អានតួអត្ថបទ
កម្ពុជា-សង្គម

​ជន​ជាតិ​ចិន​ជាង​១០០​នាក់​ទៀត​ហើយ ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​ពាក់​ព័ន្ធ​ករណី​ល្បែង​ស៊ី​សង​តាម​អ៊ីន​ធឺ​ណិត​

ជន​ជាតិ​ចិន​ប្រុស ស្រី​ចំនួន​១០៥​នាក់ ត្រូវ​បាន​នគរបាល​អន្តោ​ប្រវេសន៍​ឃាត់​ខ្លួន ពាក់​ព័ន្ធ​ករណី​ប្រព្រឹត្ត​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​(VOIP) កាល​ពី​រសៀល​ថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០១៩​។ ការ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​នេះ ធ្វើ​ឡើង​នៅ​អគារ​ពាណិជ្ជ​កម្ម SUNTOWN សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។ 

ជនជាតិចិនដែលត្រូវបានចាប់ខ្លួននោះ
ជនជាតិចិនដែលត្រូវបានចាប់ខ្លួននោះ @នគរបាល
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ឃាត់​ខ្លួន ជន​ជាតិ​ចិន​ទាំង​ប្រុស ស្រី ត្រូវ​បាន កម្លាំង​នគរ​បាល​អន្តោ​ប្រវេសន៍​បញ្ជូន​ទៅ​នាយក​ដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត​តាម​ច្បាប់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ កាល​ពី​យប់​ថ្ងៃ​ទី០៩ ខែកញ្ញា​។

លោក​វរ​សេនីយ៍​ទោ ជា ចិត្រា នាយិការិយាល័យ​ស៊ើប​អង្កេត និង​អនុវត្ត​នីតិ​វិធី ផែន​ការ​ងារ​អន្តោ​ប្រវេសន៍​បាន​បញ្ជាក់​ថា​ក្នុង​ប្រតិ​បត្តិ​ការ​ខាង​លើ​បាន​ពិនិត្យ​រក​ឃើញ​ជន​ជាតិ​ចិន​សរុប​ចំនួន​១០៥​នាក់ ក្នុង​នោះ​មាន​ស្រី​១០​នាក់ ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ស្នាក់​នៅ​ខុស​ច្បាប់ និង​សង្ស័យ​ប្រព្រឹត្ត​ល្បែង​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត (VOIP)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​។

លោក​នាយក​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា កន្លង​ទៅ បាន​សម្រេច​ឈប់​ផ្ដល់​អាជ្ញា​ប័ណ្ណ​សម្រាប់​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិច​ត្រូ​និក និង​តាម​អ៊ីន​ធឺណិត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ សារាចរ​ណែ​នាំ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋា​ភិបាល លោក ហ៊ុន សែន នោះ បាន​លើក​ឡើង​ថា ពួក​ឧក្រិដ្ឋ​ជន​បរទេស​មួយ​ចំនួន បាន​ជ្រក​ក្រោម​រូប​ភាព​ល្បែង​ភ្នាល់​ប្រភេទ​នេះ ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀប​រយ​សង្គម​។

ការ​ចេញ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ចិន​ខ្ទង់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃទី៣១ ខែសីហា​។ នេះ​បើ​ផ្អែក​តាម​របាយ​ការណ៍​របស់​អាជ្ញាធរ​កម្ពុជា​។

សូម​ជម្រាប​ជូន​ថា ត្រឹម​ខែ​សីហា កន្លង​ទៅ មាន​ជន​ជាតិ​ប្រមាណ​ជិត​៣០០​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ប្រទេស​កម្ពុជា ពាក់​ព័ន្ធ​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត (VOIP)។ ភាគ​ច្រើន​នៃ​ជន​ជាតិ​ចិន ដែល​រក​ឃើញ​ថា​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ជំរិត​ទារ​ប្រាក់ ត្រូវ​បាន​អាជ្ញាធរ​ចិន​មក​ទទួល​យក​ពួក​គេ​តាម​ជើង​យន្ត​ហោះ​ទៅ​ប្រទេស​ចិន​វិញ​។

ទិន្នន័យ​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ទទួល​បាន​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឲ្យ​ដឹង​ថា ជន​ជាតិ​ចិន ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​សរុប​រហូត​មក​ដល់​ពេល​នេះ​មាន​ ២ ៥៨៧នាក់ ហើយ​សម្រាប់​រយៈពេល​៨ខែ​ដើម​ឆ្នាំ​២០១៩​នេះ មាន​ជនជាតិ​ចិន ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ចំនួន​ ៧១៦នាក់​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ