ​កម្ពុជា​ចង់​បាន​ប្រជាធិបតេយ្យ​មួយ​ដែល​មិន​ស្ថិត​ក្រោម​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​ណា​មួយ​ឡើយ។ បន្ថែម​ពី​នេះ​លោក​ផៃ ស៊ីផាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ព្យាយាម​ពន្យល់​បរទេស​ទាំង​នោះ ខណៈ​ដែល​ពួក​គេ​គឺ​ជា​ដៃគូ​ពិភាក្សា​និង​ជា​ដៃ​គូ​អភិវឌ្ឍន៍​របស់​កម្ពុជា។

ទោះ​យ៉ាង​ណា អូស្ត្រាលី សូម​លើក​ទឹក​ចិត្ត​ដល់​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​អំណោយ​ផល​និង ប្រកប​ដោយ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា ដើម្បី​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ។ វិស័យ​ព័ត៌មាន​ដ៏​រស់​រវើក សង្គម​ស៊ីវិល​ដែល​សកម្ម និង​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​អាច​ជឿ​ជាក់​បាន​ជា​សង្គម​ប្រជាធិបតេយ្យ។

សូម​បញ្ជាក់​ថា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ស្ថានឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ នូវ​អ្វី​ដែល​បណ្តុំ​ប្រទេស​អឺរ៉ុប​២៨​ប្រទេស យល់​ថា​ជា​ការ​ដក​យក​ចេញ​ដោយ​បង្ខំ​ពី​ឆាក​នយោបាយ​នៃ​គណបក្ស​មួយ​ដែល​បាន​ឈ្នះ​សម្លេង​ឆ្នោត​ប្រជាពលរដ្ឋ​ជាង​៤០% នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ កាល​ពី​ពេល​ថ្មីៗ​នេះ និង​អាច​ជា​ការ​វាយ​បក​យ៉ាង​ធ្ងន់​ធ្ងរ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​អាច​បាត់​បង់​នូវ​កិត្យានុភាព​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ