rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុម​សមាជិក​សភា​អាស៊ាន​រិះគន់​ការ​បំភិត​បំភ័យ​ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​របស់​អាជ្ញាធរ​កម្ពុជា

media
ក្រុម​សមាជិក​សភា​អាស៊ាន

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​(APHR)នៅ​ថ្ងៃ​ទី​១២ មិថុនា​នេះ បាន​ចេញ​មុខ​រិះគន់​ចំពោះ​ការ​បំភិត​បំភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ពួក​គេ​អះអាង​ថា​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​រិះគន់​នេះ​ទេ ដោយ​អះអាង​ថា ក្រុម​សមាជិក​សភា​អាស៊ាន​នេះ ជា​ក្រុម​លម្អៀង​ទៅ​រក​អតីត​បក្ស​ប្រឆាំង។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​សុខ ឥសាន បាន​បញ្ជាក់​ថា​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នា​ពេល​កន្លង​មក មិន​មែន​ជា​ការ​បំភិត​បំភ័យ​អ្វី​ឡើយ។


តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​នឹង​សេចក្តី​រាយការណ៍​នានា​ស្តី​ពី​ការ​បំភិត​បំភ័យ និង​វិធានការ​បង្រ្កាប​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នឹង​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​​ទី​២៩ ខែ​កក្កដា ខាង​មុខ​នេះ។ ក្រុម​សមាជិក​សភា​អាស៊ាន​បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា​នេះ​ថា បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត និង​ថា ជម្រើស​របស់​ពលរដ្ឋ​ក្នុង​ការ​ទៅ​ឬ​ក៏​មិន​ទៅ​បោះ​ឆ្នោត​នោះ​ត្រូវ​តែ​ទទួល​បាន​ការ​គោរព។

សូម​កត់​សម្គាល់​ថា ​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​អាជ្ញាធរ​កម្ពុជា​បាន​បំភិត​បំភ័យ​ដល់​ប្រជាពលរដ្ឋ​នោះ គឺ​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ដែល​នឹង​ឃ្លាំ​មើល និង​គ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ​តាម​អនឡាញ​ដើម្បី​ការងារ​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ តួ​យ៉ាង​ដូច​ការ​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ដោយ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជា​ដើម។ បន្ថែម​លើ​នេះ កាល​ខែ​មុន មន្រ្តី​ជាន់​គណបក្ស​កាន់​អំណាច​មួយ​រូប​បាន​និយាយ​ជា​សាធារណៈ​ថា បុគ្គល​ណា​ដែល​មិន​មាន​ស្នាម​ប្រឡាក់​ទឹក​ខ្មៅ​លើ​ម្រាម​ដៃ​នឹង​ត្រូវ​សម្គាល់​ថា ជា​ជន​ឧទ្ទាម និង​ជា​ជន​ក្បត់​ជាតិ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស។

លោក​Charles Santiago ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​កាន់​តែ​បង្ហាញ​ច្បាស់​ទៅ​តាម​ការ​ព្រួយ​បារម្ភ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត។ លោក​បាន​បន្ថែម​ទៀត​ថា វា​នឹង​ប៉ះ​ពាល់​ដល់​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ។ សម្រាប់​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បរិយាកាស​នៃ​គំរាម​កំហែង​នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​លើ​ការ​បោះ​ឆ្នោត​រួច​ទៅ​ហើយ​ថា មាន​ភាព​សេរី​តិច​តួច។

ក៏​ប៉ុន្តែ លោក​សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​លើក​ឡើង​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​នេះ​ទេ។ មិន​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​លោក​ចាត់​ទុក​ថា​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​មាន​ភាព​លម្អៀង​ទៅ​រក​អតីត​បក្ស​ប្រឆាំង។ សម្រាប់​លោក​សុខ ឥសាន អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ គឺ​ក្នុង​គោល​បំណង​ការពារ​សន្តិសុខ​ជាតិ និង ធ្វើ​តាម​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នាៗ​តែ​ប៉ុណ្ណោះ។

ក៏​ប៉ុន្តែ​លោក​Charles Santiago បាន​អះអាង​ថា នៅ​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​បដិសេធ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​នយោបាយ និង​ចូល​រួម​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​បញ្ហា​នេះ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ក៏​បាន​អះអាង​ដែរ​ថា អវត្តមាន​អតីត​បក្ស​ប្រឆាំង​គឺ​ជា​ការ​រារាំង​ដំណើរ​ការ​បោះ​ឆ្នោត​ពី​ភាព​យុត្តិធម៌​ឬ​ក៏​អាច​ទុក​ចិត្ត​បាន។ ដូច្នេះ​ហើយ​ពួក​គេ​បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ដំណើរ​ការ​បក្ស​នេះ​ឡើង​វិញ និង​ដោះ​លែង​លោក​កឹម សុខា​ផង​ដែរ៕