អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​បន្ត​កើន​ឡើង ខណៈ​មាតុ​ភូមិ​និវត្តន៍​របស់​ លោក សម រង្ស៊ី ខិត​ជិត​ចូល​មក​ដល់​

សកម្មជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​បាន​ចាប់​ខ្លួន កាល​ពីថ្ងៃទី ១៧ តុលា ពីបទ «រួម​គំនិត​ក្បត់»។ សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី ១៨ តុលា ការ​ចាប់​ខ្លួន​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​បន្ត​កើន​ឡើង ខណៈ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​សល់​តែ​ជាង​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ 

លោក ធឹង សំបាន ត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន ពីបទ «រួមគំនិតក្បត់»
លោក ធឹង សំបាន ត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន ពីបទ «រួមគំនិតក្បត់» @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ធឹង សំបាន អតីត​ប្រធាន​ប្រតិបត្តិ​និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចាប់​ខ្លួន កាល​ពីថ្ងៃទី ១៧ តុលា ពីបទ «រួម​គំនិត​ក្បត់»។ យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ឧត្តរ​មាន​ជ័យ ចុះ​ថ្ងៃទី ១៤ តុលា​ លោក ធឹង សំបាន អាយុ​៦០​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ «រួម​គំនិត​ក្បត់» តាម​មាត្រា ៤៥៣​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា តាម​រយៈ​ការ​ធ្វើ​សកម្មភាព​ប្រមូល​ផ្តុំ​កម្លាំង ញុះ​ញង់​គៀង​គរ​កម្លាំង ឲ្យ​ទៅ​ចូល​រួម​ចលនា​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ​នេះ​។

អ្វីជា​ការ​កត់​សំគាល់ ការ​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​បាន​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​កាល​បរិច្ឆេទ​នៃ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាន់​តែ​ខិត​ជិត​មក​ដល់​។ គិត​ត្រឹម​ថ្ងៃទី ១៨ តុលា​នេះ យ៉ាង​ហោច​ណាស់​មាន​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង ៤៧​នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​១៨៣​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ហើយ​កំពុង​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​គៀង​គរ​មនុស្ស​ត្រៀម​ទៅ​ទទួល ឬ​ចូល​រួម​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី ០៩ វិច្ឆិកា​។ ជា​អ្វី​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​។

គួរ​ជំរាប​ជូន​ថា លោក ធឹង សំបាន គឺ​ជា​អតីត​សកម្មជន​គណ​បក្ស​ប្រឆាំង​ចុង​ក្រោយ​គេ គិត​ត្រឹម​ថ្ងៃទី ១៨ តុលា ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន ក្នុង​បទ​ចោទ «រួម​គំនិត​ក្បត់»។ តាម​រយៈ​បទ​ចោទ​នេះ លោក ធឹង សំបាន ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី០៥ឆ្នាំ​ទៅ​១០ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា កាល​ពីខែកញ្ញា ឆ្នាំ ២០១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ